ក្រុងរ៉ាស អាល់-អាន៖ ទាហានតួកគី និងក្រុមសម្ព័ន្ធមិត្តជីវពលសកម្មប្រយុទ្ធ បានបើកការវាយប្រហារតាមមធ្យោបាយរបស់ពួកគេ ចូលទៅក្នុងទីក្រុងព្រំដែនឃើដយុទ្ធសាស្ត្រមួយកាលពីថ្ងៃសៅរ៍ ខណៈពួកគេ បានបង្កើនការប្រយុទ្ធ ទៅលើប្រទេស ស៊ីរីភាគឦសាន ជាការផ្គើនទៅនឹងការតវ៉ាជាអន្តរជាតិ និងការគំរាមដាក់ទណ្ឌកម្មរបស់អាមេរិកផងនោះ។
ប្រភពខ្លះចេញពីភាគីទាំង ២ បានថ្លែងថា ក្រោយមានការប៉ះទង្គិចជាច្រើនលើកនៅពេលយប់ ជាមួយកងកម្លាំងឃើដនៅទីជនបទ កងកម្លាំងតួកគី និងក្រុមសម្ព័ន្ធមិត្តស៊ីរីរបស់ពួកគេ បានចូលទៅក្នុងសមរភូមិនៃទីក្រុងរ៉ាស អាល់- អាននោះហើយ។
ក្រសួងការពារជាតិរបស់ប្រទេស តួកគី បានថ្លែងថា កងកម្លាំងរបស់ខ្លួន បានវាយសង្គ្រប់ចូលកាន់កាប់ទីក្រុងដែលគ្រប់គ្រងដោយក្រុមឃើដជាលើកដំបូង នៅថ្ងៃទី ៤ នៃការវាយប្រហារទ្រង់ទ្រាយធំរបស់ពួកគេ។
ប៉ុន្តែកងកម្លាំងឃើដឈរជើងនៅទីក្រុងរ៉ាស អាល់-អាន បានបដិសេធថា ទីក្រុងពាក់កណ្តាលដែលគ្មានមនុស្សរស់នៅនោះ មិនបានធ្លាក់ចូលទៅក្នុងដៃទាហានតួកគីនោះទេ ហើយអ្នកឆ្លើយឆ្លងកាសែត AFP ម្នាក់ បាននិយាយថា កងកម្លាំងតួកគី និងក្រុមសម្ព័ន្ធមិត្តស៊ីរីរបស់ពួកគេបានចូលដល់ទីតាំងនោះ ប៉ុន្តែនៅមិនទាន់បានកាន់កាប់នៅឡើយទេ។
កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយឃើដ ដែលជាដៃគូយ៉ាងសំខាន់នៅក្នុងសមរភូមិថ្មើរជើង ក្នុងយុទ្ធនាការដឹកនាំដោយអាមេរិកប្រឆាំងក្រុមរដ្ឋអ៊ិស្លាម បានអំពាវនាវឲ្យអាមេរិកចាប់ផ្តើមបន្ត «កាតព្វកិច្ចមនុស្សធម៌» របស់ខ្លួន និងការពារពួកគេជាថ្មីឡើងវិញ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រឈមមុខការរិះគន់យ៉ាងខ្លាំងក្លា សូម្បីតែក្រុមអ្នកគាំទ្រនៅក្នុងជួរគណបក្សរបស់លោកផ្ទាល់ក៏បានរិះគន់ដែរ ដោយសារការបោះបង់សម្ព័ន្ធមិត្តដ៏ស្មោះត្រង់មួយនេះ ហើយបានរងការចោទប្រកាន់ពីបទផ្តល់ភ្លើងខៀវឲ្យតួកគីបើកការវាយប្រហារទ្រង់ទ្រាយធំ ក្រោយពីចេញបញ្ជាឲ្យកងកម្លាំងអាមេរិកដកចេញពីតំបន់ព្រំដែននោះ។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានថ្លែងថា ក្រុមយុទ្ធជនសកម្មប្រយុទ្ធគាំទ្រក្រុងអង់ការ៉ាបាន «សម្លាប់» ជនស៊ីវិលយ៉ាងតិច ៩ នាក់ កាលពីថ្ងៃសៅរ៍ នៅជិតទីក្រុងតាល់-អាប់យ៉ាដ ហើយបានកំណត់យកទីតាំងសំខាន់ផ្សេងទៀត នៅតាមព្រំដែនជាគោលដៅវាយប្រហារ។
ក្រុមឃើដបានថ្លែងថា មន្ត្រីគណបក្សឃើដម្នាក់ និងអ្នកបើកបររបស់លោកស្រីបានស្លាប់នៅក្នុងចំណោមអ្នកទាំងនោះដែរ។
នៅក្នុងសមរភូមិ ក្រុមយុទ្ធជនសកម្មប្រយុទ្ធ SDF បានបាត់បង់ទីតាំងជាច្រើនកន្លែងនៅក្នុងការវាយប្រហារយ៉ាងខ្លាំងក្លារបស់កងកម្លាំង និងសម្ព័ន្ធមិត្តប្រទេស តួកគី។
ក្រុមយុទ្ធជនសកម្មប្រយុទ្ធរបស់កងកម្លាំង SDF យ៉ាងតិច ២៣ នាក់បានស្លាប់ ក្នុងការវាយប្រហារនោះ៕ AFP/SK