ក្រុង​ប៉េកាំងៈ ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ប្រទេស ​ចិន ​បាន​អំពាវនាវ​ឲ្យ​អាមេរិក​បញ្ឈប់​វិធានការ​ខុស​ឆ្គង​របស់​ខ្លួន​ទៅ​លើ​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​តទៅ​ទៀត​ ហើយ​​គោរព​សិទ្ធិ​ស្រប​ច្បាប់​ និង​ផល​ប្រយោជន៍​របស់​ភាគី​ទាំង ​២​​។​

ក្រុម​មេ​ដឹកនាំ​បារាំង​ អាល្លឺម៉ង់​ និង​អង់គ្លេស​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​បាន​ថ្លែង​ថា​ ពួក​គេ​ «​បាន​ព្រួយ​បារម្ភ​អំពី​ហានិភ័យ​ដែល​ផែនការ​សកម្មភាព​ទូលំទូលាយ​រួម​ (JCPOA) ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​នឹង​បរាជ័យ ​បន្ទាប់​ពី​ទណ្ឌកម្ម​ត្រូវ​បាន​ដាក់​ដោយ​អាមេរិក​ និង​ជា​លទ្ធផល​នៃ​ការ​សម្រេច​ចិត្ត​របស់​អ៊ីរ៉ង់​ដែល​លែង​គោរព​​លក្ខខណ្ឌ​សំខាន់ៗ​នៃ​កិច្ច​ព្រមព្រៀង​នេះ​​»​។​

ពួក​គេ​បាន​បញ្ជាក់​ថា​ គ្រប់​ភាគី​ទាំង​អស់​បាន​ព្រួយ​បារម្ភ​អំពី​បញ្ហា​នោះ​ ហើយ​គួរ​តែ​ទទួល​ខុស​ត្រូវ​ និង​ស្វែងរក​មធ្យោបាយ​នានា​ ដើម្បី​បញ្ឈប់​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​ និង​បន្ត​កិច្ច​ចរចា​ជាមួយ​គ្នា​តទៅ​ទៀត​។​

នៅ​ក្នុង​ការ​ឆ្លើយ​តប​នោះ​ អ្នក​នាំពាក្យ​លោក ​GengShuang​ បាន​ថ្លែង​ថា ​ភាព​តានតឹង​ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ បាន​បន្ត​ឡើង​កម្តៅ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ហើយ​ប្រទេស ​ចិន​ បាន​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ​ចំពោះ​​ស្ថានការណ៍​​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ហើយ​បាន​រក្សា​​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ​ និង​បាន​ប្តេជ្ញា​ចិត្ត​ដោយ​ខ្លួន​ឯង​ដើម្បី​ជួយ​បន្ធូរ​បន្ថយ​ភាព​តានតឹង​ទាំង​នោះ​។​

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​លោក ​GengShuang​ ថ្លែង​​អំពី​វិធានការ​របស់​អាមេរិក​ចំពោះ​អ៊ីរ៉ង់។ AFP

លោក ​Geng Shuang​ បាន​ថ្លែង​ថា ​ជា​ទូទៅ ​ប្រទេស ចិន​ បាន​ជឿជាក់​ថា​ ការ​អនុវត្ត​នៃ​ផែនការ JCPOA ​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​អនុឡោម​ទៅ​តាម​តម្រូវ​ការ​របស់​សេចក្តី​សម្រេច​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ គឺ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​តែ ​១ ​គត់ ​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ និង​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​នា​ពេល​បច្ចុប្បន្ន​​។​

លោក ​Geng Shuang​ បាន​អំពាវនាវ​ឲ្យ​ភាគី​ដែល​ពាក់ព័ន្ធ​បន្ត​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់ ​និង​អត់ធ្មត់​ឲ្យ​បាន​ច្រើន​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​តាមរយៈ​ការ​ចរចា​ស្ថិត​នៅ​ក្រោម​​ផែនការ ​JCPOA ​ដោយ​ចាប់​ផ្តើម​ឲ្យ​ពួក​គេ​ទទួល​ខុស​ត្រូវ ​និង​ធានា​ឲ្យ​មាន​តុល្យភាព ​និង​កាតព្វ​កិច្ច​នៃ​ផែនការ ​JCPOA នេះ​។​

លោក​បាន​អំពាវនាវ​ឲ្យ​អាមេរិក​បញ្ឈប់​វិធានការ​ខុស​ឆ្គង​របស់​ខ្លួន​តទៅ​ទៀត ​ទៅ​លើ​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ហើយ​ត្រូវ​គោរព​សិទ្ធិ​ស្រប​ច្បាប់ ​និង​ផល​ប្រយោជន៍​របស់​គ្រប់​ភាគី​ទាំង​នោះ​ មិន​ត្រូវ​បង្អាក់​ការ​អនុវត្ត​របស់​ផែនការ​ JCPOA ​ហើយ​ធ្វើ​ការ​ដើម្បី​ដំណោះ​ស្រាយ​នយោបាយ​ និង​ការ​ទូត​ចំពោះ​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។​

លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ហាស្សាន រូហានី ថ្លែង​ពាក់ព័ន្ធ​ការ​​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​លើ​ប្រទេស អ៊ីរ៉ង់​​​។ AFP

នៅ​ពេល​ឆ្លើយ​សំណួរ​មួយ​អំពី​​អង់គ្លេស​ ដែល​បាន​ឃាត់​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់ ​១ ​គ្រឿង​ ដែល​ខ្លួន​បាន​សង្ស័យ​ថា​នឹង​ដឹក​ប្រេង​នោះ​ទៅ​កាន់​ប្រទេស ​ស៊ីរី​ លោក​ Geng ​បាន​ថ្លែង​ថា​ ប្រទេស ​ចិន ​ជា​និច្ចកាល​បាន​​បញ្ជាក់​​ថា​ ប្រទេស​មួយ​គួរ​តែ​ប្រកាន់​ខ្ជាប់​នូវ​​បទដ្ឋាន​ច្បាប់​អន្តរជាតិ​ជា​មូលដ្ឋាន​ នៅ​ក្នុង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​។

លោក​ថ្លែង​ថា៖ «​​ប្រទេស ​ចិន សង្ឃឹម​ថា គ្រប់​ភាគី​ពាក់ព័ន្ធ​​ចាត់​វិធានការ​ដើម្បី​បញ្ចៀស​​ភាព​តានតឹង​ ​និង​ការពារ​សន្តិសុខ​រួម​គ្នា»៕ Xinhua/SK