កាល​ពី​ថ្ងៃ​សៅរ៍​ ប្រទេស​ចិន ​បាន​ចាត់​វិធានការ​ថ្មី​ប្រឆាំង​នឹង​ការ​អនុវត្ត​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​បរទេស ដោយ​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ចិន​ដែល មាន​ទីតាំង​លើ​ទឹក​ដី​បរទេស​ក្នុង​ការ​ធ្វើ​ជំនួញ​ជាមួយ​ប្រទេស​ចិន ​ទាំង​មូល​ជា​ពិសេស​ប្រឆាំង​នឹង​ការ​រឹត​បន្តឹង​បន្ថែម​ថ្មីៗ​នេះ​ពី​សំណាក់​ទីក្រុង​វ៉ាស៊ីនតោន​។

វិធានការ​ថ្មី​ ឬ​ហៅ​ថា ​វិធាន​ស្តីពី​ការ​ប្រឆាំង​នឹង​ការ​អនុវត្ត​វិសោធនកម្ម​ក្រៅ​ច្បាប់​ដែល​មិន​សម​ហេតុផល​នៃ​ច្បាប់​បរទេស​ និង​វិធានការ​ផ្សេង​ទៀត​សំដៅ​លើ​ការ​អនុវត្ត​ចំពោះ​កាលៈទេសៈ​ណា​មួយ​ដែល «ហាម​ឃាត់​ឬ​ដាក់​កម្រិត​មិន​ត្រឹមត្រូវ» លើ​បុគ្គល​ចិន​ក្រុមហ៊ុន​ និង​​ស្ថាប័ន​នានា​ពី​ការ​ធ្វើ​សកម្មភាព​​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ និង​សកម្មភាព​​ដែល​ពាក់ព័ន្ធ​ជាមួយ​ភាគី​ពី​ប្រទេស​ទី៣។ ​វិធានការ​នេះ​ផង​ដែរ​ នឹង​ត្រូវ​អនុវត្ត​ និង​មាន​ប្រសិទ្ធភាព​ចាប់​ពី​ថ្ងៃ​សៅរ៍​ទៅ។​ នេះ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​ចិន​នៅ​ថ្ងៃ​ដដែល​នេះ។

ក្រសួង​បាន​ឱ្យ​ដឹង​ថា៖ ​«វិធានការ​ថ្មី​នេះ​អនុវត្ត​ឡើង​ក្នុង​បំណង​ការពារ​ផល​​ប្រយោជន៍​ជាតិ​ចៀសវាង​ឬ​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សហគ្រាស​ចិន​ និង​រក្សា​សណ្តាប់​ធ្នាប់​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម​អន្តរជាតិ​ឱ្យ​នៅ​ជា​ប្រក្រតី​ធម្មតា»។

ក្រោម​ការ​អនុវត្ត​វិធានការ​​ថ្មី​នេះ​បុគ្គល​ចិន ​ឬ​ស្ថាប័ន​នានា​គួរ​តែ​រាយការណ៍​ទៅ​ក្រសួង​ក្នុង​រយៈពេល ​៣០ ថ្ងៃ​បន្ទាប់​ពី​អាជីវកម្ម​របស់​ខ្លួន​រង​ផល​ប៉ះពាល់​ដោយ​ច្បាប់​អនុលោម​ភាព​​បរទេស។​ បន្ទាប់​មក​អាជ្ញាធរ​នឹង​វាយ​តម្លៃ​ថា​ តើ​ការ​អនុ​លោម​នេះ​រំលោភ​លើ​ច្បាប់​អន្តរជាតិ ​និង​បទដ្ឋាន​មូលដ្ឋាន​​នៃ​ទំនាក់ទំនង​អន្តរជាតិ និង​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​លើ​អធិបតេយ្យភាព​សន្តិសុខ​ និង​ការ​អភិវឌ្ឍ​ជាតិ​របស់​ចិន​មែន ​ឬ​យ៉ាងណា?

ប្រសិន​បើ​មែន​ ក្រសួង​នឹង​ចេញ​​ ​សេចក្តី​បង្គាប់​ប្រឆាំង​នឹង​ការ​ទទួល​ស្គាល់​​ការ​អនុវត្ត ​និង​ការ​​​គោរពច្បាប់​ និង​វិធានការ​បរទេស។​ ដំណើរការ​នៃ​ការ​រាយការណ៍​នឹង​ត្រូវ​រក្សា​ការ​សម្ងាត់​បើ​ចាំបាច់ (យោង​ទៅ​តាម​ខ្លឹមសារ​របស់​​​វិធានការ)។

មាត្រា ៨ ​នៃ​វិធានការ​ថ្មី​នេះ​បាន​ចែង​ថា ​បុគ្គល ​និង​នីតិបុគ្គល​អាច​ដាក់​ពាក្យ​សុំ​ទៅ​ក្រសួង ​ដើម្បី​លើកលែង​ពី​វិធាន​របស់​ច្បាប់​អនុលោមភាព​បរទេស​​ហើយ​​សេចក្តី​សម្រេច​លើពាក្យ​សុំ​នេះ ​ត្រូវ​ធ្វើ​ក្នុង​រយៈពេល ​៣០ ថ្ងៃ។

ចំណែក​ឯ​រដ្ឋាភិបាល​ចិន​ក៏​នឹង​​ចាត់​វិធានការ​តបត​ទៅ​វិញ​ដែរ ​ក្នុង​ករណី​ចាំបាច់​ណា​មួយ។

ទោះបី​ជា​ភាគី​ចិន​មិន​បាន​បញ្ជាក់​ច្បាស់​ថា​ ប្រទេស​ណា​ខ្លះ​ដែល​នឹង​ត្រូវ​អនុវត្ត​វិធានការ​នេះ​ក៏​ដោយ ក៏​ក្រុមហ៊ុន​ចិន​នៅ​លើ​ពិភព​លោក​អាច​នឹង​​ក្លាយ​ទៅ​ជា​ចំណុច​កណ្តាល​​នៃ​ការ​ប្រជែង​សេដ្ឋកិច្ច​គ្នា​រវាង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​និង​រដ្ឋាភិបាល​ចិន​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ​។ ​ជា​ឧទាហរណ៍​ស្រាប់ សង្គ្រាម​ពាណិជ្ជកម្ម​របស់​ប្រធានាធិបតី ​Donald Trump​ ប្រឆាំង​នឹង​ជនជាតិ​ចិន​កាន់​តែ​មាន​សភាព​ខ្លាំង​ឡើង ក្រោយ​​រដ្ឋបាល ​Trump​ បាន​ហាម​ឃាត់​​ការ​លក់​បច្ចេកវិទ្យា​អាមេរិក​ទៅ​ឱ្យ​ក្រុមហ៊ុន ​Huawei ក្រុមហ៊ុន​ទូរ​គមនាគមន៍​យក្ស​ចិន​ និង​ក្រុមហ៊ុន​ដទៃ​ទៀត​។​

នេះ​ជា​បញ្ហា​ដល់​ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក​លោក ​Joe Biden ដែល​​ត្រូវ​សម្រេច​ចិត្ត​ថា ​តើ​ត្រូវ​បន្ត​ការ​រឹត​ត្បិត​​ដែល​បន្សល់​ដោយ​អាណត្តិ ​Trump ​ប្រឆាំង​នឹង​អាជីវកម្ម​ចិន​កាត់​បន្ថយ​ការ​​រឹត​ត្បិត ឬ​ត្រូវ​គិត​ឡើង​វិញ​ទាំង​ស្រុង​។

លោក ​Henry Gao សាស្រ្តាចារ្យ​ច្បាប់​មក​ពី​សាកល​វិទ្យាល័យ​គ្រប់គ្រង​​សិង្ហបុរី ​និង​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​បាន​និយាយ​ថា៖ «នេះ ​គឺ​ជា​ការ​ដាក់​ឱ្យ​ក្រុម​ហ៊ុនធំៗ​ជា​ច្រើន​នៅ​កណ្ដាល​ចន្លោះ​ផ្ទាំង​ថ្ម​ និង​កន្លែង​ពិបាក​ពី​ព្រោះ​ក្រុមហ៊ុន​ទាំង​នេះ ​ត្រូវ​សម្រេច​ចិត្ត​ថា ​តើ​ត្រូវ​អនុវត្ត​តាម​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក ​ឬ​អនុវត្ត​វិធានការ​ថ្មី​របស់​ចិន។​ ជម្រើស​មួយ​ណា​ក៏​ដោយក៏​ក្រុមហ៊ុន​ទាំង​នោះ​​​នៅ​តែ​ត្រូវ​ប្រឈម​នឹង​ការ​ខាតបង់​​ទីផ្សារ​ធំ​បំផុត​របស់​ខ្លួន​ដូច​គ្នា»។

លោក Nick Marro ​អ្នក​នាំមុខ​ផ្នែក​ពាណិជ្ជកម្ម​ពិភព​លោក​នៅ​អង្គភាព​ផ្នែក​សេដ្ឋកិច្ច​វៃ​ឆ្លាត​ក្នុង​ទីក្រុង​ហុងកុង​ បាន​និយាយ​ថា វិធានការ​​ថ្មី​នេះ​នឹង​ពិបាក​អនុវត្ត​​ពី​ព្រោះ​សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​ទីផ្សារ​សំខាន់​សម្រាប់​ក្រុមហ៊ុន​ភាគ​ច្រើន​ហើយ​អ្នក​បង្កើត​គោល​នយោបាយ​នានា​ដឹង​ច្បាស់​ណាស់​​អំពី​រឿង​នេះ។

លោក​បាន​បន្ថែម​ថា៖ «ប៉ុន្តែ​ការ​លេច​ឡើង​នូវ​វិធានការ​ថ្មី​របស់​ក្រសួង​បង្ហាញ​ពី​ការ​គិត​ជា​យុទ្ធសាស្រ្ត ដែល​អាច​បង្កើត​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​មួយ​រហូត​ដល់​ពេល​មួយ​ដែល​ធ្វើ​ឱ្យ​មន្ត្រី​មាន​ភាព​ងាយ​ស្រួល​ជាង​មុន ក្នុង​​ការ​បង្ខំ​ឱ្យ​ក្រុមហ៊ុន​រើស​យក​ភាគី​ខាង​ណា ​ដើម្បី​អនុវត្ត​ច្បាប់»។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ វិធានការ​​ថ្មី​នេះ​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​លោក​ Mike Pompeo រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​គំរាម​ដាក់​​ទណ្ឌកម្ម​បន្ថែម​ទៀត​ប្រឆាំង​នឹង​ប្រជាជន ​ឬ​អង្គភាព​ដែល​ពាក់ព័ន្ធ​នឹង​ការ​​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីក្រុង​ហុងកុង​នា​ពេល​ថ្មីៗ​នេះ។ យ៉ាង​ណាមិញ​នៅ​មិន​​ទាន់​មាន​ភាព​ជាក់​លាក់​​ណា​មួយ​ទេ​ថា​​ តើ​វិធានថ្មី​អាច​អនុវត្ត​ចំពោះ​ការ​រឹតត្បិត​ទាក់ទង​នឹង​ទីក្រុង​ហុងកុង​បាន​​ដល់​កម្រិត​ណា?

តួយ៉ាង​កាល​ពី​ពេល​ថ្មីៗ​នេះ​ ​រដ្ឋបាល​លោក Trump ​បាន​ហាម​ឃាត់​មិន​​ឱ្យ​សហរដ្ឋ​អាមេរិក​វិនិយោគ​ជាមួយ​​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ឡើយ​ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភាគ​ហ៊ុនធំៗ មួយ​​​ចំនួន​នៅ​ហុងកុង​ថែម​ទៀត​ផង​។

ដើម្បី​អនុវត្ត​តាម​ការ​បញ្ជាក់​ថ្មី​ស្តីពី​ការ​បញ្ជា​ទិញ​ក្រុមហ៊ុន​យក្ស​សន្ទស្សន៍​​ភាគ​ហ៊ុន ​រួម​មាន​ក្រុមហ៊ុន MSCI ​និង​ក្រុមហ៊ុន​​ FTSE ​Russell នឹង​ត្រូវ​ដក​ហូត​ភាគហ៊ុន​ដែល​បាន​ចុះ​បញ្ជី​នៅ​ហុងកុង ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន​ធំៗ​ ចំនួន ​៣ គឺ ​China Mobile China Telecom ​និង​ China Unicom។

ការ​ដក​ហូត​នេះ​នឹង​មាន​ប្រសិទ្ធភាព​​ចាប់​ពី​ថ្ងៃ​ចន្ទ​នេះ​ទៅ​មាន​ន័យ​ថា ​ភាគហ៊ុន​ទាំង​នោះ នឹង​លែង​ជា​ផ្នែក​នៃ​សន្ទស្សន៍​ដែល​តាមដាន​ដោយ​ការ​វិនិយោគ​សកល​នៃ​ប្រាក់​រាប់​លាន​កោដិ​ដុល្លារ​ទៀត​ហើយ។

ភាគហ៊ុន​របស់​ក្រុមហ៊ុន​ទាំង​ ៣​ ដែល​​បាន​ចុះ​បញ្ជី​នៅ​ទីក្រុង​ហុងកុង​បាន​លក់​អស់​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​សុក្រ ហើយ​ធ្វើ​ឱ្យ​មាន​ការ​ខាត​បង់​ដល់​ទៅ​ ១៣ ​ភាគរយ​ សម្រាប់​ក្រុមហ៊ុន​​ China Telecom ​​៧,៥ ភាគរយ​សម្រាប់​ក្រុមហ៊ុនChina Unicom​ និង​ជាង ៨ ភាគរយ សម្រាប់​ក្រុមហ៊ុន China Mobile នៅ​ក្នុង​រយៈពេល ៥ ថ្ងៃ៕