កាលពីថ្ងៃអាទិត្យ ទី ៣០ ឧសភា នាយករដ្ឋមន្រ្តីអូស្ត្រាលី និងនូវែលសេឡង់ មានជំនួបដោយផ្ទាល់ ក្រោយពីមានសញ្ញាគំនិតផ្ទុយគ្នាស្តីពីវិធីគ្រប់គ្រងទំនាក់ទំនងជាមួយចិន។
លោក Scott Morrison នាយករដ្ឋមន្រ្តីអូស្ត្រាលី និងនាយករដ្ឋមន្រ្តីនូវែលសេឡង់លោកស្រី Jacinda Ardern ជួបគ្នានៅឯ Queenstown ប្រទេសនូវែលសេឡង់ សម្រាប់កិច្ចពិភាក្សាដែលត្រូវបានគេរំពឹងថា នឹងផ្តោតលើវិធីសាស្រ្តផ្សេងៗគ្នារបស់ប្រទេសទាំង ២ ចំពោះប្រទេសចិន។ បណ្តាប្រទេសលោកខាងលិចរួមទាំងសហរដ្ឋអាមេរិក បានបង្កើនការសម្របសម្រួល ដើម្បីដាក់សម្ពាធលើទីក្រុងប៉េកាំង លើបញ្ហាសិទ្ធិមនុស្ស និងសន្តិសុខ។
លោកស្រី Ardern បាននិយាយកាលពីដើមឧសភានេះថា កិច្ចប្រជុំនេះ គឺជាឱកាសមួយសម្រាប់សម្ព័ន្ធមិត្ត ដើម្បីពិភាក្សាពីបញ្ហាប្រឈមរួមមានទាំងការងើបឡើងវិញពីជំងឺរាតត្បាតកូវីដ ១៩ និងបញ្ហាសន្តិសុខក្នុងតំបន់។
ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ជាសមាជិកនៃសម្ព័ន្ធភាពភ្នែក ៥ (The Five Eyes) ដែលជាសម្ព័ន្ធភាពដែលគេស្គាល់ថា ជាសម្ព័ន្ធមិត្តស៊ើបការណ៍ជោគជ័យបំផុតរបស់ពិភពលោក ប៉ុន្តែថ្មីៗនេះ មានការជំទាស់ផ្នែកគំនិតទាក់ទងនឹងទំនាក់ទំនងជាមួយចិន។
សម្ព័ន្ធនេះ ជាការរៀបចំចែករំលែកការស៊ើបការណ៍សម្ងាត់រវាងប្រទេសប្រជាធិបតេយ្យ ដែលនិយាយភាសាអង់គ្លេសចំនួន ៥ គឺសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា អូស្ត្រាលី និងនូវែលសេឡង់។
សមាជិក ៤ នាក់ ក្នុងចំណោមសមាជិកទាំងអស់ បានថ្កោលទោសរួមគ្នាចំពោះការប្រព្រឹត្តរបស់ចិនចំពោះប្រជាជនអ៊ុយហ្គ័រ នៅក្នុងខេត្តស៊ីនជាំង។ ពួកគេក៏បានសម្តែងការព្រួយបារម្ភផងដែរ ចំពោះការកាន់កាប់យោធាតាមសមុទ្ររបស់ចិននៅសមុទ្រចិនខាងត្បូង ការបង្ក្រាបប្រជាធិបតេយ្យនៅហុងកុង និងការគំរាមកំហែងចំពោះកោះតៃវ៉ាន់ ដែលចិនបានប្តេជ្ញាថា នឹងដកហូតមកវិញនៅឆ្នាំ ២០៤៩។ ប៉ុន្តែមានប្រទេសនូវែលសេឡង់ មួយបានជ្រើសរើសចេញពីការប្រឈមមុខនឹងប្រទេសចិន។
រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ NanaiaMahuta បានបដិសេធមិនចូលរួមក្នុងការថ្កោលទោសរបស់លោកខាងលិចចំពោះទីក្រុងប៉េកាំង ដោយនិយាយថា៖ «វាមិនស្រួលទេក្នុងការពង្រីកតួនាទីរបស់សម្ព័ន្ធមិត្ត ដោយដាក់សម្ពាធលើប្រទេសចិន ក្នុងរឿងនេះ»។
ទោះបីជានាយករដ្ឋមន្រ្តីនូវែលសេឡង់ លោក Jacinda Ardernធ្លាប់បានទទួលស្គាល់ថា ភាពខុសគ្នានៃគំនិតរបស់ខ្លួនទាក់ទងនឹងប្រទេសចិន កំពុងពិបាកផ្សះផ្សាក៏ដោយ ក៏ប្រទេសនេះនៅតែចង់បន្តទំនាក់ទំនងទ្វេភាគីផ្ទាល់ខ្លួនជាមួយទីក្រុងប៉េកាំង។
នៅខែឧសភា ឆ្នាំ ២០២០ សម្ព័ន្ធភាពនេះ បានយល់ព្រមពង្រីកតួនាទីរបស់ខ្លួនទៅជាជំហរសាធារណៈថែមទៀត លើការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ កាលពីខែវិច្ឆិកា ឆ្នាំ ២០២០ សម្ព័ន្ធភាពនេះ ក៏បានរិះគន់រដ្ឋាភិបាលចិនចំពោះការរឹតត្បិតលទ្ធិប្រជាធិបតេយ្យនៅហុងកុង នៅពេលដែលទីក្រុងប៉េកាំង បានណែនាំច្បាប់ថ្មីដែលធ្វើឱ្យបាត់បង់សមាជិកសភាដែលបានជាប់ឆ្នោតនៅក្នុងអតីតអាណានិគមអង់គ្លេស។
អ្នកនាំពាក្យរដ្ឋាភិបាលចិន បានប្រតិកម្មដោយកំហឹងដោយចំអកដល់សម្ព័ន្ធមិត្តភ្នែក ៥ ដោយនិយាយថា៖ «អ្នកដែលហ៊ានធ្វើបាបដល់អធិបតេយ្យភាពរបស់ចិននឹងត្រូវមើលឃើញដោយផ្ទាល់ភ្នែក»។
៦ ខែក្រោយមក ការចាកចេញរបស់ប្រទេសនូវែលសេឡង់ ក្នុងការមិនគាំទ្រការគាបសង្កត់ទៅលើប្រទេសចិន បានធ្វើឱ្យការពង្រីកគោលជំហរថ្មីរបស់សម្ព័ន្ធនេះ ហាក់ដូចជាកំពុងស្ថិតក្នុងស្ថានភាពមួយដែលកំពុងមានបញ្ហា។
រដ្ឋាភិបាលសហព័ន្ធអូស្ត្រាលីនៅទីក្រុងកង់បេរ៉ាបានធ្វើវិសោធកម្មវិនិយោគចិនដ៏ធំមួយនៅរដ្ឋវិចតូរៀ (Victoria) ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមគោលនយោបាយខ្សែក្រវាត់មួយផ្លូវមួយរបស់ទីក្រុងប៉េកាំង។ទន្ទឹមនឹងនេះដែរ ប្រទេសចិន បានដាក់ចេញនូវទណ្ឌកម្មពាណិជ្ជកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់ប្រទេសអូស្ត្រាលី ក្នុងរយៈពេល ១ ឆ្នាំកន្លងមក។
ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំង ២ កាន់តែមិនមានភាពប្រសើរឡើងការនាំចេញស្រារបស់អូស្ត្រាលីទៅកាន់ប្រទេសចិន ត្រូវបានគេរាយការណ៍ថា បានធ្លាក់ចុះ ៩៦ ភាគរយ នៅត្រីមាសទី១ នៃឆ្នាំ ២០២០ បើប្រៀបធៀបទៅនឹងត្រីមាសទី១ នៃឆ្នាំនេះ។ ផ្ទុយទៅវិញ ប្រទេសនូវែលសេឡង់ មានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន កាន់តែជិតស្និទ្ធ៕