នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga ទើបតែបញ្ចប់ការធ្វើទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងរបស់លោក កាលពីថ្ងៃពុធ ទី ២១ ខែតុលា។ នេះជាទស្សនកិច្ចលើកដំបូងតាំងពីពេលលោកឡើងកាន់តំណែងកាលពីខែមុន។ ដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃ ពីថ្ងៃ ១៨ តុលា ដល់ថ្ងៃ ២១ តុលា របស់លោក Suga ទៅកាន់ប្រទេសវៀតណាម និងឥណ្ឌូនេស៊ី គឺដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខ ជាមួយនឹងប្រជាជាតិអាស៊ាន តាមចក្ខុវិស័យ «ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ» ឬហៅកាត់ FOIP របស់ជប៉ុន ដែលជាគំនិតនៃការធ្វើកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងការប្រឆាំងនឹងចិន។
នៅវៀតណាមលោក Suga បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅក្រុងហាណូយ ហើយភាគីទាំង ២ បានកំណត់កិច្ចព្រមព្រៀងជាមូលដ្ឋានមួយ ដែលអនុញ្ញាតឱ្យជប៉ុននាំចេញឧបករណ៍ និងបច្ចេកវិទ្យាយោធាដល់ប្រទេសវៀតណាម។
នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ នៅបាននិយាយទៀតថា «វៀតណាម គឺសំខាន់ណាស់ក្នុងការសម្រេចនូវចក្ខុវិស័យ FOIP របស់យើង ហើយក៏ជាដៃគូដ៏មានតម្លៃផងដែរ» លោកបានបន្តទៀតថា៖ «ប្រទេសជប៉ុន ក្នុងនាមជាប្រជាជាតិឥណ្ឌូ-ប៉ាស៊ីហ្វិក នឹងបន្តរួមចំណែកក្នុងកិច្ចការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់នេះ»។
រីឯលោកនាយករដ្ឋមន្ដ្រីវៀតណាម Xuan Phuc វិញ បាននិយាយថា៖ «វៀតណាមស្វាគមន៍ជប៉ុន ដែលជាមហាអំណាចពិភពលោកមួយ ឱ្យបន្តចូលរួមចំណែកយ៉ាងសកម្ម រក្សា សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងក្នុងពិភពលោក»។
ក្រៅពីកិច្ចពិភាក្សាលើវិស័យសន្តិសុខ មេដឹកនាំទាំង ២ រូប ក៏បានពិភាក្សាលើសហប្រតិបត្តិការធ្វើពិពិធកម្មលើខ្សែចង្វាក់ផ្គត់ផ្គង់ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។ ប្រទេសវៀតណាម គឺជាជម្រើសដ៏ពេញនិយមសម្រាប់ក្រុមហ៊ុនជប៉ុនធ្វើពិពិធកម្ម។ ក្រោមកម្មវិធីធ្វើពិធីកម្មខ្សែចង្វាក់ផ្គត់ផ្គង់នៅអាស៊ីអាគ្នេយ៍ ដែលមានឧបត្ថម្ភធនចំនួន ២៣,៥ ពាន់លានយ៉េន (២២៥ លានដុល្លារ) ពីរដ្ឋាភិបាលជប៉ុន ក្រុមហ៊ុនចំនួន ១៥ បានផ្ដោតធ្វើការវិនិយោគទៅប្រទេសវៀតណាម។
លោក Suga និង Xuan Phuc ក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួន ២។ ១ គឺសម្រាប់ក្រុមហ៊ុន Marubeni Corp របស់ជប៉ុន ធ្វើការវិនិយោគទឹកប្រាក់ ១,៣ ពាន់លានដុល្លារ ក្នុងការសាងសង់រោងចក្រអគ្គិសនីមួយនៅខេត្ត Can Tho ប្រទេសវៀតណាម និង ១ ទៀត រវាងក្រុមហ៊ុន Tokyo Gas Co Ltd និងក្រុមហ៊ុន Petro Vietnam Power Corp ដើម្បីរួមគ្នាវិនិយោគទឹកប្រាក់ ១,៩ ពាន់លានដុល្លារ ក្នុងការសាងសង់រោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិមួយ។
ជាមួយប្រទេសឥណ្ឌូនេស៊ីវិញនាយករដ្ឋមន្ត្រីជប៉ុនបានជួបពិភាក្សាជាមួយនឹងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Wi dodo ដោយយល់ព្រមពន្លឿនកិច្ចចរចាស្ដីពីការនាំចេញឧបករណ៍ និងបច្ចេកវិទ្យាយោធារបស់ជប៉ុនទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងបានសន្យារៀបចំឱ្យរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសទាំងសងខាងជួបគ្នាឆាប់ៗនេះ។
ក្រោយកិច្ចប្រជុំជាមួយនឹងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Yoshihide Suga បាននិយាយថា «ជប៉ុនប្រឆាំងនឹងសកម្មភាពទាំងឡាយណា ដែលបង្កើនភាពតានតឹងនៅសមុទ្រចិនខាងត្បូ ង» លោកបានបន្តទៀតថា៖ «ការឆ្លើយតបរបស់យើងនៅសមុទ្រចិនខាងត្បូង គឺមិនសំដៅប្រទេសណាមួយទេ»។ ជាមួយគ្នានេះ លោក Yoshihide Suga ក៏បានយល់ព្រមផ្ដល់ប្រាក់កម្ចីចំនួន ៥០ ពាន់លានយ៉េន (៤៧០ លានដុល្លារ) ទៅឥណ្ឌូនេស៊ី ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលរងគ្រោះដោយសារ COVID-19 ដោយផ្តោតលើការការពារគ្រោះមហន្តរាយ និងការផ្គត់ផ្គង់គ្រឿងបរិក្ខារពេទ្យសម្រាប់ស្ថាប័នវេជ្ជសាស្ត្រ។
ការធ្វើទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនទើបឡើងតំណែងទៅកាន់ប្រទេសទាំង ២ នេះ កើតឡើង ១ ខែ ក្រោយពីមានជំនួបវេទិកាសន្តិសុខ «Quad» នៅទីក្រុងតូក្យូ ដែលមានការចូលរួមពីសហរដ្ឋអាមេរិក ឥណ្ឌា និងអូស្ត្រាលី។ ចិនបានចោទប្រកាន់ «Quad» ថាគឺជាការឃុបឃិតគ្នាបង្កើតអង្គការ «ណាតូអាស៊ី» ដើម្បីឡោមព័ទ្ធប្រទេសចិន។ ខែក្រោយ «Quad» នឹងរួមគ្នាធ្វើសមយុទ្ធកងទ័ពជើងទឹកខ្នាតធំមួយនៅមហាសមុទ្រឥណ្ឌា។
គួរបញ្ជាក់ថា ប្រទេសជប៉ុន មានកិច្ចព្រមព្រៀងផ្ទេរបច្ចេកវិទ្យារួចស្រេចជាមួយប្រទេសដទៃទៀត ដែលរួមមានសហរដ្ឋអាមេរិក អង់គ្លេស និងម៉ាឡេស៊ី។ រីឯប្រទេសវៀតណាម គឺជាដៃគូទី ១២ ហើយជប៉ុនក៏កំពុងតែចរចាកិច្ចព្រមព្រៀងជាមួយឥណ្ឌូនេស៊ី និងថៃ។ ការនាំចេញដំបូងនៃឧបករណ៍យោធារបស់ជប៉ុន គឺបានធ្វើឡើងនៅខែសីហា នៅពេលហ្វីលីពីនបានទិញយកប្រព័ន្ធរ៉ាដាមួយ។
ជាការកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសជប៉ុន ក៏កំពុងព្យាយាមជំរុញការនាំចេញបច្ចេកវិទ្យាយោធាទំនើបៗ ដែលរួមមានរថយន្តម៉ារីនទំនើប ដ្រូនមុជទឹក និងបច្ចេកវិទ្យារាវរកមីន ក្រោយបម្រាមនាំចេញអាវុធដាក់លើខ្លួនឯង ត្រូវបានដកចេញ៕