ក្រុងញូវដែលីៈ ករណីឆ្លងវីរុសកូរ៉ូណានៅប្រទេសឥណ្ឌាបានកើនឡើងជាង ៧ លាននាក់កាលពីថ្ងៃអាទិត្យ ខណៈលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានជាសះស្បើយ ហើយវិលត្រឡប់ទៅបន្តយុទ្ធនាការឃោសនាបោះឆ្នោត ត្រឹមតែរយៈពេល ៩ ថ្ងៃ ក្រោយពីប្រកាសថា លោកបានឆ្លងជំងឺកូវីដ១៩។
រដ្ឋាភិបាលទាំងអស់នៅទូទាំងពិភពលោកកំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងការកើនឡើងករណីឆ្លងយ៉ាងខ្លាំង នេះ និងគ្រប់គ្រងការមិនបំពេញចិត្តរបស់សាធារណជនទៅលើការរឹតបន្តឹងថ្មី ខណៈជំងឺរាតត្បាតនេះបានឈានចូលដល់រលកឆ្លងទី ២ ដែលអាចបង្កឱ្យមនុស្សស្លាប់ច្រើន។
ចាប់តាំងពីជំងឺនេះបានឆ្លងរាលដាលនៅប្រទេសចិនកាលពីចុងឆ្នាំ ២០១៩ មកវាបានបណ្តាលឱ្យមនុស្សជាង ១ លាននាក់ស្លាប់នៅទូទាំងសកលលោក និងបានឆ្លងទៅមនុស្សជិត ៣៧ លាននាក់ និងធ្វើឱ្យមនុស្សរាប់លាននាក់គ្មានការងារធ្វើ ខណៈជំងឺឆ្លងរាលដាលនេះបានបង្កឱ្យសេដ្ឋកិច្ចសកលធ្លាក់ចុះយ៉ាងខ្លាំងបំផុត។
ទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌាកាលពីថ្ងៃអាទិត្យបានបង្ហាញពីករណីឆ្លងជិត ៧៥០០០ នាក់ដោយនាំឱ្យអ្នកឆ្លងកើនឡើង ៧,០៥ លាននាក់ជាប្រទេសឆ្លងច្រើនបំផុតទី ២ បន្ទាប់ពីអាមេរិក ដែលបានកត់ត្រាអ្នកឆ្លងចំនួន ៧,៦៧ លាននាក់។
ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា ចំនួនពិតប្រាកដប្រហែលជាអាចខ្ពស់ជាងនេះ ដោយអត្រាការធ្វើតេស្តនៅក្នុងប្រទេសដែលមានប្រជាជន ១,៣ ពាន់លាននាក់ ដែលជាប្រទេសដែលមានក្រុងនានាមានប្រជាជនរស់នៅច្រើនបំផុតច្រើនជាងនៅកន្លែងផ្សេងទៀតនៅក្នុងពិភពលោក។
តួលេខថ្មីនេះបានកើតឡើង ១ ថ្ងៃក្រោយពីលោក ដូណាល់ ត្រាំ បានជួបជាមួយអ្នកគាំទ្ររាប់រយនាក់នៅសេតវិមានដោយបានវិលត្រឡប់ទៅបន្តយុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេល ៩ ថ្ងៃ ក្រោយពីផ្អាកដោយសារជំងឺកូវីដ១៩ ដែលគ្រូពេទ្យលោកបាននិយាយថា លោកលែងមានគ្រោះថ្នាក់ ដោយសារជំងឺរាតត្បាតនេះតទៅទៀតហើយ។
លោក ត្រាំ បានប្រកាសខណៈលោកដើរចេញទៅឡៅតឿរបស់សេតវិមានកាលពីថ្ងៃសៅរ៍ ដោយបានដោះម៉ាស់របស់លោក ដើម្បីថ្លែងទៅកាន់ក្រុមអ្នកគាំទ្រថា៖ «ខ្ញុំមានអារម្មណ៍អស្ចារ្យណាស់» ភាគច្រើននៃអ្នកគាំទ្ររបស់ លោកបានពាក់ម៉ាស់ និងមួកក្រហមសរសេរថា៖ «Make America Great Again» ប៉ុន្តែបានរក្សាគម្លាតពីគ្នាតែបន្តិចៗប៉ុណ្ណោះ៕ PSA