ក្រុង​អ៊ីស្លាម៉ាបាដ៖ ​កិច្ច​ពិភាក្សា​លើក​ទី ​៣ ​របស់​​រដ្ឋមន្ត្រី​ការ​បរទេស​ ចិន​ អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន​ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាដ ​កាល​ពី​ថ្ងៃ​សៅរ៍​ ហើយ​ភាគី​ទាំង ​៣ ​បាន​សង្កត់​ធ្ងន់​ទៅ​លើ​តម្រូវ​ការ​ការពារ​សុវត្ថិភាព​ និង​ស្ថិរភាព​ក្នុង​តំបន់​រួម​នៅ​ចំពេល​ការ​ផ្លាស់ប្តូរ​ និង​កាលៈទេសៈ​យ៉ាង​ស្មុគស្មាញ​នេះ​​​។​

ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ​ចិន និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ចិន ​លោក​ វ៉ាង ​យី ​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា ​ស្ថានការណ៍​នៅ​អាស៊ី​ខាង​ត្បូង​កំពុង​ឡើង​កម្តៅ ​និង​មាន​ការ​ផ្លាស់ប្តូរ​យ៉ាង​ស្មុគស្មាញ​នៅ​ពេល​បច្ចុប្បន្ន​។​

លោក​ វ៉ាង​ យី​ បាន​បញ្ជាក់​ថា​ ការ​រីក​ចម្រើន​ទទួល​បាន​សម្រេច​យ៉ាង​ជោគជ័យ​នៅ​ក្នុង​កិច្ច​ពិភាក្សា​សន្តិភាព​រវាង​អាមេរិក​ និង​ក្រុម​តាលីបង់​ និង​មាន​ឱកាស​ដ៏​​សំខាន់​មួយ ​ដើម្បី​សន្តិភាព​ និង​ការ​ផ្សះផ្សា​នៅ​អាហ្វហ្គានីស្ថាន​។​

លោក​បាន​បន្ថែម​ថា​ ចំណែក​ជម្លោះ​ជា​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​បាន​ឡើង​កម្តៅ​ម្តង​ទៀត​ ដោយ​បាន​ធើ្វ​ឲ្យ​​ប៉ះពាល់​​ដល់​សន្តិភាព​ និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​។​

លោក​បាន​បន្ថែម​ថា ​នៅ​ក្នុង​ឆាក​អន្តរជាតិ​ឯកតោ​ភាគី​និយម​ការ​គាំពារ​និយម​ និង​អនុត្តរភាព​បាន​គំរាម​កំហែង​ និង​បង្ក​ឧបសគ្គ​​ដល់​​​​ផលប្រយោជន៍​របស់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​។​

លោក​ វ៉ាង​ យី​ បាន​ថ្លែង​ថា​ ប្រទេស ​ចិន​ អាហ្វហ្គានីស្ថាន​ និង​ប៉ាគីស្ថាន​ គឺ​ជា​ប្រទេស​ក្បែរ​ខាង​ជាប់​គ្នា​ ជាមួយ​នឹង​​​អនាគត​រួម។​ ​ប្រទេស​ទាំង ​៣ ​មាន​ការ​ជំរុញ​រួម​គ្នា ​ដើម្បី​ការពារ​សុវត្ថិភាព​ សន្តិភាព​ក្នុង​តំបន់​ និង​ទទួល​បាន​ស្ថិរភាព​យូរ​អង្វែង​ តម្រូវ​ការ​ដើម្បី​ជំរុញ​ឆ្ពោះ​ទៅ​ការ​អភិវឌ្ឍ​ផ្លូវ​មួយ​ និង​ខ្សែ​ក្រវាត់​មួយ​ ​និង​ទំនាក់ទំនង​នៅ​ក្នុង​តំបន់​ និង​ការ​រំពឹង​នឹង​សម្រេច​បាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​ និង​​ធ្វើ​ឲ្យ​​ជីវភាព​រស់នៅ​របស់​ប្រជាជន​ប្រសើរ​ឡើង។

លោក​បាន​​ថ្លែង​ថា ប្រទេស​ទាំង ​៣ ​គួរ​តែ​ធ្វើ​ការ​ជាមួយ​គ្នា​ និង​​ខិតខំ​​​​បន្ថែម​ទៀត​ ដើម្បី​ជំរុញ​​ឆ្ពោះ​ទៅ​រក​ដំណើរការ​ផ្សះផ្សា​របស់​អាហ្វហ្គានីស្ថាន​ និង​ដឹកនាំ​ដោយ​​​អាហ្វហ្គានីស្ថាន​ និង​​​ធ្វើ​ឲ្យ​ទំនាក់ទំនង​​ល្អ​ប្រសើរ​ឡើង៕ Xinhua/SK​