ក្រុង​វ៉ាស៊ីនតោនៈ លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា លោក សង្ឃឹម​នឹង​រៀបចំ​ជំនួប​លើក​ទី ២ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នៅ​ដើម​ឆ្នាំ ២០១៩ ប្រហែល​ជា​នៅ​ក្នុង​ខែ​មករា ឬ ខែ​កុម្ភៈ។

លោក​ត្រាំ បាន​ថ្លែងប្រាប់​ក្រុម​អ្នកកាសែត​ថា កន្លែង​ចំនួន ៣ កំពុង​ត្រូវបាន​ពិចារណា​សម្រាប់​ជំនួប​នោះ បន្ទាប់​ពី​ជំនួប​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ប្រទេស សិង្ហបុរី​កាល​ពី​ខែ​មិថុនា។

នៅពេល​ត្រូវបាន​គេ​សួរ​អំពី​ជំនួប​នៅពេល​ខាងមុខ​នោះ លោក​ត្រាំ បាន​និយាយ​ថា៖ «ខ្ញុំ​គិតថា យើង​នឹង​ធ្វើ​ការងារ​មួយ​យ៉ាង​ល្អ​នៅ​ក្នុង​ខែ​មករា ឬ ខែ​កុម្ភៈ»។

កាលពី​ខែមិថុនា លោក​ដូ​ណា​ល់ ត្រាំ​និង លោក គីម ជុន​អ៊ុន បាន​បើក​កិច្ច​ពិភាក្សា​អំពី​ការ​លុប​បំបាត់​អាវុធ​នុយក្លអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ក្រោយ​ពី​ការ​គំរាម​កំហែង​ប្រើ​យោធា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។

មេដឹកនាំ​ទាំង ២ បាន​ចុះហត្ថលេខា​លើ​ឯកសារ​មាន​ពាក្យពេចន៍​មិន​ច្បាស់​ស្តីពី​ការ​លុប​បំបាត់​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ ប៉ុន្តែ​ការ​រីក​ចម្រើន​បាន​ជាប់​គាំង ខណៈ​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ព្យុងយ៉ាង​បាន​ឌឺដង​ដាក់​គ្នា និង​កូរ៉េខាងជើង បាន​ចាត់​វិធានការ​ធ្វើការ​បោះ​បង់​ចោល​កម្មវិធី អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​បាលី​ស្ទិក​របស់​ខ្លួន។

រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃ​ក៍​ប៉ុ​ម​ប៉េ​អូ គ្រោង​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង កាល​ពី​ដើម​ខែ​វិច្ឆិកា ប៉ុន្តែ​ជំនួប​នោះ ត្រូវ​បាន​លុប​ភ្លាមៗ ដោយ​កូរ៉េខាងជើង​ទទូច​ថា ក្រុង​វ៉ាស៊ីនតោន​គួរ​បន្ធូរ​បន្ថយ​ទណ្ឌកម្ម។

កាលពី​ថ្ងៃ​សុក្រ លោក​ត្រាំ​បាន​ពិភាក្សា​ពី​បញ្ហា​ជំនួប​នោះ ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជេអ៊ីន​នៅ​ក្រៅ​សង្វៀន​ជំនួប G2០។

អ្នកនាំពាក្យ​របស់​ត្រាំ​អ្នកស្រី Sarah Sanders បាន​ថ្លែងថា លោក​ទាំង ២ បានបញ្ជាក់​ពី​ការ​ប្តេជ្ញា​របស់​ពួកគេ​ជាថ្មី​ថា​ធ្វើ​យ៉ាង​ណា​ឲ្យ​សម្រេច​បាន​នូវ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ទាំង​ស្រុង៕