អ្នក​រៀបចំ​កម្មវិធី​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​ក្តៅ​បាន​បង្ហញ​សញ្ញា​ថា ​កម្មវិធី​ព្រឹត្តការណ៍​អូឡាំពិក​នឹង​នៅ​តែ​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី ២៣ ​ខែ​កក្កដា ​នៅ​ទីក្រុង​តូក្យូ ​ទោះបី​ជា​ស្ថានភាព​កូវីដ ១៩ ​នៅ​តែបន្ត​មាន​ក្តី​។

ប្រជាជន​ជប៉ុន​ភាគ​ច្រើន​មាន​ការ​ប្រយ័ត្នប្រយែង​ចង់​ឱ្យ​​កីឡា​អូឡាំពិក​ត្រូវ​ពន្យារ​ពេល​ម្តង​ទៀត​ ឬ​លុប​ចោល​ទាំង​ស្រុង។ ​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក​នៅ​សប្តាហ៍​នេះ​បាន​ចេញ​សេចក្តី​ណែនាំ​ស្តីពី​ការ​រិត​បន្តឹង​ការ​ធ្វើ​ដំណើរ​កម្រិត ៤ ​សម្រាប់​ប្រទេស​ជប៉ុន ​ដែល​ជា​ការ​ចង្អុល​បង្ហាញ​អំពី​ស្ថានភាព​នៃ​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ករណី​កូវីដ ១៩​។

កាល​ពី​ថ្ងៃទី ​២៥ ឧសភា ​មាន​ការ​រិះគន់​នៅ​លើ​ប្រព័ន្វ​ផ្សព្វផ្សាយ​ទាក់ទង​នឹង​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ ក្រោយ​ពី​​ចេញ​ផ្សាយ​នូវ​សៀវភៅ​ណែនាំ​។ នៅ​ក្នុង​អត្ថបទ​អ្នក​ឯកទេស​បាន​ស្នើ​ឱ្យ​សៀវភៅ​ណែនាំ​ដែល​បង្កើត​ដោយ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​សុខភាព​ពិភព​លោក ​ដោយសារ​នៅ​មិន​ទាន់​មាន​តម្លាភាព​មិន​មាន​លក្ខណៈ​លម្អិត​គ្រប់គ្រាន់​ និង​ផ្តោត​លើ​វិទ្យាសាស្ត្រ​ដែល​ហួស​សម័យ​ក្នុង​ការ​ធានា​ថា ​ព្រឹត្តិការណ៍​នេះ​អាច​មាន​សុវត្ថិភាព​។

លោក Toshiro Muto ​នាយក​ប្រតិបត្តិ​កីឡា​អូឡាំពិក​នេះ​បាន​និយាយ​ថា៖ «ដោយសារ​ស្ថានភាព​កូវីដ ១៩ ​បច្ចុប្បន្ន​​នៅ​មាន​សភាព​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​ទេ យើង​កំពុង​សិក្សា​ពី​វា​ហើយ​ យើង​នឹង​ធ្វើ​បច្ចុប្បន្នភាព​សៀវភៅ​ណែនាំ​នោះ​ដែល​ផ្អែក​លើ​វិទ្យាសាស្ត្រ»។​

លោក​បាន​និយាយ​បន្ថែម​ថា ​មាន​ព្រឹត្តិការណ៍​កីឡា​ផ្សេងៗ​គ្នា​ជា​ច្រើន​ទៀត​ ហើយ​យើង​កំពុង​រៀន​ពី​វា​ហើយ​វាយ​តម្លៃ​លើ​សៀវភៅ​ណែនាំ​ទម្រង់​ទី២ ​ដោយ​ផ្អែក​លើ​ព្រឹត្តិការណ៍​ទាំង​នោះ។​

លោកស្រី ​Annie Sparrow អ្នក​ឯកទេស​ខាង​សុខភាព​ពិភព​លោក​ដែល​ជា​អតីត​ទីប្រឹក្សា​របស់​លោក​ Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភព​លោក​បាន​ជំរុញ​ឱ្យ​សមាជិកភាព​របស់​អង្គការ​សុខភាព​ពិភព​លោក​កោះ​ប្រជុំ​គណៈកម្មាធិការ​ជា​បន្ទាន់​មុន​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នេះ​ចាប់​ផ្តើម។

បន្ថែម​ពី​ការ​ជំរុញ​ឱ្យ​មាន​ការ​ពិភាក្សា​នេះ ​លោក ​Michael Osterholm នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺ​ឆ្លង​បាន​និយាយ​ថា៖ «មាន​បញ្ហា​ជាច្រើន​ទាក់ទង​នឹង​សុវត្ថិភាព​របស់​អ្នក​ចូលរួម​មិន​ទាន់​ដោះស្រាយ​ពេញលេញ​»។

នៅ​ប្រទេស​ជប៉ុន ​ដែល​មាន​ចំនួន​ប្រជាជន​តិចតួច​ប៉ុណ្ណោះ ​ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​​ ១៩ ក្រុម​អ្នក​តវ៉ា​បាន​ធ្វើ​ការ​តវ៉ា​នៅ​ខាង​ក្រៅ​ពហុកីឡដ្ឋានជាតិ​ក្នុង​ទីក្រុង​តូក្យូ​ ទាមទារ​ឱ្យ​មាន​ការ​ពន្យារពេល​ ឬ​លុប​ចោល​ព្រឹត្តការណ៍​នេះ​។

ញត្តិ​តាម​អ៊ីនធឺណិត​ទាមទារ​លុប​ចោល​ការ​ប្រកួត​កីឡា​ឆ្នាំ​នេះ ​​ប្រមូល​បាន​ការ​គាំទ្រ​ចំនួន ​៤០០,០០០ ​ហើយ​ កាល​ពី​ថ្ងៃទី ២៦ ​ឧសភា ​កាសែត​ Asahi Shimbun ដែល​ជា​ដៃគូ​ផ្លូវ​ការ​របស់​អូឡាំពិក​បាន​ប្រកាន់​យក​ជំហរ​នេះ ​ក្នុង​បទ​វិចារណកថា​មួយ​ ដោយ​អំពាវនាវ​ឱ្យ​នាយក​រដ្ឋមន្រ្តី​ជប៉ុន​វាយ​តម្លៃ​ស្ថានភាព​ និង​សម្រេច​លើ​ការ​លុប​ចោល​ព្រឹត្តិការណ៍​នេះ​។

ក្នុង​បទ​វិចារណកថា​បាន​សរសេរ​ថា៖ «យើង​ស្នើសុំ​នាយក​រដ្ឋមន្រ្តី​លោក​ Yoshihide Suga វាយ​តម្លៃ​ស្ថានភាព​បច្ចុប្បន្ន ​និង​សម្រេច​លើ​ការ​លុប​ចោល​ព្រឹត្តិការណ៍​នៅ​រដូវ​ក្តៅ​នេះ​​។ យើង​ស្ថិត​នៅ​ឆ្ងាយ​ពី​ស្ថានភាព​មួយ​ដែល​មនុស្ស​គ្រប់គ្នា​អាច​ជឿជាក់​ថា ​ពួក​គេ​នឹង​មាន​សុវត្ថិភាព​ និង​សន្តិសុខ»៕