ក្រុង​ប៉ារីស៖ ​ចំនួន​អ្នក​ស្លាប់​ជា​សកល​បណ្តាល​មក​ពី​វីរុស​រាតត្បាត​កូរ៉ូណា​បាន​កើន​ឡើង​ជាង ​៤ ​សែន​នាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​អាមេរិក​ឡាទីន ​ខណៈ​ដែល​អឺរ៉ុប​បាន​បន្ធូរ​បន្ថយ​ការ​បិទ​ប្រទេស​ដោយសារ​ការ​ឆ្លង​រាលដាល​នៅ​ទីនោះ ​ត្រូវ​គេ​គ្រប់គ្រង​បាន​។​

សម្តេច ​ប៉ាប ​ហ្វ្រង់​ស៊ីស ​ដែល​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាន់​សាសនា​កាតូលិក​នៅ​ក្នុង​ទីលាន​ Saint Peter​ កាល​ពី​ថ្ងៃ​អាទិត្យ​ជា​លើក​ដំបូង ​ចាប់​តាំង​ពី​ស្ថានភាព​គ្រាអាសន្ន​សុខភាព​បាន​ចាប់​ផ្តើម​បាន​ថ្លែង​ថា​ ស្ថានភាព​អាក្រក់​បំផុត​នៅ​អ៊ីតាលី​បាន​ចប់​ហើយ​ និង​បាន​សម្ដែង​​ក្តី​អាណិត​ចំពោះ​អ្នក​ដែល​នៅ​ក្នុង​ប្រទេស​នានា​នៅ​អាមេរិក​ឡាទីន​ ដែល​ប៉ះពាល់​យ៉ាង​ខ្លាំង​នោះ​។ ​​

សម្តេច ​ប៉ាប​ បាន​ថ្លែង​ខណៈ​បុរីវ៉ាកង់​បាន​អះអាង​ថា​ ខ្លួន​មិន​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ ​១៩ ​នៅ​ក្នុង​ចំណោម​បុគ្គលិក​របស់​ខ្លួន​ឬ​នៅ​ក្នុង​បុរីវ៉ា​ទីកង់​នេះ​តែ​ម្តង​ ថា៖ ​«វត្តមាន​របស់​អ្នក​នៅ​ក្នុង​ទីលាន​នេះ ​គឺ​ជា​សញ្ញា​មួយ​ថា​ នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ដំណាក់​កាល​នៃ​ជំងឺ​រាត​ត្បាត​ធ្ងន់ធ្ងរ​បាន​ចប់​ហើយ​»។ ​​​

«ជា​អកុសល ​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត​ ខ្ញុំ​កំពុង​គិត​ដល់​ពួក​គេ​ គឺ​វីរុស​នេះ ​បន្ត​សម្លាប់​ជន​រង​គ្រោះ​ជា​ច្រើន​ទៀត​»។

ប្រទេស​​ប្រេស៊ីល មាន​​ចំនួន​អ្នក​ស្លាប់​ខ្ពស់​ជាង​គេ​បំផុត​ទី ​៣ ​នៅ​ក្នុង​ពិភព​លោក ​គឺ​ស្លាប់​ជាង ​៣៦ ០០០ ​នាក់ ​ប៉ុន្តែ​លោក​ប្រធានាធិបតី​ ចៃរ ​បូលសូណារូ ​បាន​រិះគន់​វិធានការ​ឲ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ ​ដែល​ដាក់​ចេញ​ដោយ​មន្ត្រី​តំបន់​ និង​បាន​គំរាម​ចាកចេញ​ពី​អង្គការ​សុខភាព​ពិភព​លោក។ ​​

ចំនួន​អ្នក​ស្លាប់​ក៏​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ម៊ិកស៊ិក ​ប៉េរូ ​និង​អេក្វាទ័រ ​ខណៈ​នៅ​ក្នុង​ប្រទេស​ស៊ីលី​ ​ចំនួន​អ្នក​ស្លាប់​ពេល​បច្ចុប្បន្ន​នេះ ​បាន​កើន​ឡើង​រហូត​ដល់ ​២ ២៩០ ​នាក់​។​

លោក​រដ្ឋមន្ត្រី​ស៊ីលី ​ចេម​ ម៉ាណាលីច​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ការ​រាប់​ខុស​ចំនួន​ខ្លះ​ដែល​ត្រូវ​បាន​ចង្អុល​បង្ហាញ​ដោយ​អង្គការ​សុខភាព​ពិភព​លោក​នៅ​ក្នុង​ខែ​មីនា​ និង​ខែ​មេសា ​ត្រូវ​បាន​គេ​កែ​តម្រូវ​រួច​ហើយ ដោយ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ពី ​១ ៥៤១ នាក់​កាល​ពី​ថ្ងៃ​សៅរ៍។

នៅ​ប្រទេស​គុយបា​ លោក​ប្រធានាធិបតី ​មីហ្គែល ​ឌៀស ​កាណែល ​បាន​ប្រកាស​ថា​ ជំងឺ​រាតត្បាត​នេះ​ត្រូវ​គ្រប់គ្រង​បាន​ ក្រោយ​ពី​ប្រទេស​កោះ​នេះ ​បាន​បញ្ជាក់​ថា​ ​រយៈពេល ​៨ ​ថ្ងៃ​ជាប់​គ្នា​ គ្មាន​ចំនួន​អ្នក​ជំងឺ​កូវីដ​ ១៩ ​ទេ ​ដោយ​ចំនួន​អ្នក​ស្លាប់​មាន​ត្រឹម​តែ ​៨៣ ​នាក់​ទេ​។

ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ ​១៩ ​បាន​កើន​ឡើង​ដល់​ជិត ​៧ លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​ចាប់​តាំង​ពី​ជំងឺ​នេះ​ បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​ចិន ​កាល​ពី​ចុង​ឆ្នាំ ​២០១៩​ ដោយ​ជំរុញ​ឲ្យ​ផ្នែក​ជា​ច្រើន​នៃ​ពិភព​លោក​បិទ​ប្រទេស​ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​យ៉ាង​អាក្រក់​បំផុត​ចាប់​តាំង​ពី​មាន​មហន្តរាយ​នេះ។​

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ​ក៏​នៅ​តែ​មាន​ការ​ភ័យ​ខ្លាច​រលក​ទី ​២ ​នៃ​ការ​ឆ្លង​ជំងឺ​នេះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ដោយ​បាន​ជំរុញ​ឲ្យ​ប្រទេស​នានា​នៅ​អឺរ៉ុប​បើក​ព្រំដែន​ និង​អាជីវកម្ម​ឡើង​វិញ​ និង​បណ្តា​ប្រទេស​នៅ​ទូទាំង​អាស៊ី​ និង​អាហ្វ្រិក​វិល​ទៅ​រក​​ធម្មតា​បណ្តើរៗ​ហើយ​។​​​

ខណៈ​ជិត​ពាក់​កណ្តាល​នៃ​ចំនួន​អ្នក​ស្លាប់​ទាំង​អស់​ត្រូវ​បាន​កត់ត្រា​នៅ​អឺរ៉ុប ​អាមេរិក​នៅ​តែ​ជា​ប្រទេស​ប៉ះពាល់​ខ្លាំង​បំផុត​ ដោយ​មាន​អ្នក​ស្លាប់​ជាង​ ១១ ​ម៊ឺន​នាក់ ​បន្ទាប់​មក​គឺ ​ប្រទេស​អង់គ្លេស​ ដែល​មាន​ចំនួន​អ្នក​ស្លាប់​ជាង​ ៤០ ៥០០ នាក់​៕ AFP/PSA