ក្រុង​វ៉ាស៊ីនតោន៖ ​ពលរដ្ឋ​អាមេរិក​ត្រូវ​បាន​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​​ មិន​ឲ្យ​បន្ធូរបន្ថយ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​​ប្រភេទ​ថ្មី​ ខណៈ​មាន​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​រហូត​ដល់​ជាង ​១ ម៊ឺន​នាក់​ មិន​មែន​ជា​សញ្ញា​នៃ​សុទិដ្ឋិ​និយម​ចំពោះ​​ការ​ផ្ទុះ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ ១៩ ​នៅ​អាមេរិក​ទេ​​។​

អាមេរិក​បាន​ផ្ទុះ​ការ​ឆ្លង​រីក​រាល​ដាល​មេរោគ​ផ្លូវ​ដង្ហើម​​កូរ៉ូណា​​ប្រភេទ​ថ្មី​ថា​ ជា​ប្រទេស​មួយ​នៅ​ក្នុង​ចំណោម​ប្រទេស​ ដែល​រង​ការ​ប៉ះពាល់​យ៉ាង​អាក្រក់​បំផុត​នៅ​លើ​ពិភព​លោក​ ដោយ​​មាន​​​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ​១៩ ​កាន់​តែ​ច្រើន​ឡើង​ និង​មនុស្ស​ជា​ច្រើន​លាន​នាក់​ផ្សេង​ទៀត​ កំពុង​​ប្រឈម​មុខ​ជាមួយ​លទ្ធភាព​នៃ​​សេដ្ឋកិច្ច​ធ្លាក់​ចុះ​។​

អាជ្ញាធរ​អាមេរិក​បាន​ចាប់​ផ្តើម​ពេញ ​១ សប្តាហ៍​ តាមរយៈ​ការ​ជូន​ដំណឹង​ដល់​សហគមន៍​មួយ​ចំនួន​​​ឲ្យ​ដឹង​​​ការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​រីក​រាល​ដាល​យ៉ាង​អាក្រក់​បំផុត​ ដែល​វា​មិន​ទាន់​បាន​ឈាន​ដល់​កម្រិត​កំពូល​នៅ​ឡើយ​ទេ​​។​

សាកល​វិទ្យាល័យ​ Johns​ Hopkins ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាល់ទីមួរ​ ដែល​បាន​កំពុង​កត់ត្រា​ចំនួន​សរុប​អ្នក​ឆ្លង​វីរុស​ផ្លូវ​​ដង្ហើម​​កូរ៉ូណា​ បាន​និយាយ​ថា​ ​ពលរដ្ឋ​អាមេរិក​ជាង ​៣៦៨ ០០០ ​នាក់​បាន​​ឆ្លង​វីរុស​នេះ ដោយ​មាន​អ្នក​ស្លាប់​ចំនួន ​១០ ៩៨៦​ នាក់ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ​។​

ប្រជាជន​អ៊ីតាលី​​ចំនួន ​១៦ ៥២៣ ​នាក់​ និង​អេស្ប៉ាញ​ចំនួន ​១៣ ៣៤១ ​នាក់​បាន​ស្លាប់​ដោយសារ​​ជំងឺ​រាតត្បាត​​នេះ។​

ក្រុម​គិលានុបដ្ឋាយិកា ជាមួយ​​​​បុគ្គលិកមជ្ឈមណ្ឌល​Brooklyn VA Medical កាន់​​បដាការ​ងារ​ នៅ​ក្នុងក្រុង​ញូវយ៉ក។ AFP

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​មាន​ក្តី​សង្ឃឹម​តិច​តួច​ណាស់​ នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ ជា​ការ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ផ្ទុះ​មេរោគ​នៅ​អាមេរិក​ ជា​ទី​ដែល​មនុស្ស​ជាង ​៤ ៧៥០ ​នាក់​ បាន​ស្លាប់​ នៅ​ទូទាំង​ប្រទេស​ និង​ចំនួន ១៣០ ០០០ ​នាក់​ផ្សេង​ទៀត​បាន​ឆ្លង​នៅ​​ទូទាំង​រដ្ឋ​​។​

អភិបាល​ក្រុង​លោក ​អានដ្រូ ​កូម៉ូ ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ អត្រា​អ្នក​ស្លាប់​បាន​ «​ធ្លាក់​ចុះ​យ៉ាង​មាន​ប្រសិទ្ធភាព​» ​ក្នុង​រយៈ​ពេល ​២ ​ថ្ងៃ​។​អភិបាល​រដ្ឋ​បាន​រាយ​ការណ៍​អំពី​អ្នក​ស្លាប់​ថ្មី​ចំនួន ​៥៩៩ ​នាក់ ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ចំនួន​សរុប​កាល​ពី​ថ្ងៃ​អាទិត្យ​មាន ​៥៩៤ ​នាក់​ ហើយ​បាន​ធ្លាក់​ចុះ​​ពី​ការ​កត់ត្រា​ចំនួន ​៦៣០ ​នាក់​កាល​ពី​ថ្ងៃ​សៅរ៍​។​

ប៉ុន្តែ​លោក​អភិបាល​ក្រុង ​អានដ្រូ កូម៉ូ​ បាន​ចេញ​បញ្ជា​ឲ្យ​បិទ​សាលា​រៀន​ និង​អាជីវកម្ម​មិន​សំខាន់​មួយ​ចំនួន​ ​រយៈពេល ​៣ ​សប្តាហ៍​បន្ថែម​ទៀត​ ដោយ​បាន​ថ្លែង​ប្រាប់​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ថា​៖ «​បច្ចុប្បន្ន ​មិន​មែន​ជា​ពេល​វេលា​ដែល​យើង​​ត្រូវ​ឈប់​សម្រាក​នោះ​ទេ​»​។​

លោក ​កូម៉ូ ​បាន​ថ្លែង​ថា​៖ «​វា​គឺ​ជា​ក្តី​សង្ឃឹម​ ​ប៉ុន្តែ​វា​ក៏​មិន​សម្រេច​បាន​លទ្ធផល​អ្វី​ដែរ​» ​ដោយ​បាន​បន្ថែម​ថា​ វា​អាច ​«​ជា​កំហុស​» ​មួយ​ ដើម្បី​ដាក់​ការ​រឹត​ត្បិត​ឲ្យ​ឈប់​សម្រាក​លឿន​ពេក​ហើយ​។​

ក្រុមបុគ្គលិក​​​គ្រូ​ពេទ្យ​​ កំពុង​រុញ​គ្រែអ្នក​ជំងឺ​ម្នាក់​ នៅ​ខាង​ក្រៅ​​មន្ទី​រពេទ្យ​​Mount Sinai។ AFP

«ប្រសិន​បើ​ការ​ឆ្លង​រីក​រាលដាល​កំពុង​ប្រែប្រួល​ វា​គឺ​ដោយសារ​អត្រា​នៃ​ការ​ឆ្លង​កំពុង​ធ្លាក់​ចុះ​ ប្រសិន​បើ​អត្រា​ឆ្លង​កំពុង​ធ្លាក់​ចុះ​ វា​គឺ​ដោយសារ​ការ​ដាក់​ឲ្យ​នៅ​ឆ្ងាយ​ពី​គ្នា​ កំពុង​ធ្វើ​ឡើង​ពេល​បច្ចុប្បន្ន​»​។

យោង​តាម​ចំនួន​សរុប​ដែល ​AFP ​បាន​ប្រមូល​ពី​ប្រភព​ផ្សេងៗ​បាន​ឲ្យ​ដឹង​ថា ​ជំងឺ​រាតត្បាត​នេះ​ ​បាន​បណ្តាល​ឲ្យ​មនុស្ស​ជិត ​៧៥ ០០០ ​នាក់​ស្លាប់​នៅ​ទូទាំង​ពិភព​លោក​ចាប់​តាំង​ពី​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី​​​នេះ​បាន​ផ្ទុះ​ឡើង​ នៅ​ក្នុង​ប្រទេស ​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ ​២០១៩។​

អាជ្ញាធរ​បាន​ព្រមាន​ថា ​មនុស្ស​ចន្លោះ​ពី ​១០ ​ម៊ឺន ​ទៅ ​២៤ ​ម៊ឺន​នាក់ ​អាច​ស្លាប់​នៅ​អាមេរិក ​ថ្វី​បើ​មាន​សេណារីយោ​ករណី​ពិសេស​ ដោយ​មាន​គោលការណ៍​ណែនាំ​ឲ្យ​នៅ​ឆ្ងាយ​ពី​គ្នា​នៅ​ក្នុង​សង្គម​ត្រូវ​បាន​អនុវត្ត​ក្តី។​

រដ្ឋ​ចំនួន ​៩​ ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អភិបាល​មក​ពី​គណបក្ស​សាធារណរដ្ឋ ​នៅ​មិន​ទាន់​បាន​ចេញ​បញ្ជា​ឲ្យ​បិទ​ទាំង​ស្រុង​នៅ​ឡើយ​ទេ ​ដែល​ការ​ពន្យារ​បែប​​នេះ ​​​ធ្វើ​​ឲ្យ​​ក្រុម​អ្នក​ជំនាញ​សុខភាព​សាធារណៈ​មាន​ការ​មិន​សប្បាយ​ចិត្ត​៕ AFP/SK