ក្រុង​យ៊ាំង​ហ្គោន៖ ​ប៉ូលិស​តំបន់​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ជន​មូស្លីម​រ៉ូហ៊ីងយ៉ា​ ២២ ​នាក់​ ដែល​បាន​ព្យាយាម​រត់​គេច​ខ្លួន​ចេញ​ពី​ជំរំ​មួយ​នៃ​​ជំរំ​ជា​ច្រើន​នៅ​ប្រទេស ​មីយ៉ាន់ម៉ា​ ត្រូវ​បាន​ចាប់​ខ្លួន​ ក្រោយ​ពី​ពួក​គេ​ត្រូវ​បាន​ឲ្យ​ឡើង​ច្រាំង​​ ​ដោយសារ​ទូក​របស់​ពួក​គេ​ធ្លាយ​​ទឹក​ជ្រាប​ចូល​។​

ស្ថានភាព​របស់​ក្រុម​ជន​រ៉ូហ៊ីងយ៉ា​បាន​ធ្វើ​ឲ្យ​ពិភព​លោក​ភ័យ​ខ្លាច ​២ ​ឆ្នាំ​កន្លង​ទៅ​នេះ នៅ​ពេល​ដែល​ការ​បង្ក្រាប​ដោយ​យោធា​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​ បាន​បង្ខំ​ឲ្យ​ជន​ភាគ​តិច​គ្មាន​រដ្ឋ​ប្រហែល ​៧៤ ​ម៊ឺន​នាក់​ រត់​ភៀស​ខ្លួន​ចូល​ទៅ​ប្រទេស ​បង់ក្លាដែស​ ជា​ទី​ដែល​ពួក​គេ​រស់នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​យ៉ាង​លំបាក​នោះ​។

ប៉ុន្តែ​ពួក​គេ​រាប់​សែន​នាក់​ នៅ​ក្នុង​ប្រទេស ​មីយ៉ាន់​ម៉ា ​ត្រូវ​បាន​គេ​រឹត​ត្បិត​ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​អំពើ​ហិង្សា​នៅ​ក្នុង​ជំរំ ​ឬ​ភូមិ​នានា​ ដោយ​មាន​សេរីភាព​ដើរ​ហើរ​តិច​តួច​។

ដោយ​មាន​​​រឹត​ត្បិត​លទ្ធ​ភាព​ទទួល​ការ​អប់រំ ​ការ​រស់នៅ​ ឬ​ការ​ថែទាំ​សុខភាព​នោះ​​ អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ​ (Amnesty International) បាន​ចាត់​ទុក​ស្ថានភាព​របស់​ពួក​គេ​ថា​ជា​ការ​បំបែក​ពូជ​សាសន៍​។

ជន​រ៉ូហ៊ីង​យ៉ា​ភាគ​ច្រើន​ បាន​ព្យាយាម​គេច​ខ្លួន​ជា​ច្រើន​ឆ្នាំ ​ទៅ​កាន់​ប្រទេស ​ថៃ ​ឬ​ម៉ាឡេស៊ី ​ជា​រឿយៗ​បង់​ថ្លៃ​យ៉ាង​ច្រើន​ដល់​ក្រុម​អ្នក​ជួញដូរ​មនុស្ស ​ដើម្បី​ទៅ​ដល់​កន្លែង​នានា​ដោយ​ជិះ​ទូក​ចាស់​ធ្លុះធ្លាយ​​មាន​មនុស្ស​យ៉ាង​ច្រើន​នោះ​​។​​​

អ្នក​នាំពាក្យ​កងកម្លាំង​ប៉ូលិស​លោក ​Tun Shwe បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន ​AFP ​កាល​ពី​ថ្ងៃ​សុក្រ​ថា​៖ «​មាន​មនុស្ស​​ទាំង​ ​២២ ​នាក់ ​បុរស ​៩ ​នាក់ ​និង​ស្ត្រី​ ១៣ ​នាក់​ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ»។

លោក​បាន​ថ្លែង​ថា​ ពួក​គេ​បាន​ប្រាប់​ប៉ូលិស​ថា​ ពួក​គេ​បាន​ធ្វើ​ដំណើរ​រយៈពេល ​៤ ថ្ងៃ ​ចេញ​ពី​ជំរំ​Thetkaypyin​នៅ​ក្បែរ​ក្រុង​ Sittwe​នៃ​រដ្ឋ​រ៉ាក់ឃីន​។

លោក​បាន​និយាយ​ថា៖ ​«ពួក​គេ​បាន​ឡើង​ច្រាំង​ដោយសារ​ទូក​របស់​ពួក​គេ​​ធ្លាយ​ជ្រាប​ទឹក​»៕ AFP/PSA​