ក្រុង​ប៉េកាំង៖​ លោក​ប្រធានាធិបតី​ចិន ​ស៊ី ​ជីនភីង​ កាល​ពី​ថ្ងៃ​ពុធ​បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន ​អ៊ីមរ៉ាន ​ខាន់​ ដោយ​បាន​ប្តេជ្ញា​ធ្វើ​ការ​រួម​គ្នា ​ដើម្បី​ពង្រឹង​ការ​សម្របសម្រួល​ជា​យុទ្ធសាស្ត្រ ​និង​កិច្ច​សហប្រតិបត្តិការ​ប្រាកដ​និយម​ ដើម្បី​បង្កើត​សហគមន៍​ចិន​-ប៉ាគី​ស្ថាន ​ដែល​មាន​អនាគត​រួម​នៅ​ក្នុង​សករាជ​ថ្មី។​​

ដោយ​កំណត់​ថា ​ប្រទេស​ទាំង ​២ ជា​​ដៃគូ​សហការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ស្ថានភាព​នោះ ​លោក ​ស៊ី ​បាន​ថ្លែង​ថា​ទោះ​ជា​មាន​ការ​ផ្លាស់ប្តូរ​ក្នុង​តំបន់​ និង​អន្តរជាតិ​ក៏​ដោយ ​ក៏​ចំណង​មិត្ត​ភាព​រវាង​ចិន​ និង​ប៉ាគីស្ថាន ​​​ជានិច្ច​កាល​រឹងមាំ ​និង​មិន​អាច​បំបែក​បាន​ទេ ​ហើយ​កិច្ច​សហប្រតិបត្តិ​ការ​ចិន-​ប៉ាគីស្ថាន ​ជានិច្ច​កាល​មាន​សារៈសំខាន់ ​ដោយ​មាន​ការ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​។

លោក ​ស៊ី ​បាន​និយាយ​ថា ​ប្រទេស ​ចិន ​ជា​និច្ច​កាល​ចាត់​ទុក​ទំនាក់​ទំនង​ជាមួយ​ប៉ាគីស្ថាន​ ជា​អាទិភាព​ការ​ទូត​ហើយ​នឹង​បន្ត​គាំទ្រ​ប៉ាគីស្ថាន​យ៉ាង​ពេញ​ទំហឹង​លើ​បញ្ហា​នានា ដែល​ទាក់​ទង​នឹង​ផល​ប្រយោជន៍​សំខាន់​ៗ​​របស់​ខ្លួន ​និង​កង្វល់​ចម្បង​ទាក់ទង​នឹង​ប្រទេស​នេះ​។

ឆ្នាំ​នេះ​ គឺ​ជា​ខួប​លើក​ទី ៧០ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

លោក ​ស៊ី​ បាន​ថ្លែង​ថា​៖ ​«​យើង​បាន​រៀបចំ​សកម្មភាព​សប្បាយ​រីករាយ​ជា​បន្តបន្ទាប់​ដែល​ជា​ឱកាស​មួយ​សម្រាប់​ការ​អប់រំ​ស្នេហា​ជាតិ​ដ៏​ទូលំទូលាយ។ ​ប្រជាជន​ចិន​សរុប​ជិត ​១,៤ ​ពាន់​លាន​នាក់ ​បាន​បង្កើត​កម្លាំង​​​យ៉ាង​រឹងមាំ​ដោយ​មាន​គំនិត​សេ្នហា​ជាតិ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ ដោយ​បាន​បង្កើន​ទំនុក​ចិត្ត​ និង​ការ​ប្តេជ្ញាចិត្ត​របស់​ពួក​គេ​​​បន្ត​ដើរ​តាម​មាគ៌ា​នៃ​សង្គម​និយម​ជាមួយ​ចរិត​លក្ខណៈ​របស់​ចិន​ប្រឆាំង​នឹង​ការ​ខ្វែង​គំនិត​នានា​ គ្រប់គ្រង​កិច្ចការ​​របស់​យើង​ផ្ទាល់ ​និង​ឈរ​រឹង​មាន​នៅ​ក្នុង​សហគមន៍​របស់​ប្រជា​ជាន»។ ​​

លោក​បាន​ថ្លែង​ថា ​កាល​ពី​អតីតកាល ​ប្រទេស ​ប៉ាគីស្ថាន ​បាន​ផ្តល់​ជំនួយ​ដល់​ប្រទេស ​ចិន ​នៅ​ក្នុង​​​ពេល​វេលា​លំបាកៗ​ ហើយ​បច្ចុប្បន្ន​នេះ​ ប្រទេស ​ចិន ​មាន​ការ​រីក​ចម្រើន​ ខ្លួន​មាន​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​នឹង​ជួយ​ប្រទេស ​ប៉ាគីស្ថាន ​ឲ្យ​មាន​ការ​រីក​ចម្រើន​ប្រសើរ​ឡើង​។

លោក​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំង ​២ ​បន្ត​ការ​ផ្តល់​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​​កម្រិត​ខ្ពស់ ​បង្កើត​ទំនាក់ទំនង​ជា​យុទ្ធសាស្ត្រ​រក្សា​គោល​ជំហរ​ដោះស្រាយ​បញ្ហា​ធំៗ​ឲ្យ​ទាន់​ពេល​វេលា។

ចំពោះ​ទំនាក់ទំនង​សេដ្ឋកិច្ច​ចិន-ប៉ាគីស្ថាន ​( CPEC) លោក ​ស៊ី ​ថ្លែង​ថា ​ភាគី​ទាំង ​២​ គួរ​តែ​បង្កើត​ស្តង់ដា​កម្រិត​ខ្ពស់​ បង្កើត ​និង​គ្រប់គ្រង​គម្រោង​ថាមពល​ចាស់​ ហេដ្ឋា​រចនា​សម្ព័ន្ធ ​ដឹក​ជញ្ជូន សួន​ឧស្សាហកម្ម​ និង​គម្រោង​ដែល​ទាក់ទង​ជីវភាព​របស់​ប្រជាជន​ឲ្យ​មាន​ប្រសិទ្ធភាព និង ​CPEC ​ជា​គំរូ​​មួយ​សម្រាប់​ការ​បង្កើត​គំនិត​ផ្តួច​ផ្តើម​ផ្លូវ​ និង​ខ្សែ​ក្រវាត់​។

លោក ស៊ី ថ្លែង​ថា ចិន​សរសើរ និង​គាំទ្រ​កិច្ច​ប្រឹងប្រែង​របស់​ប៉ាគីស្ថាន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម៕ Xinhua