ក្រុង​កាប៊ុល៖​ ក្រុម​មន្ត្រី​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​អ្នក​បះបោរ​តាលីបង់​​ប្រដាប់​ដោយ​អាវុធ ​២៤ នាក់​ ត្រូវ​បាន​គេ​សម្លាប់ ​និង​ជន​សកម្ម​ប្រយុទ្ធ ​៣១ ​នាក់ ​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម ​IS បាន​ប្រគល់​ខ្លួន​នៅ​ក្នុង​ប្រទេស ​អាហ្វហ្គានីស្ថាន ដែល​​រង​ការ​ញាំញី​ដោយ​ភាព​ចលាចល​ក្នុង​រយៈពេល​ ២៤ ​ម៉ោង ​កន្លង​ទៅ​នេះ​។

សេចក្តី​ថ្លែងការណ៍​មួយ​របស់​កងទ័ព​បាន​ឲ្យ​ដឹង​ថា ​កម្លាំង​សន្តិសុខ​ដែល​ចូលរួម​នៅ​ក្នុង​ការ​បង្ក្រាប​​ទៅ​លើក​ន្លែង​លាក់​ខ្លួន​របស់​ក្រុម​តាលីបង់​ បាន​សម្លាប់​អ្នក​បះបោរ​ប្រដាប់​អាវុធ​ចំនួន ​៨ ​នាក់ ​នៅ​ក្នុង​ខេត្ត​បារ៉ាគីបារ៉ាក់ ​ដែល​មាន​ភាព​ជ្រួល​ច្របល់​នៅ​ក្នុង​ខេត្ត​​ឡូហ្គារ​ភាគ​ខាង​កើត​។​

យោង​តាម​សេចក្តី​ថ្លែង ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍​បាន​ឲ្យ​ដឹង​ថា ​កិច្ច​ប្រតិបត្តិការ​នោះ​ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ និង​មាន​រយៈពេល​តែ ​២-៣ ម៉ោង​ប៉ុណ្ណោះ​ ដោយ​បាន​បង្ក​ឲ្យ​អ្នក​បះបោរ ​៨ ​នាក់ ​ស្លាប់​និង ​២ ​នាក់​ផ្សេង​ទៀត​ រង​របួស​។​​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ខេត្ត​លោក Esmatullah Muradi ​បាន​បញ្ជាក់​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​ថា តាម​ការ​រាយការណ៍ ​ជន​សកម្ម​ប្រយុទ្ធ ​៨ ​នាក់​ ត្រូវ​បាន​គេ​សម្លាប់​ និង ​៧ ​នាក់​ផ្សេង​ទៀត​​ បាន​រង​របួស​នៅ​ក្នុង​តំបន់​តាឡូកា​នៃ​ខេត្ត​គុនឌូស ​ភាគ​ខាង​ជើង​ ខណៈ​កងកម្លាំង​រដ្ឋាភិបាល​បាន​ធ្វើ​ប្រតិបត្តិការ​កាល​ពី​​ព្រឹក​ថ្ងៃ​សៅរ៍​។

លោក​ Abdullah​ ជា​មន្ត្រី​ប៉ូលិស​ម្នាក់​នៅ​ក្នុង​ខេត្ត​ដែល​មាន​បញ្ហា​នេះ​បាន​អះអាង​ថា នៅ​ពេល​ជាមួយ​គ្នា​នោះ​ដែរ ​ជន​សកម្ម​ប្រយុទ្ធ​តាលីបង់​បាន​សម្លាប់​យុទ្ធជន ​៣ នាក់​របស់​ក្រុម​រដ្ឋអ៊ិស្លាម​ IS៕ AFP/PSA