ក្រុងហីរ៉ាតៈ មន្ត្រីសុខាភិបាលម្នាក់បានថ្លែងកាលពីថ្ងៃចន្ទថា មន្ត្រីប៉ូលិសយ៉ាងតិច ២២ នាក់បានស្លាប់នៅក្នុងការវាយប្រហារមួយរបស់ក្រុមតាលីបង់នៅអាហ្វហ្គានីស្ថានភាគខាងលិចជាការវាយបកទៅលើកងកម្លាំងអាហ្វហ្គានីស្ថាន ដោយមានកំណត់ត្រាចំនួនអ្នកស្លាប់ និងរបួសយ៉ាងច្រើន។
ការវាយប្រហារទៅលើក្បួនរថយន្តប៉ូលិសនៅខេត្តហ្វារ៉ាហ៍ (Farah) បន្ទាប់ពីមានរលកអំពើហិង្សានៅទូទាំងអាហ្វហ្គានីស្ថានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងនោះមានការវាយប្រហារអត្តឃាតមួយនៅក្នុងវិហារអ៊ិស្លាមដែលជាមូលដ្ឋានកងទ័ពកាលពីថ្ងៃសុក្រ និងបានបង្កើនកិច្ចប្រឹងប្រែង ដើម្បីបញ្ចុះបញ្ចូលឲ្យក្រុមតាលីបង់បញ្ចប់សង្គ្រាម ១៧ ឆ្នាំមកនោះ។
លោក Shir hmad Weda ប្រធានមន្ទីរពេទ្យនៅរដ្ឋធានីនៃខេត្តនោះបានថ្លែងថា មន្ត្រីប៉ូលិសយ៉ាងតិច ២ នាក់ បានរងរបួសនៅក្នុងការវាយប្រហារកាលពីថ្ងៃអាទិត្យ។
ក្រុមតាលីបង់ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះតាមរយៈគេហទំព័រ WhatsApp ដោយនិយាយថា ប៉ូលិស ២៥ នាក់ត្រូវស្លាប់ ហើយ ៤ នាក់ផ្សេងទៀតបានរងរបួស។
អ្នកនាំពាក្យក្រុមជនសកម្មប្រយុទ្ធ លោក Qari YousufAhmadi បានបន្ថែមទៀតថា៖ «រថយន្ត ៤ គ្រឿង ត្រូវបានបំផ្លាញ និងអាវុធយ៉ាងច្រើនត្រូវបានរឹបអូស»។
អ្នកនាំពាក្យប៉ូលិសខេត្ត លោក Mohibullah Mohib បានថ្លែងថា ក្បួនរថយន្តនោះបានកំពុងធ្វើដំណើរចេញពីក្រុងហ្វារ៉ាហ៍ទៅកាន់ស្រុកជូវេននៅពេលការវាយប្រហារកើតឡើង៕