បុរីញូវយ៉ក៖ ប្រទេសចិន រុស្ស៊ី និងប្រទេស ២៤ ផ្សេងទៀត បានអំពាវនាវឱ្យអាមេរិក និងក្រុមប្រទេសលោកខាងលិចមួយចំនួនត្រូវបញ្ចប់ការប្រើប្រាស់នៃការដាក់ទណ្ឌកម្មជាឯកតោភាគី ដែលពួកគេបានថ្លែងថា ការដាក់ទណ្ឌកម្មនេះ វាបានធ្វើឱ្យពិបាកកាន់តែខ្លាំងឡើងក្នុងការដោះស្រាយបញ្ហា ជាមួយការឆ្លងរាលដាលវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មីដ៏ចម្លែកនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបានអានដោយប្រេសិតពិសេសរបស់ប្រទេសចិន គឺលោក ហ្ស៊ាង ចុន នៅឯអង្គការសហប្រជាជាតិពួកគេបានចោទប្រកាន់អាមេរិក ពីបទរំលោភសិទ្ធិមនុស្ស ការរើសអើងពូជសាសន៍ជាប្រព័ន្ធ និងរារាំងការអភិវឌ្ឍនៅក្នុងប្រទេសមួយចំនួន ដែលខ្លួនបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើក្រុមប្រទេសទាំងនោះ។
ក្រុមប្រទេសទាំងនោះ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្ម និងការធ្វើឱ្យល្អប្រសើរពីជំងឺកូវីដ ១៩ ឡើងវិញ បានតម្រូវឱ្យមានការសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាសកល»។
ពួកគេបានថ្លែងថា៖ «ទោះបីជាយ៉ាងណាក៏ដោយ យើងបានបន្តធ្វើជាសាក្សី អំពីការអនុវត្តវិធានការបង្ខិតបង្ខំជាឯកតោភាគី ដែលផ្ទុយទៅនឹងគោលបំណង និងគោលការណ៍ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ»។
«យើងត្រូវចាប់យកឱកាសនេះ ដើម្បីអំពាវនាវឱ្យដកចេញវិធានការបង្ខិតបង្ខំជាឯកតោភាគីឱ្យបានពេញលេញ និងជាបន្ទាន់ក្នុងគោលបំណង ដើម្បីធានាទាំងស្រុងអំពីប្រសិទ្ធភាព និងសមត្ថភាពឆ្លើយតបរបស់សមាជិកសហគមន៍អន្តរជាតិទាំងអស់ទៅនឹងជំងឺកូវីដ ១៩ ដែលកំពុងរាតត្បាតពិភពលោកនៅពេលបច្ចុប្បន្ន»។
សេចក្តីថ្លែងការណ៍នោះ ត្រូវបានចុះហត្ថលេខាដោយប្រទេសចិន កូរ៉េខាងជើង អ៊ីរ៉ង់ នីការ៉ាហ្គា វ៉េណេស៊ុយអេឡា និងក្រុមប្រទេសផ្សេងទៀត ដែលអាមេរិកបានដាក់ទណ្ឌកម្មទៅលើពួកគេ។
សេចក្តីថ្លែងការណ៍បានធ្វើទៅកាន់គណៈកម្មាធិការទី៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានសង្កត់ធ្ងន់ទៅលើសិទ្ធិមនុស្ស និងកិច្ចការមនុស្សធម៌។
នៅក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះក្រុងវ៉ាស៊ីនតោន និងអឺរ៉ុប បានពន្លឿនការដាក់ទណ្ឌកម្មរបស់ពួកគេ ដើម្បីផ្តន្ទាទោសទៅលើក្រុមប្រទេសមួយចំនួនក្នុងអាកប្បកិរិយាខុសៗគ្នាចាប់ពីការឈ្លានពានតំបន់គ្រីមារបស់ប្រទេសរុស្ស៊ី រហូតដល់ប្រទេសកូរ៉េខាងជើង និងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ការគ្រប់គ្រងមិនបានល្អ និងការរំលោភសិទ្ធិមនុស្សរបស់មេដឹកនាំប្រទេសវ៉េណេស៊ុយអេឡា ជាដើម។
ការដាក់ទណ្ឌកម្មរបស់ក្រុមប្រទេសលោកខាងលិច អាចប៉ុនប៉ងដើម្បីរាំងខ្ទប់ក្រុមប្រទេសទាំងនោះ ឬស្ថាប័នរបស់ពួកគេចេញពីសកលលោកដែលជាប្រព័ន្ធពាណិជ្ជកម្មពឹងផ្អែកប្រាក់ដុល្លារអាមេរិក និងរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងដែនសមត្ថកិច្ចយុត្ថាធិការយ៉ាងពិតប្រាកដ៕ AFP/SK