ក្រុងញូវយ៉ក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្តេជ្ញាចិត្តនឹងធ្វើការវាយប្រហារក្រុមតាលីបង់ «ឲ្យបានខ្លាំងជាងមុនដែលមិនធ្លាប់មានពីមុន ខណៈអាមេរិកកាលពីថ្ងៃពុធបានរៀបចំប្រារព្ធខួបលើកទី ១៨ នៃការវាយប្រហារកាលពីថ្ងៃទី ១១ ខែ កញ្ញា ដែលបានធ្វើឲ្យប្រទេសនេះធ្លាក់ចូលទៅក្នុងសង្គ្រាមនៅប្រទេស អាហ្វហ្គានីស្ថាន។
សុន្ទរកថារបស់លោក ត្រាំ បានធ្វើឡើង ក្រោយពីលោកបានបដិសេធទៅនឹងអ្វីដែលជាជំនួបកំពូលសន្តិភាពអាហ្វហ្គានីស្ថានជាប្រវត្តិសាស្ត្រមួយ ហើយខណៈក្រុមសាច់ញាតិរបស់ជនរងគ្រោះ បានរំឭកខួបនៃការវាយប្រហារភេរវកម្ម បណ្តាលឲ្យមនុស្សស្លាប់យ៉ាងច្រើននៅក្នុងទឹកដីអាមេរិក នៅឯកន្លែងពិធីបុណ្យនៅក្រុងញូវយ៉ក និងក្រុងវ៉ាស៊ីនតោន។
លោក ត្រាំ បានថ្លែងសុន្ទរកថានៅឯព្រឹត្តិការណ៍មួយនៅមន្ទីរបញ្ចកោណ ដោយបានគោរពវិញ្ញាណក្ខន្ធមនុស្សជិត ៣ ០០០ នាក់ ដែលបានស្លាប់នៅក្នុងការវាយប្រហារនោះ ដោយបានប្រកាសពីការបង្កើនការវាយប្រហារដោយយោធាឲ្យបានខ្លាំងក្លាមិនធ្លាប់មានពីមុនទៅលើក្រុមតាលីបង់។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា អស់រយៈពេល «៤ ថ្ងៃមកនេះ» កងកម្លាំងរបស់អាមេរិក «បានវាយប្រហារទៅលើសត្រូវរបស់យើងកាន់តែខ្លាំងឡើង ពួកគេបានធ្វើការវាយប្រហារដែលមិនធ្លាប់មានពីមុន ហើយនឹងបន្តធ្វើប្រតិបត្តិការវាយលុកតទៅទៀត»៕ AFP/SK