កាលពី​ថ្ងៃ​សៅរ៍​ទី​ ៧ មីនា ក្រសួងកសិកម្ម និង​កិច្ចការ​ជនបទ​ចិន​បាន​ប្រកាស​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា មាន​ការរីករាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ខេត្ត​ចិញ្ចឹម​ជ្រូក​សំខាន់ៗ ចំនួន​ ២ ​គឺ Sichuan និង ​Hubei​។

ការរីករាលដាល​ជំងឺ​នេះ​បាន​សម្លាប់​ជ្រូក​ចំនួន​ ៣៨ ​ក្បាល​ក្នុងចំណោម​ ១២៧ ​ក្បាល នៅ​កសិដ្ឋាន​មួយ​នៅ​ខេត្ត​ Sichuan ដែលជា​ខេត្ត​ចិញ្ចឹម​ជ្រូក​នាំចេញ​ធំជាងគេ​របស់​ប្រទេស​ចិន​។ នៅ​ Hubei ​ជំងឺ​នេះ​ត្រូវ​បាន​គេ​រកឃើញ​នៅលើ​ឡាន​ដឹក​កូនជ្រូក​ដែល​ត្រូវបាន​ដឹកជញ្ជូន​ខុសច្បាប់​ពី​ខេត្ត​មួយ​ផ្សេងទៀត​។ ​កូនជ្រូក​ចំនួន ១០ ​ក្បាល​ក្នុង​ចំណោម​ ១៦៥ ​ក្បាល​បាន​ឆ្លង​ហើយ​ ៥ ​ក្បាល​ទៀត​បាន​ងាប់​។

ប្រទេស​ចិន​គឺជា​អ្នក​ផលិត និង​អ្នក​ទទួលទាន​សាច់ជ្រូក​ច្រើនជាងគេ​ក្នុង​ពិភពលោក​។ ការរីក​រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ប្រទេស​ចិន​បានកើត​ឡើង​ម្ដង​ទៅហើយ​កាលពី​ឆ្នាំ​ ២០១៩ ដែល​កាលនោះ​បាន​សម្លាប់​ពាក់កណ្ដាល​នៃ​ចំនួន​ជ្រូក​សរុប​ក្នុងប្រទេស​។ ការរីក​រាលដាល​ឆ្នាំ​ ២០១៩ បាន​ឆ្លង​ព្រំដែន​ទៅកាន់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយចំនួន​ដែល​រួមមាន​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម​៕