កាល​ពី​ថ្ងៃ​សុក្រ​ ទី​១៣​ ប្រទេស​ចិន ​បាន​អបអរ​សាទរ​លោក​ Joe ​Biden​ ជា​ផ្លូវ​ការ​ក្នុង​ការ​ទទួល​ជ័យជម្នះ​ពី​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​ប្រទេស​ភាគ​ច្រើន​ជុំវិញ​ពិភព​លោក​ បាន​ធ្វើ​ការ​អបអរ​សាទរ​រួច​ទៅ​ហើយ​។​

អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ ​គឺ​ថា​សារ​នៃ​ការ​គាំទ្រ​នេះ​គឺ​មិន​មែន​មក​ពី​ប្រធានាធិបតី​ចិន​លោក Xi ​Jinping ​ដោយ​ផ្ទាល់​ដូច​កាល​ពី​ឆ្នាំ ២០១៦ ទេ ​តែ​គឺ​មក​ពី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Wang-Wenbin ​ដោយ​លោក​បាន​និយាយ​ថា​៖​ «យើង​គោរព​ជម្រើស​របស់​ប្រជាជន​អាមេរិក។​ យើង​សូម​សម្ដែង​ការ​អបអរ​សាទរ​ចំពោះ​លោក ​Biden ​និង​លោកស្រី Harris​ ហើយ​យើង​ក៏​យល់​ផង​ដែរ​ថា​ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​បាន​សម្រេច​ស្រប​តាម​ច្បាប់ ​និង​នីតិវិធី​របស់​អាមេរិក​»​។​

ចាប់​តាំង​ពី​លោក​ Trump ​ឡើង​កាន់​អំណាច​មក​ទំនាក់​ទំនង​អាមេរិក-​ចិន​ កាន់​តែ​អាក្រក់​ទៅៗ​ជាមួយ​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​ទាក់ទង​ទំនិញ​នាំចូល​ និង​ការ​ដាក់​ទណ្ឌកម្ម​វិស័យ​បច្ចេកវិទ្យា​ចិន​។​ ​ចំណុច​ប៉ះ​ទង្គិច​ផ្សេង​ទៀត​រួមមាន​សមុទ្រ​ចិន​ខាង​ត្បូង ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ហុងកុង​ និង​ស៊ីនជាំង​ជា​ដើម​។​

ទំនាក់ទំនង​រវាង​ចិន​-អាមេរិក​ អាច​នឹង​នៅ​តែ​តានតឹង​ក្រោម​រដ្ឋបាល​លោក​ Biden ​ដោយសារ​នៅ​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​លោក​បាន​បង្ហាញ​ថា ​លោក​នឹង​រឹត​បន្តឹង​គោល​នយោបាយ​ដាក់​សម្ពាធ​លើ​ចិន​ និង​បាន​សន្យា​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ ជប៉ុន​ កូរ៉េ​ខាង​ត្បូង ​និង​អូស្ត្រាលី​។​

ប្រទេស​ចិន​ គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ភាគ​ច្រើន​ជុំវិញ​ពិភព​លោក​ ​ដែល​បាន​ចូលរួម​អបអរ​សាទរ​ជ័យជម្នះ​ការ​បោះ​ឆ្នោត​របស់​លោក​ Biden​។​ បើ​តាម​គេហទំព័រ ​Axios ​ចាប់​តាំង​ពី​ពេល​លោក Biden​ ត្រូវ​បាន​ប្រកាស​ថា​ ទទួល​ជ័យជម្នះ​មេ​ដឹកនាំ​ប្រទេស​ចំនួន ១៥៩​ បាន​អបអរ​សាទរ​លោក ឬ​ទទួល​ស្គាល់​ថា​ លោក​បាន​ឈ្នះ​។ ​ក្នុង​ចំណោម​ប្រទេស​ទាំង​នេះ​មាន​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​អាមេរិក​ដូច​ជា ​កាណាដា​ អង់គ្លេស​ បារាំង​ អាល្លឺម៉ង់​ អូស្ត្រាលី ​ជប៉ុន​ និង​កូរ៉េ​ខាង​ត្បូង​ជា​ដើម​ ហើយ​ក៏​រួម​មាន​ ប្រទេស​ដែល​កំពុង​មាន​ភាព​តានតឹង​ជាមួយ​អាមេរិក​ផង​ដែរ​ ដូច​ជា​ អ៊ីរ៉ង់​ វ៉េណេស៊ុយអេឡា ​(ទាំង​លោក ​Nicholas ​Maduro​ និង​លោក​ Juan ​Guaido​)​ ហើយ​បន្ទាប់​មក​គឺ​ចិន​។​

មាន​ប្រទេស​ចំនួន ​៤ ​ដែល​បដិសេធ​អបអរ​សាទរ​លោក Biden ​ដោយសារ​ពួក​គេ​រង់ចាំ​ដល់​នីតិវិធី​ការ​បោះ​ឆ្នោត​បាន​បញ្ចប់​អស់ ​ឬ​ដោយសារ​ពួក​គេ​បដិសេធ​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​។​ ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir ​Putin ​និង​ប្រធានាធិបតី​ម៉ិកស៊ិក លោក ​Lopez ​Obrador​ បាន​បង្ហាញ​ថា​ ពួក​គេ​គឺ​រង់ចាំ​ដល់​នីតិវិធី​បោះ​ឆ្នោត​បាន​បញ្ចប់​រួច​រាល់​ហើយ​អស់​។​

រី​ឯ​ប្រធានាធិបតី​បេឡារុស​លោក​ Alexander​ Lukashenko ​បាន​និយាយ​ថា​៖ ​«​អ្នក​ការពារ​លទ្ធិប្រជាធិបតេយ្យ​...​ក្រឡេក​ទៅ​មើល​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ជាមួយ​ការ​បោះឆ្នោត​នេះ​។​ វា​ជា​ការ​អាម៉ាស់​មួយ​ ហើយ​ជា​ការ​ចំអក​មួយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​»​។​

ប្រធានាធិបតី​ប្រេស៊ីល​លោក Jair ​Bolsonaro​ ដែល​មាន​គោល​នយោបាយ​ស្ដាំ​និយម​ស្រដៀង​លោក​ Trump ​នៅ​តែ​ហៅ​លោក Biden​ថា ជា​បេក្ខជន​ ​ហើយ​អ្នក​ទាំង ​២ នាក់​នេះ​ បាន​គំរាម​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​លោក​ Biden ​កាល​ពី​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​លោក​បាន​និយាយ​ថា ​ប្រទេស​ប្រេស៊ីល ​អាច​ប្រឈម​មុខ​នឹង​ «​ផល​វិបាក​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​»​ បើ​សិន​មិន​អាច​ការពារ​ព្រៃ​អាម៉ាហ្សូន​ រី​ឯ​លោក​ Bolsonaro​ ថ្មី​ៗ​នេះ ​បាន​ឆ្លើយ​តប​វិញ​ថា​៖ ​«​នៅ​ពេល​អស់​ទឹក​មាត់​និយាយ ​មនុស្ស​ត្រូវ​មាន​រំសេវ​កាំភ្លើង​»​។​

នៅ​សល់​ប្រទេស​ចំនួន ​៣២ ​ទៀត​ ដែល​មិន​ទាន់​បញ្ចេញ​ជា​សាធារណៈ​ថា​ ទទួល​ស្គាល់ ​ឬ​បដិសេធ​ថា​ លោក​ Biden ​ទទួល​បាន​ជ័យជម្នះ​។​

យ៉ាង​ណា​មិញ ​មក​ដល់​ពេល​នេះ ​លោក ​Biden​ ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ដំណើរការ​ផ្ទេរ​អំណាច​ ដែល​រួម​មាន​ការ​ធ្វើ​ទំនាក់ទំនង​ជាមួយ​មេ​ដឹកនាំ​ជុំវិញ​ពិភព​លោក​តាមរយៈ​ក្រសួង​ការ​បរទេស​អាមេរិក​ តែ​រដ្ឋបាល​លោក​ Trump ​បាន​បដិសេធ​មិន​ឱ្យ​ស្ថាប័ន​រដ្ឋាភិបាល​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​លោក Biden​ ខណៈ​ពេល​ដែល​ប្រធានាធិបតី​រូប​នេះ​ នៅ​មិន​ទាន់​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ ហើយ​បន្ត​ការ​តវ៉ា​ដោយ​មិន​មាន​ភ័ស្តុតាង​បង្ហាញ​ថា​ មាន​ការ​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​៕​