កាល​ពី​ថ្ងៃ​ចន្ទ ​ទី ១៩ ​ខែតុលា ​នាយក​រដ្ឋមន្ត្រី​ជប៉ុន ​លោក ​Yoshihide Suga ​និង​នាយក​រដ្ឋមន្ដ្រី​វៀតណាម​លោក​ Nguyen Xuan Phuc​ បាន​ឯកភាព​គ្នា​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យធំៗ​ចំនួន ​២ គឺ​សន្តិសុខ​ និង​សេដ្ឋកិច្ច។

ការ​ឯកភាព​នេះ​ ធ្វើ​ឡើង​ខណៈ​ពេល​ដែល​ចិន​កំពុង​បង្កើន​ឥទ្ធិពល​នៅ​ក្នុង​តំបន់​ពិសេស​សមុទ្រ​ចិន​ខាង​ត្បូង។

ក្នុង​ដំណើរ​ទស្សនកិច្ច​ក្រៅ​ប្រទេស​ជា​លើក​ដំបូង​បន្ទាប់​ពី​ឡើង​កាន់​តំណែង​កាល​ពី​ខែ​មុន​នេះ ​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន Yoshihide Suga បាន​ពិភាក្សា​គ្នា​ជាមួយ​លោក​នាយក​រដ្ឋមន្ដ្រី​វៀតណាម Nguyen Xuan Phuc ដើម្បី​កំណត់​កិច្ច​ព្រមព្រៀង​អនុញ្ញាត​ឱ្យ​ទីក្រុង​តូក្យូ​អាច​នាំ​ចេញ​ឧបករណ៍​បច្ចេកវិទ្យា​យោធា​ទៅ​ឱ្យ​ទីក្រុង​ហាណូយ។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​រូប​នេះ បាន​និយាយ​ថា​ ដំណើរ​ទស្សនកិច្ច​រយៈពេល ​៤ ថ្ងៃ​របស់​លោក​ទៅ​កាន់​ប្រទេស​វៀតណាម និង​ប្រទេស​ឥណ្ឌនេស៊ី ​គឺ​ជា​គន្លឹះ​ក្នុង​ការ​បន្តកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​សន្តិសុខ​ពហុភាគី ដើម្បី​ប្រឆាំង​នឹង​ការ​កើន​ឡើង​នៃ អំណាច​របស់​ចិន​ហើយ​ក៏​ដើម្បី​ការពារ​ផ្លូវ​ពាណិជ្ជកម្ម​នៅ​តាម​តំបន់​មាន ជម្លោះ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ផង​ដែរ។

«វៀតណាម ​គឺ​សំខាន់​ណាស់​ក្នុង​ការ​សម្រេច​នូវ​ចក្ខុវិស័យ ​"ឥណ្ឌូប៉ាស៊ីហ្វិក​សេរី ​និង​បើក​ចំហ» របស់​យើង ហើយ​ក៏​ជា​ដៃ​គូ​ដ៏​មាន​តម្លៃ​ផង​ដែរ»​។ ​លោក​Suga​ បាន​និយាយ​បែប​នេះ​ក្នុង​សន្និសីទ​កាសែត​ក្រោយ​កិច្ច​ប្រជុំ​។ លោក​បាន​បន្ត​ទៀត​ថា៖ «ប្រទេស​ជប៉ុន ​ក្នុង​នាម​ជា​ប្រជាជាតិ​ឥណ្ឌូ-ប៉ាស៊ីហ្វិក នឹង​បន្ត​រួម​ចំណែក​ក្នុង​កិច្ច​ការ​រក្សា​សន្តិភាព ​និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​នេះ»។

រីឯ​លោក​នាយក​រដ្ឋមន្ដ្រី​វៀតណាម Xuan Phuc វិញ​បាន​និយាយ​ថា៖ «វៀតណាម​ស្វាគមន៍​ជប៉ុន​ជា​មហា​អំណាច​ពិភព​លោក​មួយ​ឱ្យ​បន្ត​ចូលរួម​ចំណែក​យ៉ាង​សកម្ម​រក្សា​សន្តិភាព​ស្ថិរភាព ​និង​វិបុលភាព​ក្នុង​តំបន់ ​និង​ក្នុង​ពិភព​លោក»។

ក្រៅ​តែ​ពី​ឯកភាព​គ្នា​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​លោក​ Suga​ និង​លោក​ Xuan Phuc ក៏​បាន​ឯកភាព​លើ​សហ​ប្រតិបត្តិការ​ធ្វើ​ពិពិធកម្ម​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ ​និង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ប្រទេស​ចិន ​ផង​ដែរ ​ដោយ​ហេតុ​ថា នៅ​ដើម​ឆ្នាំ​នេះ​ប្រទេស​ជប៉ុន ​មាន​កង្វះ​ខាត​ម៉ាស់ ​និង​ឧបករណ៍​វេជ្ជសាស្ត្រ​ ដែល​ជប៉ុន​ចាំបាច់​ត្រូវ​នាំ​ចូល​ពី​ប្រទេស​ចិន។

គួរ​បញ្ជាក់​ថា​ ប្រទេស​ជប៉ុន ​មាន​កិច្ច​ព្រមព្រៀង​ផ្ទេរ​បច្ចេកវិទ្យា​រួច​ស្រេច​ជាមួយ​ប្រទេស​ដទៃ​ទៀត​ដែល​រួមមាន​សហរដ្ឋ​អាមេរិក អង់គ្លេស និង ម៉ាឡេស៊ី។ រី​ឯ​ប្រទេស​វៀតណាម ​គឺ​ជា​ដៃគូ​ទី១២ ហើយ​ជប៉ុន​ក៏​កំពុង​តែ​ចរចា​កិច្ច​ព្រមព្រៀង​ជាមួយ​ឥណ្ឌូនេស៊ី​ និង​ថៃ។ ការ​នាំ​ចេញ​ដំបូង​នៃ​ឧបករណ៍​របស់​ជប៉ុន​ គឺ​បាន​ធ្វើ​ឡើង​នៅ​ខែ​សីហា នៅ​ពេល​ហ្វីលីពីន​បាន​ទិញ​យក​ប្រព័ន្ធ​រ៉ាដា​មួយ​។

ជា​ការ​កត់​សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​ជប៉ុន ​ក៏​កំពុង​ព្យាយាម​ជំរុញ​ការ​នាំ​ចេញ​បច្ចេកវិទ្យា​យោធា​ទំនើបៗ​ដែល​រួមមាន​រថយន្ត​ម៉ារីន​ទំនើប ​ដ្រូន​មុជ​ទឹក​ ​និង​បច្ចេកវិទ្យា​រាវ​រក​មីន​ក្រោយ​បម្រាម​នាំចេញ​អាវុធ​ដាក់​លើ​ខ្លួន​ឯង (Self-Imposed) ត្រូវ​បាន​ដក​ចេញ។

កាល​ពី​ខែ​សីហា ​ប្រទេស​វៀតណាម ​បាន​យល់ព្រម​ទិញ​នាវា​ល្បាត​ចំនួន ៦ ​គ្រឿង​ពី​ប្រទេស​ជប៉ុន ​ក្នុង​តម្លៃ ៣៤៥ ​លាន​ដុល្លារ។

វៀតណាម​ចង់​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​ការពារ​ដែន​សមុទ្រ​របស់​ខ្លួន ខណៈ​ពេល​ដែល​ប្រទេស​ចិន​ កំពុង​បន្ត​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​យោធា​លើ​កោះ​ន​ជម្លោះ​នៅ​ក្នុង​ដែន​ទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង​៕