មូលដ្ឋានទ័ពដូវើរៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយកាលពីថ្ងៃសៅរ៍ ចំពោះការបាត់បង់ជីវិតរបស់ទាហានអាមេរិក ៤ នាក់ នៅស៊ីរីភាគខាងជើង នៅក្នុងការវាយប្រហារមួយ ដែលត្រូវបានអះអាងទទួលខុសត្រូវដោយក្រុមរដ្ឋអ៊ិស្លាម ដែលបានកើតឡើងក្រោយពីលោក ត្រាំ បានប្រកាសថា ក្រុមជីហាដជ្រុលនិយម «បានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ» នោះ។
លោក ត្រាំ បានឡើងយន្តហោះទៅកាន់មូលដ្ឋានទ័ពអាកាសដូវើរនៃរដ្ឋដេឡាវែរ ជាមួយរដ្ឋមន្ត្រីការបរទេស លោក ម៉ៃក៍ ប៉ុមប៉េអូ និងរដ្ឋមន្ត្រីការពារជាតិ លោក Patrick Shanahan ជាទីដែលពួកគេ បានដើរបោះជំហានយ៉ាងយឺតឡើងទៅកាន់យន្តហោះធុន C-17 ដែលបានដឹកសាកសពទាំងអស់នោះ ត្រឡប់ទៅមាតុប្រទេសវិញ។
នៅក្នុងយន្តហោះនោះ បព្វជិត ១ រូប បានសូត្របួងសួងយ៉ាងឮៗថា «Amen» សូមព្រះជាម្ចាស់តាមថែរក្សាពួកគេផងចុះ។
លោក ត្រាំ និងក្រុមគណៈប្រតិភូរបស់លោក ដែលរួមមានមន្ត្រីយោធាជាន់ខ្ពស់និងក្រុមមន្ត្រីនៃកងទ័ពជើងទឹកផងនោះ បានបង្ហាញខ្លួនចេញពីយន្តហោះ ក្រោយពីបានប៉ុន្មាននាទីប៉ុណ្ណោះ បានក្រោកឈរគោរពវិញ្ញាណក្ខន្ធសាកសពទាំងអស់នោះ។
សមាជិក ៦ រូបនៃទ័ពជើងទឹកដែលប្រារព្ធពិធីនោះបានយកទង់ជាតិមួយទៅគ្របទៅលើមឈូស ដែលមានរូបលោកScott Wirtz ជាអតីតទាហានជើងទឹក Navy SEAL ដែល បានធ្វើជាមន្ត្រីនៃក្រសួងការពារជាតិ នៅពេលដែល លោកត្រូវបានគេសម្លាប់។
មនុស្សប្រហែល ១០០ នាក់ ដែលស្លៀកពាក់ឯកសណ្ឋាន និងសម្លៀកបំពាក់ស៊ីវិល ដែលមានទំនាក់ទំនងជាមួយជនរងគ្រោះផងដែរ បានសម្លឹងមើល ខណៈក្រុមអ្នកចូលរួមពិធីនោះ បានហែមឈូសសាកសពទាំង។
នៅក្នុងមឈូសទាំងនោះ មានសាកសពជនរងគ្រោះផ្សេងៗទៀតដូចជា ទាហានជើងគោកម្នាក់ អ្នកបច្ចេកទេសម្នាក់នៃកងទ័ពជើងទឹក និងអ្នកម៉ៅការស៊ីវិលម្នាក់។
លោក ត្រាំ បានសរសេរនៅលើគេហទំព័រធ្វីធើរថា លោក នឹងនៅមូលដ្ឋានទ័ពអាកាសដូវើរ ជាមួយក្រុមគ្រួសាររបស់មនុស្សពិសេស ៤ នាក់ ដែលបានបាត់បង់ជីវិត ដើម្បីប្រទេសរបស់យើង៕ AFP/SK