កាល​ពី​ថ្ងៃ​សៅរ៍ ទី ២៧ មីនា ​ប្រទេស​ចិន ​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​អាមេរិក និង​កាណាដា មួយ​ចំនួន មួយ​ថ្ងៃ​បន្ទាប់​ពី​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​អ្នក​នយោបាយ និង​អង្គការ​អង់គ្លេស​មួយ​ចំនួន ដែល​វិធានការ​ទាំង​នេះ​ គឺ​ជា​ការ​ឆ្លើយតប​នឹង​ទណ្ឌកម្ម​របស់​ប្រទេស​លោក​ខាង​លិច​ដាក់​លើ​មន្ត្រី​ចិន ​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​នៅ​តំបន់​ស៊ីនជាំង (Xinjiang)។

ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ក្រសួង​ការ​បរទេស​ចិន​បាន​និយាយ​ថា ​ប្រធាន​នៃ​គណៈកម្មការ​សហរដ្ឋ​អាមេរិក​លើ​សេរីភាព​សាសនា​អន្តរជាតិ​លោក Gayle Machin នឹង​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ចិន​ដី​គោក ហុងកុង និង​ម៉ាកាវ ហើយ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ចិន។

អនុប្រធាន​គណៈកម្មការ​នេះ គឺ​លោក Tony Perkins ក៏​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​ទណ្ឌកម្ម​ផង​ដែរ ​រួម​ជាមួយ​នឹង​សមាជិកសភា​កាណាដា​លោក Michael Chong និង​អនុគណៈកម្មាធិការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៃ​សភា​កាណាដា។

ក្រសួង​ការបរទេស​ចិន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នោះ​ថា៖ «ពួក​គេ​ត្រូវ​តែ​បញ្ឈប់​ឧបាយកល​នយោបាយ​លើ​បញ្ហា​ដែល​ទាក់ទង​នឹង​ស៊ីនជាំង​បញ្ឈប់​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ចិន​តាម​គ្រប់​រូបភាព និង​ចៀសវាង​ដើរ​តាម​ផ្លូវ​ខុស។ បើ​មិន​ដូច្នោះ​ទេ​ពួក​គេ​អាច​នឹង​ឆេះ​ម្រាម​ដៃ​ពួក​គេ»។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken បាន​និយាយ​ថា ការ​ដាក់​ទណ្ឌកម្ម​របស់​ប្រទេស​ចិន​គឺ «គ្មាន​មូលដ្ឋាន» ហើយ​គ្រាន់តែ​នាំ​ឱ្យ​មាន​ការ​ពិនិត្យ​ពិច័យ​បន្ថែម​ទៀត​លើ «អំពើ​ប្រល័យ​ពូជសាសន៍» នៅ​ស៊ីនជាំង។

លោក Blinken បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ការ​ប៉ុនប៉ង​របស់​ទីក្រុង​ប៉េកាំង ​ដើម្បី​បំភិតបំភ័យ និង​បំបិទមាត់​អ្នក​ដែល​និយាយ ដើម្បី​សិទ្ធិ​មនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន គឺ​គ្រាន់តែ​ជួយ​ដល់​ការ​ឃ្លាំមើល​អន្តរជាតិ​ដែល​កំពុង​កើន​ឡើង​នៃ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ​ដែល​កំពុង​កើត​មាននៅ​ស៊ីនជាំង»។

នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau បាន​និយាយ​ថា ​ទណ្ឌកម្ម​ទាំង​នេះ​គឺ​ជា «ការ​វាយ​ប្រហារ​ទៅ​លើ​តម្លាភាព ​និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ»។ លោក Trudeau បាន​បង្ហោះ​សារ​ទៅ​លើ​បណ្ដាញ Twitter ថា៖ «យើង​នឹង​បន្ត​ការពារ​សិទ្ធិ​មនុស្ស​នៅ​ជុំវិញ​ពិភព​លោក​ជាមួយ​ដៃគូ​អន្តរជាតិ​របស់​យើង»។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កាណាដា​លោក Marc Garneau បាន​ចោទ​ប្រកាន់​ទីក្រុង​ប៉េកាំង​ថា បាន​ប្រើ​យុទ្ធសាស្ត្រ​ដៃ​ធ្ងន់។ លោក Garneau បាន​និយាយ​ថា៖ «អ្នក​យាយី​គេ ​គឺ​មិន​ផ្លាស់ប្តូរ​ទេ​លុះត្រា​តែ​អ្នក​ផ្ញើសារ​យ៉ាង​ច្បាស់​ទៅ​ពួកគេ»។

កាល​ពី​ថ្ងៃ​សុក្រ ចិន​ប្រកាស​ដាក់ទណ្ឌកម្ម​ដូច​ខាង​លើ​ចំពោះ​ស្ថាប័ន​អង់គ្លេស​ចំនួន ៤ និង​បុគ្គល​ចំនួន ៩ រូប រួម​មាន​សមាជិក​សភា​អង់គ្លេស​មួយ​ចំនួន​ដែល​បាន​រិះគន់​ទង្វើ​នានា​ប្រព្រឹត្ត​ទៅ​លើ​ជនជាតិ​ភាគ​តិច​មូស្លីម​អ៊ុយហ្គ័រ​នៅ​ស៊ីនជាំង។

ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ក្រសួង​ការបរទេស​ចិន បាន​ឱ្យ​ដឹង​ថា ការ​ដាក់ទណ្ឌកម្ម​របស់លោក​ខាង​លិច គឺ​ផ្អែក​ទៅ​លើ «ការ​កុហក និង​ព័ត៌មាន​ប្រឌិត» ហើយ «ជ្រៀតជ្រែក​យ៉ាង​ពេញ​ទំហឹង​នៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន និង​ជា​ការ​ធ្វើ​ឱ្យ​ខូច​ទំនាក់ទំនង​ចិន-អង់គ្លេស​យ៉ាង​ធ្ងន់ធ្ងរ»។

ឯកអគ្គរដ្ឋទូត​រង​ចិន​ប្រចាំ​ទីក្រុង​ឡុងដ៍ លោក Yang Xiaoguang បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា៖ «ចិន​មិន​បង្ក​បញ្ហា​ទេ ប៉ុន្តែ​ចិន​មិន​ភ័យខ្លាច​នៅ​ពេល​ដែល​ប្រទេស​មួយ​ចំនួន​បង្ក»។

«ចិន​មិនមែន​ជា​ប្រទេស​ដែល បាញ់​មុន​ទេ ប៉ុន្តែ​យើង​ក៏​មិនមែន​អសកម្ម និង​ចុះ​ចូល​ចំពោះ​ការ​គំរាម​កំហែង​ពី​ខាងក្រៅ​ដែរ»។ លោក Yang Xiaoguang បាន​និយាយ​បន្ត​ទៀត​ថា៖ «ពិភព​លោក​សព្វថ្ងៃ គឺ​មិនមែន​ជា​ពិភព​លោក​កាល​ពី ១២០ ឆ្នាំ​មុន​ទេ។ ប្រជាជន​ចិន​នឹង​មិន​ត្រូវ​បាន​គេ​យាយី»។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​ថ្កោលទោស​សកម្មភាព​របស់​ទីក្រុង​ប៉េកាំង ​ដោយ​និយាយ​ថា បុគ្គល​ដែល​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​គឺ «កំពុង​បំពេញ​តួនាទី​ដ៏​សំខាន់​មួយ​ដែល​បំភ្លឺ​ពន្លឺ​ទៅ​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស ដែល​ត្រូវ​បាន​ប្រព្រឹត្ត​លើ​ជនជាតិ​អ៊ុយហ្គ័រ»។ លោក Johnson បាន​បង្ហោះសារ​ទៅ​បណ្ដាញ Twitter ថា៖ «សេរីភាព​ក្នុង​ការ​និយាយ​ប្រឆាំង​នឹង​ការ​រំលោភបំពាន គឺ​ជា​សិទិ្ធ​មូលដ្ឋាន​ហើយ​ខ្ញុំ​ឈរ​យ៉ាង​រឹងមាំ​ជាមួយ​ពួក​គេ»។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អង់គ្លេស​លោក Dominic Raab បាន​និយាយ​ថា ទណ្ឌកម្ម​របស់​ចិន​នឹង «មិន​បញ្ឈប់​រដ្ឋាភិបាល​អង់គ្លេស​ពី​ការ​និយាយ​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​តំបន់​ស៊ីនជាំង​នោះ​ទេ»។

លោក Raab បាន​ទទូច​ដល់​អាជ្ញាធរ​ចិន​ឱ្យ​អនុញ្ញាត​តំណាង​អង្គការ​សហប្រជាជាតិ​ចូល​ទៅ​ក្នុង​តំបន់​ស៊ីនជាំង ​ដើម្បី​ធ្វើ​ការ «ផ្ទៀងផ្ទាត់​ការ​ពិត» ប្រសិន​បើ​ខ្លួន​ចង់​បដិសេធ​ការ​ចោទ​ប្រកាន់​រំលោភសិទ្ធិ។ ចិន​បាន​និយាយ​ថា មន្ត្រី​ការទូត ​គឺ​ស្វាគមន៍​នៅ​ក្នុង​តំបន់​នេះ ប៉ុន្តែ​ធ្វើ​នៅ​ក្រោម​លក្ខខណ្ឌ​ដែល​បានដាក់​ដោយ​ទីក្រុង​ប៉េកាំង​ប៉ុណ្ណោះ។

ការ​ដាក់ទណ្ឌកម្ម​របស់​ចិន ​គឺ​ជា​វិធានការ​ចុង​ក្រោយ​បង្អស់​នៅ​ក្នុង​ជម្លោះ​ជូរចត់​កាន់​តែ​ខ្លាំង​ឡើង ​ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​តំបន់​ស៊ីនជាំង ដែល​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស និង​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​ជនជាតិ​អ៊ុយហ្គ័រ ១ លាន​នាក់​ ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ជំរំ​អប់រំ​ឡើង​វិញ​នៅ​ក្នុង​តំបន់​នេះ។ ការ​ចោទ​ប្រកាន់​បាន​លើក​ឡើង​ថា ប្រទេស​ចិន ​បាន​ប្រើ​ទារុណកម្ម និង​បង្ខំ​ឱ្យ​ធ្វើ​ការ​នៅ​ជំរំ​ទាំង​នេះ ហើយ​កំពុង​បំបាត់​សមត្ថភាព​បន្ត​ពូជ​របស់​ជនជាតិ​អ៊ុយហ្គ័រ។

កាណាដា និង​អាមេរិក​បាន​ចាត់​ទុក​សកម្មភាព​របស់​ចិន​ទៅ​លើ​ជនជាតិ​អ៊ុយហ្គ័រ​ថា ជា​អំពើ​ប្រល័យពូជសាសន៍។ ចិន​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ ហើយ​និយាយ​ថា ជំរំ​ខាង​លើ​បាន​ផ្ដល់​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​ជនជាតិ​ភាគ​តិច និង​ចាំបាច់​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម និង​ភាព​ជ្រុល​និយម។

កាល​ពី​សប្ដាហ៍​មុន ដោយ​ប្រើការ​ចោទ​ប្រកាន់​ខាង​លើ​អាមេរិក ​អង់គ្លេស កាណាដា និង​សហភាព​អឺរ៉ុប​បាន​ធ្វើ​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ចិន​នៅ​ស៊ីនជាំង​ចំនួន ៤ រូប និង​អង្គភាព​ផលិតកម្ម និង​សំណង់​ស៊ីនជាំង (XPCC) ដែល​ជា​ស្ថាប័ន​រដ្ឋ​ចិន​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​សន្តិសុខ និង​គ្រប់គ្រង​ជំរំ​ឃុំឃាំង​នៅ​ស៊ីនជាំង។

នៅ​ពេល​នោះ ចិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ដោយ​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​មន្ត្រី EU ចំនួន ១០ រូប ​ដែល​រួម​មាន​សមាជិក​សភា​អឺរ៉ុប មន្ត្រី​ការបរទេស និង​ស្ថាប័ន ​EU ចំនួន ៣ ផង​ដែរ។ លោក Wang Yi រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​បាន​និយាយ​ថា៖ «ការ​ដាក់​ទណ្ឌកម្ម (លោក​ខាង​លិច) ផ្អែក​លើ​ការ​កុហក ​គឺ​មិន​អាច​ទទួល​យក​បាន​ទេ»។

ជម្លោះ​ការទូត​នេះ បាន​រីក​សាយភាយ​ចូល​ដល់​ទីផ្សារ​ខោអាវ​នៅ​សប្ដាហ៍​នេះ នៅ​ពេលដែល​ការ​សន្យា ដែល​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​មុន​ដោយ​ក្រុមហ៊ុន​លោក​ខាង​លិច​មួយ​ចំនួន ​ដើម្បី​ធ្វើ​ពហិការ​មិន​ប្រើ​សំឡីកប្បាស​ដាំ​នៅ​ស៊ីនជាំង បាន​លេច​ឡើង​មក​វិញ​នៅ​ក្នុង​បណ្ដាញ​សង្គម Weibo ធ្វើ​ឱ្យ​ប្រជាជន​ចាប់​ផ្ដើម​ធ្វើ​ពហិការ​ខោអាវ​ទាំង​នោះ។ ក្រុមហ៊ុន​ទាំងនេះ រួមមាន​ក្រុមហ៊ុន H&M របស់​ស៊ុយអែត ក្រុមហ៊ុន​សម្លៀក​បំពាក់​កីឡា​អាមេរិក Nike និង​ក្រុមហ៊ុន Adidas របស់​អាល្លឺម៉ង់៕