កាល​ពី​ថ្ងៃ​អាទិត្យ ​គណបក្ស​ UMNO ដែល​ជា​គណបក្ស​ធំ​ជាង​គេ​ក្នុង​ម៉ាឡេស៊ី និង​ដៃគូ​ដ៏​សំខាន់​របស់​សម្ព័ន្ធភាព​កាន់​អំណាច​​បាន​និយាយ​ថា​ ពួក​គេ​នឹង​មិន​សហការ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ Muhyiddin Yassin នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​។

ប្រធាន UMNO លោក Ahmad Zahid Hamidi បាន​និយាយ​ថា ​គណបក្ស​នឹង​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធភាព Barisan Nasional ដែល​ខ្លួន​ដឹកនាំ ហើយ​មិន​សហការ​ជាមួយ​គណបក្ស​ដទៃ​ទៀត​។

រយៈ​ពេល ១៣ ខែ ​នៃ​ការ​កាន់​តំណែង​របស់​លោក Muhyiddin គឺ​ពោរពេញ​ទៅ​ដោយ​ជម្លោះ​ផ្ទៃ​ក្នុង​សម្ព័ន្ធភាព​កាន់​អំណាច​ និង​ការ​ប្រកួត​ប្រជែង​អំណាច​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក Anwar Ibrahim ខណៈ​ពេល​ដែល​ប្រទេស​ប្រឈម​នឹង​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩​។

លោក Muhyiddin ដែល​បាន​ឡើង​កាន់​អំណាច​ដោយ​មាន​សំឡេង​ភាគ​ច្រើន​ស្ដើង​នៅ​ក្នុង​សភា​បាន​ប្រកាស​ភាព​អាសន្ន​ទូទាំង​ប្រទេស​ កាល​ពី​ខែ​មករា ដើម្បី​ផ្តោត​ទៅ​លើ​ការ​ខិតខំ​ប្រឹងប្រែង​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគ​រាតត្បាត តែ​អ្នក​រិះគន់​របស់​លោក​និយាយ​ថា ​លោក​ធ្វើ​ដូច្នេះ​ដើម្បី​កាន់​អំណាច​បន្ត​។

ការ​បោះឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ ២០២៣ ប៉ុន្តែ​ស្ថិត​ក្រោម​សម្ពាធ​ពី UMNO លោក Muhyiddin បាន​និយាយ​កាល​ពី​ដើម​ឆ្នាំ​នេះ​ថា ​លោក​នឹង​រៀបចំ​ការ​បោះឆ្នោត​នៅ​ពេល​ដែល​មាន​សុវត្ថិភាព​ពី​ការ​ឆ្លង​ជំងឺ​៕