លោក ​Wang Yi អ្នក​ការ​ទូត​ជាន់​ខ្ពស់​ចិន​ធ្លាប់​និយាយ​នៅ​ក្នុង​សេចក្តី​អត្ថាធិប្បាយ​ផ្លូវ​ការ​ចេញ​ផ្សាយ​កាល​ពី​ដើម​ខែ ​មករា​ថា​ ទំនាក់​ទំនង​រវាង​ប្រទេស​ចិន ​និង​សហរដ្ឋ​អាមេរិក​ចាប់​ផ្ដើម​ចេញ​សញ្ញាណ​ថ្មី​មួយ​ និង​អាច​ត្រឡប់​ទៅ​រក​ស្ថានភាព​ល្អ​វិញ​ បន្ទាប់​ពី ​«ឆ្លង​កាត់​អតីតកាល​ជូរ​ចត់​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក»​។​

តើ​ទំនាក់ទំនង​អាមេរិក​-ចិន ​អាច​ងើប​​​​ឡើង​វិញ​មែន​ឬ​? ​លោក ​Wang​​ Yi សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​ និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​នៅ​​ក្នុង​បទសម្ភាស​រួមគ្នា​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន ​Xinhua ​​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ផ្សេង​ទៀត​ថា ​គោល​នយោបាយ​កាល​ពី​ពេល​ថ្មី​ៗ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​​ប្រទេស​​ចិន ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​​ផលប្រយោជន៍​នៃ​ប្រទេស​ទាំង ២ និង​នាំ​មក​នូវ​គ្រោះ​ថ្នាក់​យ៉ាង​ធំធេង​ដល់​ពិភព​លោក​។ ​ប៉ុន្តែ​ឥឡូវ​នេះ​វា​មាន​ឱកាស​សម្រាប់​ភាគី​ទាំង ​២ ​«បើក​បង្អួច​​​នៃ​ក្តី​សង្ឃឹម​ថ្មី»​ និង​ចាប់​ផ្តើម​ការ​ពិភាក្សា​ថ្មី​មួយ​។​

ថ្ងៃទី​ ២០​ ខែ មករា​ ឆ្នាំ​ ២០២១ ​គឺ​ជា​ថ្ងៃ​ដែល​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​លោក ​Joe​ Biden​ ឡើង​កាន់​តំណែង​ ដែល​អាច​នឹង​ជួយ​កែលម្អ​ទំនាក់ទំនង​ទ្វេភាគី​នៃ​ប្រទេស​នេះ​ឱ្យ​ប្រសើរ​ជាង​មុន​លើ​វិស័យ​ការ​ទូត​ពាណិជ្ជកម្ម​បច្ចេកវិទ្យា ​និង​វិស័យ​ផ្សេងៗ​ទៀត​ ប្រសិន​បើ​រដ្ឋបាល​ថ្មី​នេះ​ ចាត់​វិធានការ​ក្នុង​ន័យ​ស្ថាបនា ​ចំណែក​ឯ​រដ្ឋាភិបាល​​ចិន​ក៏​អាច​នឹង​ឆ្លើយតប​នឹង​វិធានការ​ទាំង​នោះ​​ដែរ​។​ នេះ​បើ​យោង​តាម​ការ​វិភាគ​របស់​សារព័ត៌មាន ​South​ China ​Morning Post​។​

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ពី​ការ​លើក​ឡើង​ពី​វិធីសាស្ត្រ​ក្នុង​ការ​ស្ដារ​ទំនាក់ទំនង​ប្រទេស​ទាំង ​២​ រួម​មាន​ ទី១ ​ស្ថានភាព​រញ៉េរញ៉ៃ​កើត​ឡើង​ក្នុង​កំឡុង​ពេល​ផ្ទេរ​រដ្ឋបាល​ត្រូវ​តែ​បញ្ចប់​ ព្រោះ​រដ្ឋបាល ​Trump​ ដែល​បាន​ចាកចេញ​ទៅ​បន្សល់​ទុក​នូវ​ច្បាប់​ផ្សេងៗ​ ដែល​​រារាំង​ដល់​​ជម្រើស​ផ្សេងៗ​របស់​រដ្ឋបាល​ថ្មី​ចំពោះ​ប្រទេស​ចិន​។ ​ចំណែក​​ឯ​រដ្ឋបាល​របស់​លោក ​Joe​ Biden​ គួរ​តែ​ចាប់​ផ្តើម​ពិគ្រោះ​យោបល់​ជាមួយ​សភា​ជាបន្ទាន់ ​ដើម្បី​កំណត់​ថា ​តើ​ច្បាប់​ណា​មួយ​ក្នុង​ចំណោម​ច្បាប់​ទាំង​នេះ​គួរ​តែ​ត្រូវ​បាន​បង្កើត​ឡើង​វិញ ​ឬ​ស្នើសុំ​​ឱ្យ​តាក់តែង​ឡើង​វិញ​។​

ទី២ ទំនាក់​ទំនង​ការ​ទូត​។ ​លោក Trump​ បាន​ចោទ​ប្រកាន់​ស្ថានកុងស៊ុល​ចិន​នៅ​ហ៊ូស្តុន​ថា ​ជា​អ្នក​បង្កប់​ខ្លួន​ហើយ​​​ក៏​បាន​បិទ​ស្ថានកុងស៊ុល​​នេះ​ទៅ ​ចំណែកឯ​ចិន​សងសឹក​អាមេរិក​វិញ​ដោយ​បិទ​ស្ថាន​កុងស៊ុល​អាមេរិក​នៅ​ឆេងឌូ ​ប្រទេស​ខ្លួន​ដែរ​។​ ទង្វើ​ទាំង​នេះ​គ្រាន់​តែ​ជា​ទង្វើ​មួយ​ ដែល​ធ្វើ​ឱ្យ​ពិបាក​ដល់​ជនជាតិ​អាមេរិក ​និង​ជនជាតិ​ចិន​សាមញ្ញ​ដែល​ចង់​ ធ្វើ​ដំណើរ​ប៉ុណ្ណោះ។ ​លោក Biden គួរ​តែ​ប្រកាស​បើក​ស្ថានកុងស៊ុល​របស់​ចិន​នៅ​ហ៊ូស្តុន​វិញ​ ដោយ​មាន​លក្ខខណ្ឌ​ស្តីពី​ការ​បើក​ស្ថានកុងស៊ុល​​អាមេរិក​នៅ​ឆេងឌូ ​វិញ​ដូច​គ្នា​។​

ទី៣​ ពាណិជ្ជកម្ម។​ ពន្ធ​របស់​លោក​ Trump​ លើ​ទំនិញ​ចិន​បាន​ដាក់​ទណ្ឌកម្ម​ដល់​អតិថិជន​អាមេរិក​ ​(ជនជាតិ​អាមេរិក​ដែល​មាន​ប្រាក់​ចំណូល​​ទាប)​ កសិករ​ និង​អ្នក​នាំចេញ​អាមេរិក​ដទៃ​ទៀត​។​ ប្រធានាធិបតី​ជាប់​ឆ្នោត ​លោក ​Biden​ គួរ​តែ​ប្រកាស​ពី​ការ​ផ្លាស់ប្តូរ​ពន្ធ​ឡើង​វិញ​ឱ្យ​ដល់​កម្រិត​កាល​ពី​ឆ្នាំ ២០១៧​ ឯ​ប្រទេស​ចិន ​ក៏​ដូច​គ្នា​។

យ៉ាង​ណា​មិញ​ លោកស្រី ​Mary-E. Lovely​ សាស្រ្តាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ ​Syracuse​ University​ បាន​ព្យាករ​ពី​ទំនាក់ទំនង​ប្រទេស​ទាំង ​២ ថា ​«សង្រ្គាម​​ចចក»​ លើ​វិស័យ​ការ​ទូត​បាន​បញ្ចប់​ហើយ។​ លោកស្រី​បាន​ប្រាប់​សារព័ត៌មាន​ Politico ​ថា៖​ «ប្រទេស​ចិន ​នឹង​ជំនួស​វា ​(សង្រ្គាម​ការ​ទូត)​ ដោយ​​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្ថាបនា​កិច្ចការ​អន្តរជាតិ​វិញ​ក្នុង​ឆ្នាំ ​២០២១»​។​

លោកស្រី​បាន​បន្ថែម​ថា​៖​ «សម្រាប់​​ប្តេជ្ញា​កសាង​សម្ព័ន្ធមិត្ត​របស់​រដ្ឋបាល​ថ្មី​ក្នុង​ការ​ស្ដារ​ទំនាក់ទំនង​រវាង​ទីក្រុង​វ៉ាស៊ីនតោន​ និង​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​នឹង​បញ្ឈប់​សកម្មភាព​បែប​កំណាច​របស់​ខ្លួន​ក្នុង​គោល​បំណង​ទប់ស្កាត់​ការ​គ្រប់គ្រង​ការ​នាំ​ចេញ​ឱ្យ​កាន់​តែ​ទូលំទូលាយ។​ ទីក្រុង​ប៉េកាំង​នៅ​តែ​ប្តេជ្ញា​ចិត្ត​លើ​ការ​គ្រប់គ្រង​ខាង​បច្ចេកវិទ្យា​ខ្ពស់ ​ប៉ុន្តែ​វា​​​ក៏​អាស្រ័យ​លើ​អ្នក​ផ្គត់ផ្គង់​បរទេស​ និង​អត្ថប្រយោជន៍​ពី​ការ​​វិនិយោគ​បរទេស​ផង​ដែរ»​។

យ៉ាងណា​មិញ ​ភាគី​ចិន​ទំនង​ជា​ចង់​ស្ដារ​ទំនាក់ទំនង​បែកបាក់​នេះ​ឡើង​វិញ​។​ ឧទាហរណ៍​កាល​ពី​សប្ដាហ៍​មុន​ប្រធានាធិបតី​ចិន​លោក ​Xi Jinping​ កំពុង​ស្នើសុំ​ឱ្យ​អតីត​នាយក​ប្រតិបត្តិ​លោក​​ Howard-Schultz ​នៃ​ក្រុមហ៊ុន ​Starbucks​ ឱ្យ​ជួយ​ស្ដារ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​ និង​ចិន​ដែល​ធ្លាក់​ចូល​ក្នុង​សភាព​យ៉ាប់យ៊ឺន​បំផុត​ពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​នេះ​ដោយសារ​សង្គ្រាម​ពន្ធ​ និង​ភាព​តាន​តឹង​លើ​ជម្លោះ​បច្ចេកវិទ្យា ​និង​សន្តិសុខ​ជា​ដើម​។​

លោក ​Xi​ Jinping ​បាន​ស្នើ​ឱ្យ​​លោក ​Schultz​ ដោយ​លើក​​ទឹក​ចិត្ត​លោក ​និង​ក្រុមហ៊ុន​របស់​លោក​បន្ត​តួនាទី​យ៉ាង​​​សកម្ម​ក្នុង​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ និង​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​ចិន​-អាមេរិក។​​ នេះ​​បើ​យោង​តាម​លិខិត​ចេញ​ផ្សាយ​​ដោយសារ​ព័ត៌មាន​ Xinhua​ ផ្ដាច់​មុខ​ដោយ​មិន​មាន​សារព័ត៌មាន​ណា​ផ្សេង​បាន​ចុះ​ផ្សាយ​ពី​លិខិត​នេះ​ទេ​។

យ៉ាងណា​មិញ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​ លោក ​Schultz​ មិន​បាន​លើក​ឡើង​ផ្ទាល់​ពី​សំណូមពរ​របស់​លោក ​Xi​ Jinping​ ក្នុង​ការ​ស្នើ​ឱ្យ​ជួយ​ជួសជុល​​ទំនាក់ទំនង​ទេ​ តែ​គ្រាន់​តែ​និយាយ​ថា ​ជា​កិត្តិយស​ដ៏​ធំធេង​​ណាស់​ ដែល​បាន​ទទួល​លិខិត​ពី​ប្រធានាធិបតី​ចិន​៕