ក្រុងដាក្កាៈ យោងតាម​អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា ចំនួន​អ្នក​ស្លាប់​ដោយ​សារ​សង្គ្រាម​ប្រឆាំង​នឹង​គ្រឿង​ញៀន​នៅ​ប្រទេស​បង់ក្លាដែស​ដែល​បន្ត​ជាប់​ជានិច្ច​យក​គំរូ​តាម​ប្រទេស​ហ្វីលីពីន ចាប់​តាំង​ពី​ខែ​ឧសភា បាន​កើន​ឡើង​ដល់ ២០០ នាក់​ហើយ និង​មនុស្ស​ប្រមាណ ២៥០០០ នាក់​ផ្សេង​ទៀត ត្រូវ​បាន​ជាប់​ពន្ធនាគារ។

ប្រទេស​បង់​ក្លា​ដែ​ស បានចាប់ផ្តើម​យុទ្ធនាការ​បង្ក្រាប​ទៅលើ​ការជួញដូរ​គ្រឿងញៀន​ខ្លាំង​ឡើង ចំពោះ​ថ្នាំ​ប្រភេទ «យ៉ាបា (yaba)» ដែល​ជា​ប្រភេទ​ថ្នាំ​មេតំហ្វេតាមីន​តម្លៃ​ថោក និង​ថ្នាំ​គ្រាប់​កាហ្វេ​អ៊ីន ដែល​អាជ្ញាធរ​និយាយ​ថា បាន​រីក​រាល​ដាល​ស្ទើរ​គ្រប់​ភូមិ និង​ក្រុង​នៃ​បង់ក្លាដែស។

រដ្ឋមន្ត្រី​នៃ​ក្រសួងមហាផ្ទៃ លោក Asaduzzaman Khan បាន​ថ្លែងថា «សង្គ្រាម» នឹង​បន្ត​ធ្វើឡើង រហូត​ដល់​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ណាកូទិក​អាច​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​បាន។ លោក​បាន​ថ្លែង​ថា អ្នក​ដែល​ត្រូវ​បាន​សម្លាប់ គឺជា​អ្នក​ដែល​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​យ៉ាង​តិច​ណាស់ ១០ ករណី​ដែរ។

ប៉ុន្តែ​ក្រុម​សិទ្ធិមនុស្ស​បាន​ថ្លែងថា ជនរងគ្រោះ​ជាច្រើន​ត្រូវបាន​ប៉ូលិស​បាញ់ នៅក្នុង​លក្ខណៈ​ព្រៃផ្សៃ និង​ចេតនា ហើយ​ថា ការ​សម្លាប់​នេះ គឺជា​ផ្នែក​មួយ​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ការ​សង​សឹក។

កាលពី​ខែមិថុនា ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស លោក Zeid Raad Al Hussein បាន​ថ្លែង​ថា លោក «មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង» ថា «មនុស្ស​ក្នុង​ចំនួន​ច្រើន​បែប​នេះ» ត្រូវ​បាន​សម្លាប់។

សេចក្តីថ្លែងការណ៍​មួយ​បាន​ឲ្យ​ដឹងថា សេចក្តីប្រកាស​ជា​ផ្លូវការ​ជាច្រើន​ដែលថា គ្មាន​ជន​រងគ្រោះ​ណា​ម្នាក់ គឺជា​ជន​គ្មាន​ទោស​នោះ​ទេ គឺ​គ្រោះ​ថ្នាក់​បំផុត និង​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា មិន​គោរព​គោល​ការណ៍​ច្បាប់​ទាំង​ស្រុង។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​ជាតិ​គ្រប់គ្រង​ដោយ​រដ្ឋរ​បស់បង់​ក្លាដែស​ក៏បាន​សម្តែង​ការ​ព្រួយបារម្ភ​ដែរ៕