ក្រុង​រីយោដឺ​ហ្សេនេរ៉ូ៖ ​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​នៅ​ក្នុង​ពិភព​លោក​បាន​កើន​ឡើង​ជាង ​៣៧៥ ០០០​ នាក់​កាល​ពី​ថ្ងៃ​អង្គារ ខណៈ​វីរុស​នេះ​បន្ត​រាល​ដាល​នៅ​ទូទាំង​អាមេរិក​ឡាទីន ​ប៉ុន្តែ​នៅ​អឺរ៉ុប​​ត្រឡប់​ទៅ​រក​ស្ថានភាព​ធម្មតា​ឡើង​វិញ ដោយ​ប្រទេស​បារាំង ​​វិល​ត្រឡប់​ទៅ​រក​ហាង​កាហ្វេ និង​ភោជនីយដ្ឋាន​ ដែល​គួរ​ជា​ទី​ពេញ​ចិត្ត​របស់​ពួក​គេ​ឡើង​វិញ។

អង្គការ​សុខភាព​ពិភព​លោក (WHO) ​បាន​ថ្លែង​ថា​ ប្រព័ន្ធ​ថែទាំ​សុខភាព​នៅ​ទូទាំង​អាមេរិក​ឡាទីន​បាន​ទទួល​អ្នក​ជំងឺ​ច្រើន​ហួស​ពេក ​ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​នេះ​ នៅ​ក្នុង​ប្រទេស​ប្រេស៊ីល​ បាន​កើន​ឡើង​ជិត ​៣ ម៊ឺន​នាក់​ហើយ​​។

ការ​ព្រមាន​ពី​អង្គការ​សុខភាព​ពិភព​លោក​បាន​កើន​ឡើង ​ខណៈ​ទីភ្នាក់ងារ ​UN ​នេះ​បាន​ចេញ​គោល​ការណ៍​ណែនាំ​ថ្មី​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​រង​ការ​ប៉ះពាល់​ពី​ជំងឺ​រាត​ត្បាត ​ដែល​លាត​ត្រដាង​​ពី​ការ​ហោះហើរ​ដែល​ទំនង​ជា​នឹង​កើត​ឡើង ​នៅ​ពេល​យន្តហោះ​ដឹក​អ្នក​ដំណើរ​ចាប់​ផ្តើម​ដំណើរការ​ល្អ​ឡើង​វិញ​នោះ​។ ការ​កើន​ឡើង​អ្នក​ជំងឺ​នៅ​ទូទាំង​អាមេរិក​ឡាទីន​​បាន​កើត​ឡើង ​ខណៈ​ផ្នែក​ជា​ច្រើន​នៃ​ពិភព​លោក​ វិល​ត្រឡប់​ទៅ​រក​ភាព​ធម្មតា​វិញ ​ក្រោយ​ពី​មាន​ការ​រឹត​ត្បិត​ទៅ​លើ​ជីវិត​ប្រចំា​​ថ្ងៃ​អស់​ជា​ច្រើន​សប្តាហ៍ ​ដែល​បាន​ធ្វើ​ឲ្យ​​ប៉ះពាល់​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង ​និង​មនុស្ស​រាប់​លាន​នាក់​គ្មាន​ការងារ​ធ្វើ​។

សាលា​រៀន​ អាង​ហែល​ទឹក រង្គសាល​ និង​ទីកន្លែង​ទេសចរណ៍​ជា​ច្រើន​ទៀត ​បាន​ចាប់​បើក​ឡើង​វិញ​នៅ​អឺរ៉ុប ​ខណៈ​ទ្វីប​នេះ​បន្ត​បន្ធូរ​បន្ថយ​ការ​បិទ​ប្រទេស​ ថ្វី​បើ​មាន​ការ​គំរាម​​អំពី​រលក​នៃ​ការ​ឆ្លង​ទី ២ ក្តី​​។​

បច្ចុប្បន្ន​ជំងឺ​រាត​ត្បាត​នេះ​បាន​ឆ្លង​ទៅ​មនុស្ស​យ៉ាង​តិច ​៦,២ ​លាន​នាក់ ​ចាប់​តាំង​ពី​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​ ​តាំង​ពី​ចុង​ឆ្នាំ ​២០១៩​។

លោក​ប្រធាន​គ្រប់គ្រង​ស្ថានភាព​គ្រាអាសន្ន​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) ​មីឆែល​ រីអាន បាន​ថ្លែង​ថា ​ប្រទេស ​៤ ​ក្នុង​ចំណោម​ ១០ ​នៅ​ទូទាំង​ពិភព​លោក​ ដោយ​មាន​ចំនួន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ច្រើន​ជាង​គេ​បំផុត​កាល​ពី​ថ្ងៃ​ចន្ទ​ គឺ​នៅ​អាមេរិក​ឡាទីន​។

ប្រទេស​ប្រេស៊ីល ​ប៉េរូ ស៊ីលី​ និង​ម៊ិកស៊ិក ​កំពុង​ជួប​ប្រទះ​ការ​កើន​ឡើង​ប្រចាំ​ថ្ងៃ​ច្រើន​បំផុត​ ខណៈ​ចំនួន​ឆ្លង​នោះ ​កំពុង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​អាហ្សង់ទីន ​បូលីវី​ កូឡុំប៊ី ​និង​ប្រទេស​ហៃទី​។

អាមេរិក​ឡាទីន ​បាន​ធ្វើ​តេស្ត​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ជាង ​១ ​លាន​នាក់​ និង​បាន​កត់​អ្នក​ស្លាប់​ជាង ​៥ ម៊ឺន​នាក់​។

ប្រទេស​ប្រេស៊ីល​ បាន​រាយការណ៍​ថា​ មាន​អ្នក​ឆ្លង​ជាង​ពាក់​កណ្តាល​នៃ​ករណី​ឆ្លង​នោះ​ និង ​៦០ ​ភាគរយ​នៃ​ចំនួន​អ្នក​ស្លាប់​នោះ​ដែរ។

ទោះបី​ជា​យ៉ាង​​ណា​ក៏​ដោយ ក៏​អភិបាល​ក្រុង​រីយោដឺហ្សេនេរ៉ូ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ក្រុង​ទេសចរណ៍​ដ៏​ពេញ​និយម​នេះ ​នឹង​ចាប់​ផ្តើម​បន្ធូរ​បន្ថយ​វិធាន​ការ​បិទ​ជា​បណ្តើរៗ​ដោយ​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​អង្គារ គឺ​ចាប់​ផ្តើម​បើក​កន្លែង​គោរព​បូជា ​និង​កន្លែង​កីឡា​ហែលទឹក​ឡើង​វិញ​។

ប្រទេស​ម៊ិកស៊ិក ​ក៏​បាន​ចាប់​ផ្តើម​បើក​ឡើង​វិញ​កាល​ពី​ថ្ងៃ​ចន្ទ ​ដោយ​ធ្វើ​ឲ្យ​ឧស្សាហកម្ម​រថយន្ត ​វ៉ែន និង​សំណង​ដំណើរការ​ឡើង​វិញ​ ថ្វី​បើ​ប្រទេស​នេះ ​បាន​កត់ត្រា​ថា​ មាន​អ្នក​ស្លាប់​ជាង ​១ ​ម៊ឺន​នាក់​ក្តី។

លោក ​រីអាន​ បាន​ព្រមាន​ថា ​តំបន់​នេះ​ ប្រឈម​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​នេះ​យ៉ាង​ខ្លាំង​ក្លា​​នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​។

លោក​បាន​ថ្លែង​ថា​៖ ​«ខ្ញុំ​មិន​ជឿ​ថា ​យើង​ឈាន​ដល់​ចំណុច​កំពូល​នៃ​ការ​ឆ្លង​វីរុស​នេះ ​ហើយ​នៅ​ត្រឹម​ចំណុច​នេះ ​ខ្ញុំ​មិន​អាច​ប៉ាន់ស្មាន់​ថា ​យើង​នឹង​ឈាន​ដល់​នោះ​ទេ​»។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​នៅ​អឺរ៉ុប ​ប្រទេស​ជា​ច្រើន​បាន​ចាប់​ផ្តើម​បន្ធូរ​បន្ថយ​ការ​បិទ​ប្រទេស ​ដោយ​ក្រើន​រំ​ឭក​ឲ្យ​មាន​​ការ​ប្រុង​ប្រយ័ត្ន​​ ក្រោយ​ជំងឺ​រាត​ត្បាត​នេះ​ ធ្វើ​ឲ្យ​​​​សេដ្ឋកិច្ច​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​​​៕AFP/PSA