កាលពីថ្ងៃសៅរ៍ ទី ១៨ មេសា ចំនួនការស្លាប់ដោយសារកូវីដ១៩ជុំវិញពិភពលោក បានកើនឡើងដល់ ៣ លាននាក់ ក្នុងរយៈពេល ១៦ ខែ បន្ទាប់ពីការរកឃើញដំបូងនៅប្រទេសចិន នេះបើយោងតាមការបូកសរុបរបស់សាកលវិទ្យាល័យ John Hopkins សហរដ្ឋអាមេរិក។
មនុស្សជាង ១ លាននាក់បានស្លាប់ក្នុងរយៈពេល ៣ ខែចាប់តាំងពីពាក់កណ្ដាលខែមករា ២០២១ ដែលកាលនោះការស្លាប់បានឈានដល់ ២ លាននាក់។ ការស្លាប់ ១ លាននាក់ដំបូងគឺបានចំណាយរយៈពេល ៨ ខែ ហើយតិចជាង ៤ ខែបន្ទាប់មកដើម្បីឈានដល់ការស្លាប់ ២ លាននាក់។
ករណីឆ្លង និងស្លាប់ គឺកំពុងកើនឡើងយ៉ាងខ្លាំងនៅជុំវិញពិភពលោក ហើយការលេចចេញនូវវីរុសកូរ៉ូណាបម្លែងថ្មី ដែលងាយឆ្លងជាងមុន បានធ្វើឱ្យស្ថានភាពកាន់តែពិបាក។
ប្រទេសឥណ្ឌា ដែលមានប្រជាជនជាង ១,៣ ពាន់លាននាក់បានរាយការណ៍ការឆ្លងថ្មីចំនួនជាង ២០០ ០០០ ករណីក្នុងមួយថ្ងៃ កាលពីថ្ងៃព្រហស្បតិ៍ បើទោះបីជា បានគ្រប់គ្រងរលកឆ្លងមុនៗ យ៉ាងជោគជ័យក៏ដោយ។
ប្រទេសប្រេស៊ីលក៏ត្រូវបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតនេះផងដែរ។ ប្រទេសនេះបានកត់ត្រាករណីស្លាប់ដោយសារកូវីដ១៩សរុបចំនួន ៣៦១ ៨៨៤ នាក់ ដោយករណីស្លាប់ក្នុងមួយថ្ងៃបានកើនឡើងដល់ជាង ៤០០០ នាក់ក្នុងមួយថ្ងៃ។ ស្ថានភាពដ៏ពិបាកនេះ ទំនងជាបង្កដោយការរីករាលដាលវីរុសកូរ៉ូណាបម្លែង P.1 ដែលមានឥទ្ធិពលកាន់តែធំទៅលើមនុស្សវ័យក្មេង និងការបដិសេធរបស់រដ្ឋបាលប្រធានាធិបតី Jair Bolsonaro មិនអនុវត្តវិធានការបិទខ្ទប់តឹងរ៉ឹង៕