ក្រុង​កាត់ថ្មាន់ឌូ៖ ​ប៉ូលិស​នេប៉ាល់​បាន​ចាប់​ខ្លួន​អ្នក​តវ៉ា ​១០ ​នាក់ ​នៅ​ក្នុង​នោះ​មាន​ជន​បរទេស​មក​ពី​ប្រទេស​អូស្ត្រាលី អាមេរិក ​កាណាដា​ កាល​ពី​ថ្ងៃ​សៅរ៍ ​ខណៈ​មនុស្ស​រាប់​រយ​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ក្រុង​កាត់​ថ្មាន់ឌូ​ប្រឆាំង​រដ្ឋាភិបាល ​ជុំវិញ​ការ​គ្រប់គ្រង ​និង​ដោះស្រាយ​វិបត្តិ​វីរុស។ ​​

ក្រុម​អ្នក​តវ៉ា​បាន​ផ្គើន​នឹង​ការ​បិទ​នៅ​ទូទាំង​ប្រទេស​ប៉ុន្មាន​ថ្ងៃ​កាល​ពី​សប្តាហ៍​មុន​ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​តេស្ត​ឲ្យ​បាន​ល្អ​ប្រសើរ ​និង​មាន​អគារ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​សម្រាប់​ពលករ​ចំណាក​ស្រុក ​ដែល​វិល​ត្រឡប់​មក​វិញ​។

​​

មន្ត្រី​ប៉ូលិស​លោក Sushil Kumar Yadav ​បាន​ថ្លែង​ប្រាប់ AFP ​ថា ៧​ នាក់​ក្នុង​ចំណោម​អ្នក​ត្រូវ​ចាប់​ខ្លួន​នោះ​ គឺ​ជា​ជន​បរទេស។​ លោក​បាន​ថ្លែង​ថា ​៣ ​នាក់ ​ក្នុង​ចំណោម​នោះ ​គឺ​ជា​ជនជាតិ​ចិន ​ដោយ​ម្នាក់​មក​ពី​អាមេរិក​ ម្នាក់​មក​ពី​អូស្ត្រាលី ​ម្នាក់​មក​ពី​កាណាដា ​និង​ម្នាក់​ទៀត ​មក​ពី​ន័រវែស​។

លោក​បាន​ថ្លែង​បន្ថែម​ថា៖ ​«​មិន​ទាន់​សម្រេច​ថា ​តើ​ពួក​គេ​នឹង​ត្រូវ​ចោទ​ប្រកាន់ ​ឬ​យ៉ាង​ណា​នោះ​ទេ​?​»។

នៅ​ក្នុង​កន្លែង​តវ៉ា​កាល​ពី​ថ្ងៃ​សៅរ៍ ​អ្នក​ចូលរួម​ទាំង​អស់​បាន​ពាក់​ម៉ាស់​ដោយ​​កាន់​បដា​សរសេរ​ថា «​ល្មមៗ​បាន​ហើយ​»។

និស្សិត​ឈ្មោះ ​Alisha Shrestha ​មាន​វ័យ ​២៣ ​ឆ្នាំ​ ដែល​មិន​ត្រូវ​បាន​ចាប់​ខ្លួន​នោះ ​បាន​ថ្លែង​ថា៖ «​នេះ​គឺ​ជា​ពេល​មាន​វិបត្តិ​ ហើយ​យើង​ត្រូវ​ការ​រដ្ឋាភិបាល​របស់​យើង​ទទួល​ខុស​ត្រូវ»​។

ខណៈ​ការ​តវ៉ា​បាន​ចប់​ដោយ​សន្តិវិធី​នោះ ​ប៉ូលិស​បាន​ប្រើ​កាណុង​បាញ់​ទឹក ​ដំបង​ និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ​ដើម្បី​បំបែក​ហ្វូង​តវ៉ា​នៅ​ក្បែរ​លំនៅឋាន​របស់​នាយក​រដ្ឋមន្ត្រី​កាល​ពី​ដើម​សប្តាហ៍​មុន​នេះ។ ​​​

នេប៉ាល់​បិទ​ប្រទេស​កាល​ពី​ខែ​មីនា​ ដើម្បី​ទប់​ស្កាត់​ជំងឺ​រាត​ត្បាត ​ហើយ​បច្ចុប្បន្ន​មាន​​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ ​៥ ០៦២ នាក់​ និង ​១៦ ​នាក់​ស្លាប់​៕ AFP/PSA