ក្រុងឡូស​អេន​ជឺ​ឡេសៈ​ ចៅ​ក្រម​អាមេរិក​ម្នាក់​កាល​ពី​ថ្ងៃ​ចន្ទ ​បាន​ប្រឆាំង​ជំទាស់​នឹង​គោលនយោបាយ​របស់​ ត្រាំ ​ក្នុង​ការ​បញ្ជូន​​​ក្រុម​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ត្រឡប់​ទៅ​ម៊ិកស៊ិក​វិញ​ ដើម្បី​រង់ចាំ​ដំណើរការ​នៃ​សំណុំ​រឿង​របស់​ពួក​គេ ​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់ ​ដោយ​​បាន​និយាយ​ថា ​ក្រសួង​សន្តិសុខ​ជាតិ​បាន​ប្រើប្រាស់​អំណាច​របស់​ពួក​គេ​ហួស​ប្រមាណ​។

សេចក្តី​សម្រេច​របស់​លោក​ចៅ​ក្រម​អាមេរិក​ Richard Seeborg​ នៅ​ក្រុង​សានហ្វ្រានស៊ីស្កូ បាន​រិះគន់​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋ​ការ​របស់​លោក ​ត្រាំ​ នៅ​ក្នុង​ការ​បញ្ឈប់​ការ​លំហូរ​នៃ​ក្រុម​ជន​ចំណាក​ស្រុក​ ដែល​ស្វះស្វែង​រក​ការ​ជ្រក​កោន​នៅ​តាម​ព្រំដែន​អាមេរិក​ជា​មួយ​ម៊ិកស៊ិក​។ ​​

សេចក្តី​សម្រេច​ដែល​បាន​ចូល​ជា ​ធរមាន​កាល​ពី​ថ្ងៃ​សុក្រ ​បាន​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​រដ្ឋមន្ត្រី​សន្តិសុខ​ជាតិ​ផុត​អាណត្តិ​លោក ​Kirstjen Nielsen​ បាន​ប្តេជ្ញា​បន្ត​កម្មវិធី​ដ៏​ចម្រូងចម្រាស​នេះ​។

មនុស្ស​រាប់​រយ​នាក់​ដែល​ស្វះស្វែង​រក​សិទ្ធិ​ជ្រក​កោន​ ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ម៊ិកស៊ិក​វិញ​ ដើម្បី​រង់​ចាំ​លទ្ធផល​នៃ​សំណើ​របស់​ពួក​គេ​នៅ​ក្រោយ​គោល​នយោបាយ​នេះ​ ដែល​ត្រូវ​បាន​អនុវត្ត​លើក​ដំបូង​នៅ​ក្នុង​ខែ​មករា​ នៅ​​ច្រក​ចូល​កំពង់ផែ​ San Ysidro ផែ​នៅ​ក្នុង​រដ្ឋ​កាលីហ័្វរនីញ៉ា ​និង​ក្រោយ​មក​ត្រូវ​បាន​បន្ត​ទៅ​កាន់​ក្រុង​កាលិកស៊ីកូ ​ជា​ចំណុច​ព្រំដែន​លីហ្វ័រនីញ៉ា​ទី​២​ និង​ ព្រំដែន​El​ Paso រដ្ឋ​តិចសាស។

ក្រុម​សិទ្ធិ​មនុស្ស​ បាន​ស្វាគមន៍​សេចក្តី​សម្រេច​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​បាន​និយាយ​ថា ​គោល​នយោបាយ​បញ្ជូន​ជន​ចំណាក​ស្រុក​ត្រឡប់​ទៅ​វិញ​នេះ​ ត្រូវ​បាន​គេ​ដឹង​យ៉ាង​ច្បាស់​ ​ខណៈ​វិធី​ការពារ​ជន​ចំណាក​ស្រុក​ (MPP) ​​បាន​ខកខាន​មិន​បាន​ផ្តល់​​​​ការ​ការពារ​គ្រប់គ្រាន់​ដល់​ក្រុម​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ទេ។

លោកស្រី​ ​Judy Rabinovitz ​អនុប្រធាន​គម្រោង​សិទ្ធិ​របស់​ក្រុម​ជន​អន្តោ​ប្រវេសន៍​ បាន​ថ្លែង​ថា៖ ​«​ចៅក្រម​នោះ​​ បាន​ទាត់​ចោល​គោលនយោបាយ​នៃ​រដ្ឋការ​របស់ ​ត្រាំ ​ដែល​បង្ខំ​ឲ្យ​ក្រុម​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​វិល​ត្រឡប់​ទៅ​ម៊ិកស៊ិក​វិញ​ ដោយ​មិន​បាន​ឮ​ការ​បញ្ជាក់​អះអាង​របស់​ពួក​គេ​»។​

«គេ​ព្យាយាម​តាម​ដែល​អាច​ធ្វើ​​បាន រដ្ឋ​ការ​នេះ​ ​មិន​អាច​ធ្វើ​មិន​ដឹង​មិន​ឮ​ច្បាប់​របស់​យើង​ ដើម្បី​សម្រេច​បំណង​របស់​ខ្លួន​បាន​ទេ​ ​ដោយ​​រារាំង​មនុស្ស​មិន​ឲ្យ​ស្វែងរក​សិទ្ធិ​ជ្រក​កោន​នៅ​អាមេរិក​បាន​នោះ​»៕ AFP/PSA