ក្រុងគែរ៖ ចំនួនអ្នកស្លាប់នៅក្នុងប្រទេស អ៊ីរ៉ង់ ដោយសារជំងឺកូវីដ ១៩ ត្រូវបានគេប៉ាន់ប្រមាណថា បានកើនឡើងដល់ចំនួន ១ ៨១២ នាក់ កាលពីថ្ងៃចន្ទ ក្រោយពីករណីស្លាប់ថ្មីត្រូវបានគេរាយការណ៍ថា មានចំនួន ១២៧ នាក់។ ចំណែកឯប្រទេសមួយចំនួនផ្សេងទៀតនៅក្នុងមជ្ឈិមបូព៌ា បានសម្រេចចិត្តដាក់បម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណាប្រភេទថ្មីដ៏ចម្លែកនេះ។
ចំនួនសរុបនៃការឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេស អ៊ីរ៉ង់ ដែលជាប្រទេសរងការវាយប្រហារយ៉ាងអាក្រក់បំផុតនៅក្នុងតំបន់ បានហក់ឡើងដល់ចំនួន ២៣ ០៤៩ នាក់ ដោយកើនឡើង ១ ៤១១ នាក់ នៅក្នុងរយៈពេល ១ ថ្ងៃកន្លងទៅ ខណៈអ្នកឆ្លងចំនួន ៨ ៣៧៦ នាក់ បានជាសះស្បើយ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ម៉ូហាម៉េដ ចាវ៉ាដ ហ្សារីហ្វ បានប្រឆាំងអាមេរិក ជុំវិញការបង្កឧបសគ្គប្រយុទ្ធប្រឆាំងការផ្ទុះវីរុសកូរ៉ូណាប្រភេទថ្មីចម្លែក តាមរយៈការដាក់ទណ្ឌកម្មប្រឆាំងប្រទេស អ៊ីរ៉ង់ ខណៈអ៊ីរ៉ង់បានស្នើឲ្យបណ្តាប្រទេសមួយចំនួននៅទូទាំងពិភពលោក ផ្គើនទៅនឹងការដាក់ទណ្ឌកម្មរបស់អាមេរិក។
ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រូហានី បានទាត់ចោលការស្នើសុំរបស់អាមេរិក ដើម្បីជួយប្រទេស អ៊ីរ៉ង់ ប្រយុទ្ធប្រឆាំងការផ្ទុះវីរុសកូរ៉ូណាថា «ជាការនិយាយកុហកមួយ ក្នុងចំណោមការនិយាយកុហកធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក»។
រដ្ឋមន្ត្រីសុខាភិបាលតួកគីលោក ហ្វាហ៍រីតទីន កូកា បានថ្លែងនៅលើគេហទំព័រធ្វីធើរកាលពីល្ងាចថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅក្នុងប្រទេស តួកគី បានកើនឡើងដល់ ៣៧ នាក់ ក្រោយពីករណីស្លាប់ថ្មី ៧ នាក់បន្ថែមទៀត។
ករណីឆ្លងថ្មី ត្រូវបានគេរាយការណ៍មកថា មានចំនួន ២៩៣ នាក់ ដែលបានធ្វើឲ្យចំនួនអ្នកឆ្លងសរុបមានការកើនឡើងដល់ ១ ៥២៩ នាក់៕ Xinhua/SK