ក្រុងអាដែនៈ កងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាម បានប៉ះទង្គិចជាថ្មីកាលពីថ្ងៃអង្គារ នៅក្បែរក្រុងកំពង់ផែក្រុងយេម៉ែនដែលមានសារៈសំខាន់ណាស់សម្រាប់ជំនួយមនុស្សធម៌ ជាទីដែលមានជនស៊ីវិលរាប់សែននាក់ អាចត្រូវជាប់នៅទីនោះ ខណៈដែលសង្គ្រាមកំពុងកើតឡើងក្បែរតំបន់នោះ។
ការប្រយុទ្ធគ្នារយៈពេល ៥ ថ្ងៃរវាងក្រុមឧទ្ទាមហ៊ូធីមានទំនាក់ទំនងជាមួយអីុរ៉ង់ និងកងទ័ពរដ្ឋាភិបាល បានចងសម្ព័ន្ធមិត្តជាមួយក្រុមចម្រុះយោធានៅក្នុងតំបន់មួយដឹកនាំដោយអារ៉ាប៊ី សាអ៊ូឌីត បានបណ្តាលឲ្យយុទ្ធជនប្រយុទ្ធជាង ១៥០នាក់ស្លាប់ នៅក្នុងសមុទ្រក្រហមនៃខេត្តហូដេដា(Hodeida)។
អ្នកនាំពាក្យក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ី សាអ៊ូឌីត កាលពីថ្ងៃចន្ទ បានថ្លែងថា សម្ព័ន្ធមិត្តរដ្ឋាភិបាល មិនមានផែនការចាប់ផ្តើមវាយប្រហារទ្រង់ទ្រាយធំ ដើម្បីដណ្តើមយកខេត្តហូដេដាមកកាន់កាប់ វិញនោះទេ។
ប៉ុន្តែក្រុមមន្ត្រីយោធានៅក្នុងសមរភូមិ បានរាយការណ៍ថា កងកម្លាំងរបស់ពួកគេ បានឡោមព័ទ្ធក្រុងដែលកាន់កាប់ដោយក្រុមឧទ្ទាមនោះ។
ក្រុមឧទ្ទាម ក៏បានអះអាងពីការវាយប្រហារយ៉ាងខ្លាំងនៅក្នុងតំបន់នេះតាមរយៈស្ថានីយទូរទស្សន៍Al-Masirah របស់ពួកគេ។
ការវាយប្រហារគ្នានោះ បានកើតឡើង ខណៈដែលអង្គការសហប្រជាជាតិ បានជំរុញឲ្យមានការចរចាឡើងវិញរវាងគូរបដិបក្សដែលកំពុងប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ ក្រោយពីការចរចានៅក្រុងហ្សឺណែវកាលពីខែកញ្ញា បានបរាជ័យនោះ៕ SK