ប្រទេស​ជប៉ុន​ ត្រៀម​ប្រកាស​ភាព​អាសន្ន​មួយ​ខែ​នៅ​រដ្ឋធានី​តូក្យូ​និង​ខេត្ត​ជិត​ខាង​ចំនួន​បី​បន្ទាប់​ ពី​ការ​ណែនាំ​ដោយ​ក្រុមប្រឹក្សា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ៧ ខណៈពេល​ដែល​រដ្ឋធានី​បាន​ប្រកាស​ករណី​ឆ្លង​ថ្មី​ចំនួន ២,៤៤៧ ករណី​។

លោក Yasutoshi Nishimura រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ជប៉ុន​បាន​​និយាយ​ថា​ការ​ស្នើ​សុំ​ប្រកាស​ភាព​អាសន្ន ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ៨ ខែ​មករា ​ដល់​ថ្ងៃ​ទី ៧ ខែ​កុម្ភៈ ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ពេល​ព្រឹក​។ វិធាន​ការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​នឹង​ធ្វើ​ជុំវិញ​ការ​រឹត​បន្តឹង​ចំនួន​មនុស្ស​ក្នុងបារ​ និង​ភោជនីយដ្ឋាន​ ដែល​រដ្ឋាភិបាល​លើក​ឡើង​ថា​ស្ថាប័ន​ទាំង​នេះ​ជា​កន្លែង​ មាន​ហានិភ័យ​ឆ្លង​ខ្ពស់​។

លោក​នាយករដ្ឋមន្ត្រី​ Yoshihide Suga នឹង​ធ្វើ​ការ​ប្រកាស​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​ ៧ មករា​។

ក្រៅ​ពី​ការ​រឹត​បន្តឹង​លើ​បារ​និង​ភោជនីយដ្ឋាន​ រដ្ឋាភិបាល​ក៏​ស្នើ​សុំ​ឱ្យ​ប្រជាជន​ចៀស​វាង​ការ​ចេញ​​ក្រៅ​ដែល​មិន​ចាំបាច់ជំរុញ​​ឱ្យ​ប្រើប្រាស់​វិស័យ​ទូរគមនាគមន៍ និង​កំណត់​ការ​ចូល​រួម​នៅ​ក្នុង​​កម្មវិធី​កីឡា និង​ព្រឹត្តិការណ៍​ធំៗ ត្រឹម​មនុស្ស ៥ ០០០ នាក់។

ការ​ប្រកាស​ភាព​អាសន្ន​របស់​ប្រទេស​ជប៉ុន​គឺ​មិន​ដូច​ការ​ដាក់​ការ​បង្ខាំង​មិន​ឱ្យ​ចេញ​ចូល​នៅ​អឺរ៉ុប​ទេ​ ដោយ​រដ្ឋាភិបាល​កំពុង​ស្វែង​រក​វិធាន​មាន​ការ​តឹងរ៉ឹង​តិច​ជាង​នៅ​ការ​ប្រកាស​ភាព​អាសន្ន​​​របស់​ខ្លួន​កាល​ពី​ឆ្នាំ​មុន​ដែល​បាន​​បង្ក​ឱ្យ​មាន​ការ​ចុះ​ខ្សោយ​ផ្នែក​សេដ្ឋកិច្ច​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ ប៉ុន្តែ​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​បាន​និយាយ​ថា​ផែនការ​របស់​រដ្ឋាភិបាល​ប្រហែល​ជា​មិន​គ្រប់​​គ្រាន់ដោយ​សារ​មាន​ករណី​ថ្មី​ៗ​កើន​ឡើង​ខ្ពស់​នៅ​ទូទាំង​ប្រទេស​៕