មន្ត្រីសហភាពអឺរ៉ុប (EU) ១ រូប បាននិយាយកាលពីថ្ងៃអាទិត្យ ទី ២១ មីនាថា ចក្រភពអង់គ្លេសនឹងមិនទទួលបានការដឹកជញ្ជូនវ៉ាក់សាំងកូវីដ ១៩ AstraZeneca ដែលផលិតនៅប្រទេសហូឡង់ ខណៈប្លុកនេះព្យាយាមបម្រុងទុកវ៉ាក់សាំងសម្រាប់ពលរដ្ឋរបស់ខ្លួន។
មន្ត្រីរូបនេះបានប្រាប់សារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖ «ចក្រភពអង់គ្លេស កំពុងតែទទូចថា រោងចក្រ Halix នៅប្រទេសហូឡង់ បញ្ជូនសារធាតុឱសថទាំងអស់ផលិតនៅទីនោះទៅឱ្យពួកគេ។ នេះមិនអាចធ្វើបានទេ»។
រោងចក្រដែលមានមូលដ្ឋាននៅទីក្រុង Leiden ប្រទេសហូឡង់ នេះគឺគ្រប់គ្រងដោយក្រុមហ៊ុនម៉ៅការបន្ត Halix ដែលបានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុន AstraZeneca ដើម្បីផលិតវ៉ាក់សាំងសម្រាប់ផ្គត់ផ្គង់នៅចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប។
មន្ត្រីរូបនេះបាននិយាយថា៖ «អ្វីដែលត្រូវបានផលិតនៅ Halix គឺត្រូវតែចែកចាយទៅក្នុងសហភាពអឺរ៉ុប»។
កាលពីថ្ងៃអាទិត្យដដែលរដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេសលោក Ben Wallace បានឆ្លើយតបទៅនឹងការរាយការណ៍ថា លោក Ursula Von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានគំរាមបញ្ឈប់ការនាំចេញវ៉ាក់សាំងទៅកាន់អង់គ្លេសដោយនិយាយថា៖ «គណៈកម្មការអឺរ៉ុប នឹងដឹងថា ពិភពលោកទាំងមូលកំពុងពិនិត្យមើលគណៈកម្មការអំពីរបៀបដែលពួកគេគ្រប់គ្រងបញ្ហានេះ ហើយប្រសិនបើកិច្ចសន្យាត្រូវបានរំលោភ នោះគឺជារឿងធ្វើឱ្យខូចខាតយ៉ាងខ្លាំងសម្រាប់ប្លុកពាណិជ្ជកម្មនេះ ដែលតែងតែមានមោទនភាពចំពោះនីតិរដ្ឋរបស់ខ្លួន»។
កាលពីថ្ងៃពុធសហភាពអឺរ៉ុបបានគំរាមបញ្ឈប់ការនាំចេញវ៉ាក់សាំងកូវីដ ១៩ ដើម្បីធានាមិនឱ្យមានការខ្វះខាត ខណៈពេលដែលលោកស្រី Von der Leyenនិយាយថា ស្ថានភាពរីករាលដាលជំងឺនៅអឺរ៉ុបគឺ កាន់តែពិបាកទៅ។
មន្ត្រី EU ជាន់ខ្ពស់ ១ រូបទៀតបានប្រាប់សារព័ត៌មាន Bloomberg ថា ពួកគេនឹងចាប់ផ្ដើមពិនិត្យឡើងវិញលើការអនុញ្ញាតឱ្យ AstraZeneca នាំចេញទៅចក្រភពអង់គ្លេស ហើយពួកគេទំនងនឹងដកការអនុញ្ញាតនេះរហូតដល់ពេលក្រុមហ៊ុនឱសថនេះ បំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្គត់ផ្គង់ប្រទេសជាសមាជិកទាំង ២៧។
មកដល់ពេលនេះ AstraZeneca មិនទាន់បានដាក់ពាក្យស្នើសុំការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងផលិតដោយ Halixពី EU នៅឡើយ។ បើគ្មានការអនុញ្ញាតវ៉ាក់សាំងផលិតដោយ Halix គឺមិនអាចប្រើប្រាស់នៅសហភាពអឺរ៉ុបទេ។ ប៉ុន្តែមន្ត្រីខាងលើ និងប្រភពសហភាពអឺរ៉ុប ១ រូបទៀត បានប្រាប់សារពត៌មាន Reuters ថា ការស្នើសុំនេះនឹងធ្វើឡើងនៅពេលឆាប់នេះ ហើយរោងចក្រ Halix បានចាប់ផ្ដើមផលិតវ៉ាក់សាំងនេះទៅហើយ។ AstraZeneca បានបដិសេធធ្វើអត្ថាធិប្បាយជុំវិញបរិមាណវ៉ាក់សាំងដែលត្រូវបានស្តុកទុកនៅ Halix។
ជម្លោះវ៉ាក់សាំងរវាងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេសបានចាប់ផ្ដើមកាលពីដើមឆ្នាំនេះ នៅពេលដែលក្រុមហ៊ុន AstraZeneca បានជូនដំណឹងដល់ EU ថា ខ្លួនមិនអាចផ្គត់ផ្គង់ដល់កម្រិតដែលបានយល់ព្រមក្នុងកិច្ចសន្យាសម្រាប់ត្រីមាសទី១ ឆ្នាំ២០២១។ ការជូនដំណឹងបានធ្វើឱ្យសហភាពអឺរ៉ុបចោទប្រកាន់ AstraZencaថា បានរំលោភកិច្ចសន្យា និងធ្វើការផ្គត់ផ្គង់ទៅចក្រភពអង់គ្លេសច្រើនជាងប្រទេសអឺរ៉ុប ហើយរួមទាំងបានដឹកជញ្ជូនវ៉ាក់សាំងផលិតនៅទ្វីបអឺរ៉ុបទៅកាន់ទីនោះផងដែរ។ សហភាពអឺរ៉ុប បានទាមទារឱ្យ AstraZeneca ទាញយកវ៉ាក់សាំងផលិតសម្រាប់អង់គ្លេសមកផ្គត់ផ្គង់ពួកគេវិញ។
ក្រុមហ៊ុន AstraZeneca បានច្រានចោលការទាមទារនេះហើយបាននិយាយថា ខ្លួនមិនបានរំលោភកិច្ចសន្យាទេ។ ចក្រភពអង់គ្លេសបានចុះកិច្ចសន្យាផ្ទាល់ជាមួយក្រុមហ៊ុននេះ រយៈពេល ៣ ខែមុនសហភាពអឺរ៉ុប ហើយក្រោមកិច្ចសន្យានោះ វ៉ាក់សាំងដែលផលិតនៅចក្រភពអង់គ្លេសត្រូវផ្គត់ផ្គង់ទៅទីនោះ ជាមុនសិន។
ភាគីទាំងសងខាងបានស្ដីបន្ទោសគ្នាទៅវិញទៅមកចំពោះការទប់ស្កាត់ការនាំចេញ និងជាតិនិយមលើវ៉ាក់សាំង ដែលបង្កហានិភ័យដល់ទំនាក់ទំនងពាណិជ្ជកម្មដ៏ផុយស្រួយក្រោយ Brexit ដែលទើបតែបានព្រមព្រៀងនៅក្នុងខែធ្នូ។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson និងលោកស្រី von der Leyen បាននិយាយគ្នាកាលពីសប្ដាហ៍មុន ហើយការសន្ទនាបែបការទូតជាន់ខ្ពស់ថ្មីមួយរវាងមេដឹកនាំទាំង ២ ត្រូវបានគេរំពឹងទុកនឹងកើតឡើងមុនកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែល។
មេដឹកនាំសហភាពអឺរ៉ុបនឹងជួបប្រជុំនៅសប្ដាហ៍នេះ ដើម្បីពិភាក្សាផែនការការដាក់កម្រិតលើការនាំចេញវ៉ាក់សាំង ហើយ នឹងសម្រេចថា អនុវត្តផែនការនេះដែរ ឬទេ។ ប្រទេសជាច្រើនរួមមានប្រទេសអ៊ីតាលី និងបារាំងបាននិយាយថា ពួកគេគាំទ្រចំពោះវិធានការហាមឃាត់ការនាំចេញ ខណៈប្រទេសផ្សេងទៀតដូចជា អៀរឡង់ បែលហ្ស៊ិក និងហូឡង់បានជំរុញឱ្យមានការប្រុងប្រយ័ត្ននិងព្រួយបារម្ភអំពីផលប៉ះពាល់ដល់ក្រុមហ៊ុនអឺរ៉ុប៕