ក្រុងប៉េកាំងៈ ក្រុងប៉េកាំងកាលពីថ្ងៃអង្គារ បានរិះគន់លោក នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ជុំវិញការប្រើ «ពាក្យសម្តីមិនទទួលខុសត្រូវ» ក្រោយពីលោក បានរិះគន់តុលាការចិនមួយ ដែលបានកាត់ទោសប្រហារជីវិតប្រឆាំងអ្នករត់ពន្ធគ្រឿងញៀនជនជាតិកាណាដាម្នាក់។
លោក Robert Lloyd Schellenberg មានវ័យ ៣៦ ឆ្នាំត្រូវបានកាត់ទោសប្រហារជីវិត កាលពីថ្ងៃចន្ទក្រោយពីបានកាត់ទោសឲ្យជាប់ពន្ធនាគារកាលពី ១៥ ឆ្នាំមុនរបស់លោក ត្រូវបានគេចាត់ទុកថាមិនធ្ងន់ធ្ងរពេកនោះ ជាសេចក្តីសម្រេចមួយ ដែលបានកើតឡើងនៅចំពេលមានជម្លោះ ការទូតកាន់តែជ្រៅទៅរវាងក្រុងអូតាវ៉ា និងក្រុងប៉េកាំង។
លោក Trudeau បានសម្តែង «ការព្រួយបារម្ភយ៉ាងខ្លាំង» កាលពីថ្ងៃចន្ទ ដោយបាននិយាយថា «ប្រទេស ចិន បានជ្រើសរើសការអនុវត្ត ទោសប្រហារជីវិតទាំងបំពាន នៅក្នុងករណីជាច្រើនទៀត ដូចដែលជនជាតិកាណាដា កំពុងតែប្រឈមមុខនៅក្នុងករណីនេះជាដើម»។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានថ្លែងនៅឯសន្និសីទកាសែតមួយថា៖ «ពួកយើងជំរុញឲ្យភាគីប្រទេស កាណាដា គោរពច្បាប់នេះ គោរពឆន្ទានុសិទ្ធិរបស់តុលាការចិន កែប្រែកំហុសរបស់ពួកគេ ហើយបញ្ឈប់ការប្រើប្រាស់ពាក្យសម្តីមិនទទួលខុសត្រូវទាំងនោះ»៕ AFP/SK