កាលពីថ្ងៃសុក្រទី ២៧ តុលាការឧទ្ធរណ៍ប្រចាំទីក្រុង Philadelphia បានច្រានចោលពាក្យបណ្ដឹងរបស់ក្រុមរៀបចំយុទ្ធនាការបោះឆ្នោតរបស់លោក Trump ដែលបានស្នើឱ្យរារាំងការបញ្ជាក់លទ្ធផលថា លោក Joe Biden បានឈ្នះការបោះឆ្នោតប្រធានាធិបតី ៣ វិច្ឆិកា នៅរដ្ឋ Pennsylvania។
លោកចៅក្រម Stephanos Bibas ដែលត្រូវបានលោក Trump តែងតាំងកាលពីឆ្នាំ ២០១៧ ក្នុងនាមអង្គចៅក្រមឧទ្ធរណ៍ទាំង ៣ រូប បានសរសេរក្នុងការសម្រេចចិត្តជាឯកច្ឆន្ទថា៖ «ការបោះឆ្នោត ដោយសេរីនិង យុត្តិធម៌ គឺជាសរសៃឈាមនៃលទ្ធិប្រជាធិបតេយ្យយើង។ ការចោទប្រកាន់ពីភាពអយុត្តិធម៌គឺធ្ងន់ធ្ងរណាស់តែការហៅការបោះឆ្នោតថា អយុត្តិធម៌ គឺមិនមែនមានន័យថាវាអយុត្តិធម៌ទេ។ ការចោទប្រកាន់ត្រូវការអំណះអំណាង និងបន្ទាប់ភ័ស្តុតាង។ ឥឡូវនេះ យើងមិនមានទាំង ២»។
លោក Bibas បានសរសេរបន្តទៀតថា៖ «អ្នកបោះឆ្នោតមិនមែនមេធាវីទេ ដែលជាអ្នកជ្រើសរើសប្រធានាធិបតីសន្លឹកឆ្នោតមិនមែនពាក្យបណ្ដឹងទេដែលសម្រេចការបោះឆ្នោត»។
មុននឹងរឿងក្ដីនេះបានទៅដល់តុលាការ ឧទ្ធរណ៍ ចៅក្រម តុលាការដំបូង លោក Matthew Brann បានច្រានចោលម្ដងរួចទៅហើយ ដោយលោកបានសរសេរក្នុងការសម្រេចចិត្តថា៖ «តុលាការត្រូវបានបង្ហាញអំណះអំណាងគ្មានគុណសម្បតិ្តការចោទប្រកាន់តាមការប៉ាន់ស្មាន និងភ័ស្តុតាងមិនមានការគាំទ្រ។ នៅក្នុងសហរដ្ឋអាមេរិកនេះ មិនអាចធ្វើជាហេតុផលសម្រាប់ការដកសិទ្ធិអ្នកបោះឆ្នោតម្នាក់ដោយមិនបាច់និយាយពលរដ្ឋទាំងអស់របស់រដ្ឋដែលមានប្រជាជនច្រើនជាងគេទី៦ ។ ប្រជាជន ច្បាប់ និងស្ថាប័នរបស់យើងទាមទារច្រើនជាងនេះ»។
ក្រោយពីការសម្រេចរបស់តុលាការឧទ្ធរណ៍ មេធាវីតំណាងលោក Trump គឺលោកស្រី Jenna Ellis បានបង្ហោះសារតាមបណ្ដាញសង្គម Twitter ក្នុងនាមលោកស្រី និងលោកមេធាវី Rudy Giuliani ថា៖ «សកម្មជននៅក្នុងរដ្ឋ Pennsylvania នៅតែបន្តបិទបាំងការចោទប្រកាន់ពីការក្លែងបន្លំដ៏ធំ»។
ក្នុងសារដដែលលោកស្រី Ellis បានបង្ហាញថា ក្រុមមេធាវីនឹងបន្តពាក្យបណ្ដឹងទៅកាន់តុលាការកំពូលអាមេរិក។ អ្នកវិភាគមួយចំនួនគិតថា ក្រុមមេធាវី លោក Trump នឹងរំពឹងលើសំឡេងចៅក្រមអភិរក្សនិយម ៦-៣ តែមានភាគរយតិចណាស់ ដែលលោកទទួលជ័យជម្នះដោយមិនមានភ័ស្តុតាងច្បាស់លាស់។
គួរបញ្ជាក់ផងដែរថា ចៅក្រមតុលាការដំបូង លោក Matthew Brann និងចៅក្រមតុលាការឧទ្ធរណ៍ទាំង ៣ រូប គឺជាចៅក្រមអភិរក្សនិយមទាំងអស់ ដែលបានណែនាំតែងតាំងដោយប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ។
តាំងពីពេលមានសញ្ញាថា លោក Biden នឹងឈ្នះការបោះឆ្នោតប្រធានាធិបតីក្រុមលោក Trump បានព្យាយាមដាក់ពាក្យបណ្ដឹងតវ៉ា និងរារាំងការបញ្ជាក់លទ្ធផលការបោះឆ្នោតនៅរដ្ឋសំខាន់ៗដែលលោកបានឈ្នះដូចជា Arizona, Georgia, Michigan, Nevada, និង Pennsylvania។
ពាក្យបណ្ដឹងរបស់ក្រុមលោក Trump បាន ទទួលបរាជ័យសឹងតែទាំងអស់ហើយ ដោយសារការចោទប្រកាន់របស់លោក Trump ថាមានការក្លែងបន្លំខ្នាតធំក្នុងការបោះឆ្នោត ២០២០ គឺគ្មានអំណះអំណាង និងភ័ស្តុតាងច្បាស់លាស់។
នៅឯរដ្ឋ Wisconsin វិញ លោក Trump បានទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ នៅស្រុកដែលលោក Biden បានឈ្នះ ចំនួន ២ ក្នុងគោលបំណងពិនិត្យរកកំហុសលើសន្លឹកឆ្នោត និងធ្វើការតវ៉ាសន្លឹកឆ្នោតទាំងនោះ។ ការរាប់ឡើងវិញ តូ្រវបានបញ្ចប់នៅថៃ្ងសុក្រដដែល ដោយចុងក្រោយលទ្ធផល គឺនៅតែ លោក Biden ឈ្នះ និងថែមទាំងកើនសន្លឹកឆ្នោតបានចំនួន ១៣២ ទៀតផងដែរ។
តាមច្បាប់រដ្ឋ Wisconsin បេក្ខជនដែលបានស្នើឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ ត្រូវតែបង់ប្រាក់សម្រាប់ការរាប់ឡើងវិញកុ្នងករណីនេះ ក្រុមរៀបចំយុទ្ធនាការបោះឆ្នោត លោក Trump បានបង់អស់ប្រមាណ ៣ លានដុល្លារ។
យ៉ាងណាមិញ ការបោះឆ្នោតអាសនៈព្រឹទ្ធសភាទាំង ២ របស់រដ្ឋ Georgia នៅមិនទាន់ចប់នៅឡើយ ដោយគ្មានបេក្ខជនណាទទួលបានសំឡេងឆ្នោត ៥០% ក្នុងការបោះឆ្នោត ៣ វិច្ឆិកា ដូច្នេះ ការបោះឆ្នោតនឹងបន្តទៅជុំទី២។ ការចោទប្រកាន់ដោយ លោក Trump ទៅលើភាពត្រឹមត្រូវរបស់ការបោះឆ្នោតបានធ្វើឱ្យក្រុមអ្នកគាំទ្ររបស់លោកប្ដេជ្ញាធ្វើពហិការមិនទៅបោះឆ្នោតជុំទី២។
បើសិនបក្សប្រជាធិបតេយ្យបានឈ្នះអាសនៈទាំង ២ នេះ នោះបក្សសាធារណរដ្ឋនឹងបាត់បង់សំឡេងភាគច្រើនហើយសំឡេងក្នុងព្រឹទ្ធសភានឹងស្មើគ្នា ៥០-៥០។
បើសិនរឿងនេះកើតឡើងអនុប្រធានាធិបតីជាប់ឆ្នោត Karmala Harris នឹងត្រូវដើរតួជាអ្នកបំបែកភាពស្មើគ្នានៅក្នុងព្រឹទ្ធសភា។ លោក Trump បានអំពាវនាវក្រុមអ្នកគាំទ្រលោកឱ្យចូលរួមការបោះឆ្នោតនេះ ដើម្បីការពារសំឡេងភាគច្រើនក្នុងព្រឹទ្ធសភា។
លោក Biden ត្រូវបានគេសន្មតថា លោកបានទទួលអង្គបោះឆ្នោតចំនួន ៣០៦ ធៀបនឹង ២៣២ របស់លោក Trump។
ថ្មីៗនេះ លោក Trump បានអនុញ្ញាតឱ្យមានការផេ្ទរអំណាចប្រព្រឹត្តទៅជាផ្លូវការតែលោកនៅតែប្រកាន់ជំហរថា មានការក្លែងបន្លំសន្លឹកឆ្នោតខ្នាតធំ និងបន្តការតវ៉ា។ រីឯលោក Biden វិញ បានចាប់ផ្ដើមបញេ្ចញឈ្មោះគណៈរដ្ឋមន្ត្រីដោយធ្វើការប្រកាសជម្រើសរដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិមុនគេ៕