ក្រុងហ្សាការតាៈ ជនភៀសខ្លួនរាប់ពាន់នាក់បានតវ៉ានៅក្នុងប្រទេស ឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារ ដោយបាននិយាយថា ពួកគេត្រូវបានជាប់គាំងនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ អស់រយៈពេលជាច្រើនឆ្នាំ ដោយសារគោលនយោបាយរឹតបន្តឹងកាន់តែខ្លាំងឡើង នៅតាមព្រំដែនរបស់ប្រទេស អូស្ត្រាលី។
ការតវ៉ានោះ ត្រូវបានរៀបចំធ្វើឡើងនៅក្នុងទីក្រុងមួយចំនួន នៅក្នុងនោះមានទីក្រុងហ្សាការតា និងម៉ាកាសសារ នៅលើកោះស៊ូឡាវីស៊ី ជាទីដែលក្រុមអ្នកតវ៉ាប្រហែល ៦០០ នាក់ បានធ្វើបាតុកម្មនៅពីមុខស្ថានកុងស៊ុលអូស្ត្រាលី។
ពួកគេបានដាក់លិខិតមួយច្បាប់ទៅកាន់ក្រុមអ្នកការទូត ដោយអំពាវនាវឲ្យក្រុងកង់បេរ៉ា ដកច្បាប់អនុញ្ញាតឲ្យចូលដែល «មានលក្ខណៈអមនុស្សធម៌» ចូលប្រទេស អូស្ត្រាលី ចំពោះក្រុមជនភៀសខ្លួនដែលរស់នៅក្នុង ប្រទេស ឥណ្ឌូនេស៊ី។
ជនភៀសខ្លួនជាច្រើនបានសង្ឃឹមថា នឹងត្រូវបានអនុញ្ញាតឲ្យចូលទៅរស់នៅប្រទេស អូស្ត្រាលី ដែលនៅក្បែរខាងនោះឡើងវិញ។
លិខិតនោះបាននិយាយថា៖ «យើងបានរស់នៅទីនេះ ដូចនៅកន្លែងឋាននរក ដោយបានបាត់បង់សិទ្ធិជាមូលដ្ឋានរបស់យើង» ដោយបានបន្ថែមថា ជនភៀសខ្លួនខ្លះ កំពុងឈឺចាប់ «ខាងបញ្ហាផ្លូវចិត្ត និងអារម្មណ៍ច្របូកច្របល់»។
ជនភៀសខ្លួនមួយក្រុមមានគ្នាទាំងអស់ ១៥ នាក់ នៅក្នុងក្រុងហ្សាការតា បានគំរាមធ្វើកូដកម្មអត់អាហារ។
ភាគច្រើននៃជនភៀសខ្លួន ១៤ ពាន់នាក់ នៅក្នុងប្រទេស ឥណ្ឌូនេស៊ី មកពីប្រទេស អាហ្វហ្គានីស្ថាន សូម៉ាលី និងមីយ៉ាន់ម៉ា ជារឿយៗរស់នៅក្នុងមជ្ឈមណ្ឌលឃុំឃាំង ឬនៅលើដងផ្លូវ។
ឥណ្ឌូនេស៊ីមានធនធានតិចតួចដើម្បីធ្វើទំនាក់ទំនងជាមួយក្រុមជនភៀសខ្លួនទាំងអស់នោះ និងមិនគោរពតាមកិច្ចព្រមព្រៀងជនភៀសខ្លួនឆ្នាំ ១៩៥១ ដែលបញ្ជាក់ពីសិទ្ធិជនភៀសខ្លួននោះទេ៕ AFP/SK