អាជ្ញាធរ​សហរដ្ឋអាមេរិក​បាន​ចោទ​ប្រកាន់​ជនជាតិ​អ៊ីរ៉ង់ ១០ នាក់ ​កាល​ពី​ថ្ងៃ​សុក្រ​លើ​ករណី​គេចវេះ​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​លើ​ទីក្រុង​តេអេរ៉ង់ ​ដោយ​ក្លែង​បន្លំ​ទឹក​ប្រាក់​ចំនួន ៣០០ លាន​ដុល្លារ ​ក្នុង​ប្រតិបត្តិការ​មួយ​ចំនួន​រួម​ទាំង​ការ​ទិញ​នាវា​ដឹក​ប្រេង​ចំនួន ២ ផង​ដែរ។

អ្នក​នាំពាក្យ​ការិយាល័យ​មេធាវី​អាមេរិក​នៅ​ទីក្រុង​ឡូសអេនជឺលេស បាន​និយាយ​ថា បុរស ៨ នាក់ ​និង​ស្ត្រី ២ នាក់​នៅ​ក្រៅ​សហរដ្ឋអាមេរិក​មិន​ត្រូវ​បាន​ចាប់​ខ្លួន​ទេ។ មន្ត្រី​ដដែល​នេះ បាន​បដិសេធ​មិន​បកស្រាយ​ថា ​តើ​អាមេរិក​នឹង​ស្នើ​ឱ្យ​រដ្ឋាភិបាល​បរទេស​យក​ពួក​គេ​ទៅ​ឃុំឃាំង​ដែរ​ ឬ​យ៉ាងណា​នោះទេ?