ក្រុងវ៉ាស៊ីនតោនៈ លោកប្រធានាធិបតីដូណាល់ ត្រាំបានដាក់បញ្ជាឲ្យបញ្ឈប់ការពង្រាត់កូនក្មេងពីឪពុកម្ដាយរបស់ពួកគេនៅព្រំដែនអាមេរិកកាលពីថ្ងៃពុធ ខែមិថុនា ដែលការសម្រេចចិត្តដកចេញនូវគោលនយោបាយដ៏តឹងរ៊ឹងនេះ ព្រោះតែមានសម្ពាធយ៉ាងធ្ងន់ពីសំណាក់សមាជិកគណបក្សសាធារណរដ្ឋរបស់លោកផ្ទាល់ សមាជិកគណបក្សប្រជាធិបតេយ្យ និងសហគមន៍អន្តរជាតិ។
ទិដ្ឋភាពគួរឲ្យសង្វេគនេះ លេចឡើងបន្ទាប់ពីកូនក្មេងជាង ២៣០០ នាក់ ដែលត្រូវបានបំបែកចេញពីឪពុកម្ដាយ និងសាច់ញាតិរបស់ពួកគេក្រោយពីបានលួចឆ្លងដែនដោយខុសច្បាប់ តាំងពីថ្ងៃទី ៥ ខែឧសភា និងត្រូវបានដាក់ឲ្យរស់នៅក្នុងតង់ និងសំណង់អគារផ្សេងៗទៀតនោះ មិនមានមធ្យោបាយក្នុងការទាក់ទងជាមួយសាច់ញាតិរបស់ពួកគេទេ។
រូបភាព និងសេចក្ដីរាយការណ៍ស្ដី អំពីការបំបែកបំបាក់គ្រួសារនៃជនអន្តោប្រវេសន៍ បានបង្កឲ្យមានការផ្ទុះកំហឹង និងបះបោរប្រឆាំងនៅក្នុងជួរគណបក្សសាធារណរដ្ឋរបស់លោកត្រាំ ខ្លួនឯង ហើយក៏មានការចោទប្រកាន់ពីសំណាក់សហគមន៍អន្តរជាតិថា អាមេរិកបានកំពុងតែរំលោភសិទ្ធិមនុស្ស។
លោកត្រាំ ថ្លែងខណៈដែលលោកចុះហត្ថលេខាលើសេចក្តីសម្រេចប្រតិបត្តិនោះថា៖ «អ្វីដែលយើង បានធ្វើនៅក្នុងថ្ងៃនេះ គឺយើងកំពុងតែធ្វើឲ្យគ្រួសារបានរស់នៅជួបជុំគ្នា» «ខ្ញុំពិតជាមិនពេញចិត្ត និងទិដ្ឋភាពឬអារម្មណ៍នៃការព្រាត់ប្រាសគ្រួសារនោះទេ»។
លោកត្រាំ បានថ្លែងថា ទោះបីជាមានការកែប្រែ តែការពង្រឹងកិច្ចការពារ ព្រំដែន នឹងត្រូវតែតឹងរ៊ឹងដដែល។ អស់រយៈពេលជាច្រើនសប្ដាហ៍លោកត្រាំ បានទទូចថា លោកជាប់រវល់ជាមួយនឹងច្បាប់សម្រាប់បំបែកកូនក្មេងពីឪពុកម្ដាយរបស់ពួកគេហើយមានតែសភាប៉ុណ្ណោះដែល អាចដោះស្រាយបញ្ហានេះបានមុនពេលលោកបានប្រែប្រួលផ្ទុយស្រឡះពីអ្វីដែលលោកបានគិតពីមុននោះ។
លោកត្រាំ ថ្លែងថា៖ «យើងចង់ឲ្យប្រទេសរបស់យើង មានសន្តិសុខ» «យើងនឹងទទួលបានសន្តិសុខនៅខណៈយើងទទួលបានសេចក្តីស្រឡាញ់ យើងពិតជាចង់ឲ្យគ្រួសារបានរស់នៅជួបជុំគ្នា»។ សេចក្តីសម្រេចនោះបានឲ្យដឹងថា ក្រសួងសន្តិសុខជាតិត្រូវបន្តទទួលបន្ទុកលើក្រុមគ្រួសារ ទាំងនោះ មិនមែនជាការទទួលខុសត្រូវរបស់ក្រសួងយុត្តិធម៌ និងក្រសួង សុខាភិបាលទេ៕