ក្រុងអ៊ីស្តង់ប៊ុលៈ កាលពីថ្ងៃសៅរ៍ តួកគី បានចោទប្រកាន់អារ៉ាប៊ី សាអ៊ូឌីត ពីបទខកខានមិនបានសហការធ្វើការស៊ើបអង្កេតលើករណីបាត់ខ្លួនអ្នកកាសែតម្នាក់នៅក្នុងកុងស៊ុលរបស់ខ្លួននៅក្រុងអ៊ីស្តង់ប៊ុល ខណៈប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ប្រសិនបើវាប្រែទៅជាថា អ្នកកាសែត រូបនោះត្រូវបានគេសម្លាប់។
ការអធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ក្រុងអង់ការ៉ាជុំវិញសំណុំរឿងរបស់អ្នកកាសែតអារ៉ាប៊ី សាអ៊ូឌីតឈ្មោះ Jamal Kha shoggi ដែលលែងត្រូវបានគេឃើញ ចាប់តាំងពីលោកចូលក្នុងកុងស៊ុលនោះ កាលពីថ្ងៃទី ២ ខែតុលា កន្លងមក។
ក្រុមមន្ត្រីតួកគី បាននិយាយថា ពួកគេជឿថា លោក Kha shoggi ត្រូវបានគេសម្លាប់នៅក្នុងកុងស៊ុលនោះតែម្តង។ ការអះអាងនោះ មានលេចធ្លាយដល់ប្រព័ន្ធផ្សព្វផ្សាយថា លោក ត្រូវបានគេធ្វើទារុណកម្ម និងបាត់បង់ស្មារតីចងចាំ ខណៈលោកត្រាំបានសម្តែងទុទ្ទិដ្ឋិនិយមចំពោះជោគវាសនារបស់អ្នកកាសែតបាត់ខ្លួននោះ។
អារ៉ាប៊ី សាអ៊ូឌីត បានបញ្ជាក់ថា លោក Khashoggi ជាអ្នកជួយកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ដែលអត្ថបទរបស់លោក រិះគន់ព្រះអង្គម្ចាស់ Mohammed bin Salman។
បញ្ហាចម្រូងចម្រាសជុំវិញការបាត់ខ្លួនអ្នកកាសែតរូបនោះបានគំរាមកំហែង មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងតួកគី-អារ៉ាប៊ី សាអ៊ូឌីតប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យអ្នកគាំទ្រព្រះរាជាណាចក្រនេះនៅលោកខាងលិចមានការព្រួយបារម្ភ និងធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងកំណែទម្រង់របស់ព្រះអង្គម្ចាស់ Mohammed bin Salman។
យោងតាមបទសម្ភាសមួយដែលចេញផ្សាយកាលពីថ្ងៃសៅរ៍បានឲ្យដឹងថា លោក ដូណាល់ត្រាំបានថ្លែងប្រាប់កម្មវិធី 60 Minutes របស់ទូរទស្សន៍ CBS ថា៖ «យើងនឹងស្វែងរកការពិត និងមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ»៕