ក្រុងវ៉ាស៊ីនតោន: ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក៏ដូចជាមេដឹកនាំពិភពលោកដទៃទៀត ហាក់បានបង្កើតនូវទំនាក់ទំនងបែបណាមួយជាមួយសមភាគីអាមេរិក លោក ដូណាល់ ត្រាំ។ ប៉ុន្តែតើចំណង ទំនាក់ទំនងរបស់ពួកគេនឹងមានផ្លែផ្កាច្រើនទេ ខណៈដែលរដ្ឋធានីនៅទ្វីបអឺរ៉ុបជាច្រើន ព្យាយាមជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អុីរ៉ង់ ពីកំហឹងភ្លាមៗពីលោកត្រាំ?
គំនិតនេះ នឹងត្រូវបានធ្វើតេស្តិ៍នៅថ្ងៃចន្ទ ខណៈដែលមេដឹកនាំបារាំងវ័យក្មេងបានចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ហើយក្រុមអ្នកការទូតបានធ្វើការវិនិយោគលើអ្វីមួយដែលហាក់ដូចជាកិច្ចការដ៏ស្មុគស្មាញជាទីបំផុតនោះ។
មិនមានពេលច្រើនប៉ុន្មានទេ។ត្រាំនឹងធ្វើសេចក្តីសម្រេចចិត្ត នៅថ្ងៃទី ១២ ខែឧសភា ពាក់ព័ន្ធការផ្តួចផ្តើមបើកកិច្ចចរចាជាមួយក្រុងប៉ារីស ក្រុងប៊េរឡាំង និង ក្រុងឡុងដ៍ ស្តីអំពីវិធានការដ៏តឹងតែងប្រឆាំងអុីរ៉ង់ បានដំណើរការទៅមុខល្អប្រសើរនោះ។
ប្រសិនបើលោកដឹងថាមាន «គុណវិបត្តិ» នៅក្នុងកិច្ចព្រមព្រៀងឆ្នាំ ២០១៥ មិនទាន់ត្រូវបានស្តារ ឬ កែសម្រួលឲ្យបានស្រួលបួលនោះលោកទំនងជាសម្រេចចិត្តដកការគាំទ្ររបស់ខ្លួនដោយបើកផ្លូវឲ្យមានការដាក់ទណ្ឌកម្មពីអាមេរិកជាថ្មីទៀតដែលអាចបំផ្លាញដល់កិច្ចព្រមព្រៀងនេះទាំងមូល។
អឺរ៉ុប នឹងចាត់ទុកបញ្ហានេះជាគ្រោះមហន្តរាយមួយទាំងចំពោះកិច្ចព្រមព្រៀងនេះផ្ទាល់ ដែលជាគោលការណ៍គ្រឹះដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្រទប់ស្កាត់ការរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ និង ទាំងផ្នែកទំនាក់ទំនងជាមួយក្រុង វ៉ាស៊ីនតោន។
ប្រសិនបើអ្នកណាម្នាក់អាចទៅកាន់ត្រាំនោះវាអាចជាលោក ម៉ាក្រុង ដែលមានទំនាក់ទំនងល្អជាមួយ សេតវិមាន ជាសមភាគីអង់គ្លេស និង អាល្លឺម៉ង់ដ៍ របស់លោកគឺលោកស្រី ថេរិសា ម៉េ និង លោកស្រី អេនជឺឡា មឺរគែល។
ក្រុងប៉ារីស គឺជាសម្ព័ន្ធនៅអឺរ៉ុបទីមួយ ដែលបានលើកឡើងអំពីវិធានការដ៏តឹងតែងប្រឆាំងកម្មវិធីផលិតកាំជ្រួចមីស៊ីលបាលិស្ទិក របស់ អុីរ៉ង់ ដើម្បី «ជាការបន្ថែមបង្គ្រប់» នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ប៉ុន្តែតើវាគ្រប់គ្រាន់ទេ?
លោក ត្រាំ ក៏មានបំណងធ្វើកំណែទម្រង់លើកិច្ចព្រមព្រៀងនេះផ្ទាល់ដើម្បីបញ្ចប់នូវ «ខច្បាប់ដែលមានកាលកំណត់ចប់សុពលភាព» ដែលអាចអនុញ្ញាតឲ្យអុីរ៉ង់ ធ្វើការចាប់ផ្តើមឡើងវិញជាបន្តបន្ទាប់នូវផ្នែកនានានៃកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ បន្ទាប់ពីឆ្នាំ ២០១៥៕ AFP/ SN