កាល​ពី​ថ្ងៃ​ចន្ទ​ ទី ​២៦ ​ខែ​តុលា​ ព្រឹទ្ធសភា​អាមេរិក​បាន​បោះ​ឆ្នោត​ដើម្បី​បញ្ជាក់​ពី​ការ​គាំទ្រ​បេក្ខជន​ចៅក្រម​តុលាការ​កំពូល​លោកស្រី​ Amy​ Coney ​Barrett ​ឱ្យ​ចូល​កាន់​តំណែង​។ ​ជា​លទ្ធផល​ទទួល​បាន​សំឡេង​គាំទ្រ ​៥២​ លើ ​៤៨ ​សំឡេង​។​

ការ​តែងតាំង​នេះ​ធ្វើ​ឡើង​ប្រមាណ ​១ សប្ដាហ៍​ប៉ុណ្ណោះ ​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃទី ​៣​ ខែ​វិច្ឆិកា ​និង ​១ ខែ​ ​ក្រោយ​ពី​ប្រធានាធិបតី​អាមេរិក ​លោក ​Donald​ Trump​ បាន​ប្រកាស​ជ្រើសរើស​លោកស្រី​ជា​បេក្ខភាព​ចៅក្រម​តុលាការ​កំពូល​។​

កាល​ពី​ថ្ងៃ​អាទិត្យ ​មេ​ដឹកនាំ​សំឡេង​ភាគ​ច្រើន​ក្នុង​ព្រឹទ្ធសភា​លោក ​Mitch ​McConnell​ បាន​និយាយ​ថា​៖ ​«ព្រឹទ្ធសភា​កំពុង​តែ​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ​។​ យើង​នឹង​បញ្ជូន​នីតិវិធី​តែងតាំង​ចៅក្រម​តុលាការ​កំពូល​ទៅ​មុខ​បន្ត​ទៀត​ ហើយ​នៅ​យប់​ថ្ងៃ​ស្អែក​យើង​នឹង​មាន​សមាជិក​ថ្មី​ក្នុង​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក»​។​

ឆ្លើយ​តប​នឹង​ការ​ប្រកាស​របស់​លោក ​McConnell ​លោក​Chuck ​Schumer ​មេ​ដឹកនាំ​សំឡេង​ភាគ​តិច​ក្នុង​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយ​ថា​៖ ​«​កាល​ពី ៤ ឆ្នាំ​មុន​ ស្ទើរ​តែ​គ្រប់​សមាជិក​មក​ពី​បក្ស​សាធារណរដ្ឋ​ទាំង​អស់​នៅ​ក្នុង​ព្រឹទ្ធសភា ​ដែល​ដឹកនាំ​ដោយ​មេ​ដឹកនាំ​សំឡេង​ភាគ​ច្រើន ​បាន​បដិសេធ​មិន​ពិចារណា​សូម្បី​តែ​បន្តិច​ ចំពោះ​ការ​តែងតាំង​ចៅក្រម​តុលាការ​កំពូល​របស់​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ ​ដោយ​សម្អាង​លើ​ហេតុផល​ថា​ យើង​គួរតែ​រង់ចាំ​រហូត​ដល់​ក្រោយ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ ​ព្រោះ​ប្រជាជន​អាមេរិក​សម​នឹង​អាច​មាន​សំឡេង​នៅ​ក្នុង​ការ​ជ្រើសរើស​ចៅក្រម​ថ្មី»​។​

ជា​ការ​កត់​សម្គាល់​ សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ​បាន​ព្យាយាម​ប្រើប្រាស់​នីតិវិធី​គ្រប់​បែប​យ៉ាង ​ដើម្បី​បន្ថយ​ល្បឿន​ ឬ​បញ្ឈប់​ការ​តែងតាំង​ចៅក្រម​តុលាការ​កំពូល​ទី​៣ ​របស់​លោក ​Trump ​នេះ​ បើ​ទោះបី​ជា​ដឹង​ហើយ​ថា​ នីតិវិធី​តែងតាំង​នេះ​នឹង​នៅ​តែ​ដើរ​ទៅ​មុខ​ ដោយសារ​បក្ស​សាធារណរដ្ឋ​មាន​សំឡេង​ភាគ​ច្រើន ៥៣-​៤៧​ ដែល​គ្រប់គ្រាន់​សម្រាប់​ការ​បោះ​ឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ដ​ក៏​ដោយ​។​

កាល​ពី​សប្ដាហ៍​មុន​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ​បាន​ធ្វើ​ពហិការ​មិន​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​របស់​គណៈកម្មាធិការ​តុលាការ​នៃ​ព្រឹទ្ធសភា​ក្នុង​ន័យ​បង្អាក់​នីតិវិធី​ការ​បោះ​ឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ដ​តែងតាំង​ ប៉ុន្តែ​មិន​ជោគជ័យ​ឡើយ​ ដោយសារ​សមាជិក​បក្ស​សាធារណ​រដ្ឋ​ នៅ​តែ​បោះ​ឆ្នោត​បញ្ជូន​ការ​តែងតាំង​នេះ​ទៅ​មុខ​។​

សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ​ទាំង ​៤៥ ​រូប​ សមាជិក​បក្ស​ឯករាជ្យ ​២ ​រូប​ និង​សមាជិក​បក្ស​សាធារណ​រដ្ឋ ​១ រូប​ បាន​បោះ​ឆ្នោត​ប្រឆាំង​នឹង​ការ​បញ្ជាក់​ការ​តែងតាំង​នេះ​។​

គួរ​ជម្រាប​ថា ​ការ​តែងតាំង​លោកស្រី ​Barrett​ នឹង​ធ្វើ​ឱ្យ​ចៅក្រម​អភិរក្ស​និយម​មាន​សំឡេង​ភាគ​ច្រើន​ គឺ ​៦ ​សំឡេង​ ធៀប​នឹង​សំឡេង​ភាគ​តិច​តែ ​៣ ​សំឡេង​ នៃ​ចៅក្រម​សេរី​និយម​។​ ​ដូច្នេះ​ការ​តែងតាំង​នេះ​ ធ្វើ​ឱ្យ​តុលាការ​កំពូល​អាមេរិក​មាន​ភាព​លម្អៀង​ទៅ​តាម​គោល​នយោបាយ​របស់​លោក Trump​។​

អ្នក​នយោបាយ​មក​ពី​បក្ស​ប្រជាធិបតេយ្យ​ជា​ច្រើន ​បាន​បង្ហាញ​ភាព​ព្រួយ​បារម្ភ​ថា​ តុលាការ​កំពូល​អភិរក្ស​និយម​អាច​នឹង​លុប​បំបាត់​សមិទ្ធផល​របស់​បក្ស​ពួក​គេ ​ដូច​ជា​ ច្បាប់​ Affordable Care ​Act​ ដែល​គេ​ហៅ​ថា ​Obamacare​ និង​សិទ្ធិ​ក្នុង​ការ​រំលូត​កូន​ជា​ដើម​។ ​សព្វ​ថ្ងៃ​មាន​ពាក្យ​បណ្ដឹង​មិន​ទាន់​បាន​សម្រេច​មួយ​ចំនួន​នៅ​ចំពោះ​មុខ​តុលាការ​កំពូល​ ដែល​ទាក់ទង​នឹង​ការ​បោះឆ្នោត​តាម​ប្រអប់​សំបុត្រ​។ ​ការ​សម្រេច​ចិត្ត​របស់​តុលាការ​កំពូល​លើ​ពាក្យ​បណ្ដឹង​ទាំង​នេះ ​អាច​នឹង​មាន​ឥទ្ធិពល​ដល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​ពេល​ខាង​មុខ​ផង​ដែរ​។​

កាល​ពី​ខែ​កក្កដា​ ទស្សនាវដ្ដី ​Newsweek ​បាន​ចុះ​អត្ថបទ​វិភាគ​មួយ​ដោយ​លើក​ឡើង​ អំពី​សេណារីយ៉ូ​មួយ​ថា ​លោក Trump​ អាច​បន្ត​ធ្វើ​ប្រធានាធិបតី ​បើ​ទោះបី​ជា​លោក​ចាញ់​ឆ្នោត​ក៏​ដោយ​។ ​ក្នុង​សេណារីយ៉ូ​នោះ ​អ្នក​និពន្ធ​បាន​បង្ហាញ​ពី​ឥទ្ធិពល​របស់​តុលាការ​កំពូល​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​សន្លឹក​ឆ្នោត​។​ ​បើ​សិន​ការ​សម្រេច​របស់​តុលាការ​កំពូល​បាន​ធ្វើ​ឱ្យ​គ្មាន​បេក្ខជន​ណា​ ​១ ទទួល​បាន​សំឡេង ​២៧០​ គ្រប់គ្រាន់​សម្រាប់​ទទួល​ជ័យជម្នះ​ នោះ ​រដ្ឋសភា​នឹង​ជា​អ្នក​តែងតាំង​ប្រធានាធិបតី​ ហើយ​ព្រឹទ្ធសភា​ជា​អ្នក​តែងតាំង​អនុ​ប្រធានាធិបតី​។​

តែ​ការ​តែងតាំង​ប្រធានាធិបតី​នៅ​សភា​តំណាង​រាស្ដ្រ​ ឬ​រដ្ឋសភា​ គឺ​ប្រព្រឹត្ត​ទៅ​ដោយ​បែងចែក​សមាជិក​ជា​ក្រុម​ទៅ​តាម​រដ្ឋ​ដែល​ពួក​គេ​តំណាង ​ហើយ​ក្រុម​នីមួយៗ​ មាន​សំឡេង​បោះ​ឆ្នោត​តែ ​១ ​គត់​ ដែល​សរុប​មាន​​តែ ​៥០ ​សំឡេង​ប៉ុណ្ណោះ​។​ សម្រាប់​អាណត្តិ​បច្ចុប្បន្ន​បក្ស​ប្រជាធិបតេយ្យ​មាន​សំឡេង​ភាគ​ច្រើន​ ២៣២ ​ធៀប​នឹង​សំឡេង ​១៩៨​ របស់​គណបក្ស​សាធារណរដ្ឋ​ក្នុង​សភា​តំណាងរាស្ត្រ​ តែ​បើ​សិន​បែង​ចែក​សមាជិក​ទៅ​តាម​រដ្ឋ​ ដែល​ពួក​គេ​តំណាង​ គណបក្ស​សាធារណរដ្ឋ​មាន​ក្រុម​ចំនួន ​២៦​ ហើយ​គណបក្ស​ប្រជាធិបតេយ្យ​មាន ​២៤​ ក្រុម​។ ​សេណារីយ៉ូ​ ត្រូវ​បាន​គូស​វាស​បញ្ចប់​ដោយ​លោក​ Trump​ ដូច្នេះ​លោក​នឹង​ត្រូវ​បាន​សភា​តំណាង​រាស្ត្រ​ ឬ​រដ្ឋ​សភា​បោះឆ្នោត​ឱ្យ​បន្ត​តំណែង​ជា​ប្រធានាធិបតី​បន្ត​ទៀត​។​

សូម​បញ្ជាក់​ផង​ដែរ​ថា​ ចៅក្រម​តុលាការ​កំពូល​អាមេរិក​មាន​តួនាទី​ពិនិត្យ​ធម្មនុញ្ញភាព​នៃ​ច្បាប់​សហរដ្ឋ​អាមេរិក​ និង​រដ្ឋ​នីមួយៗ​ ជម្លោះ​រវាង​រដ្ឋ​ និង​រដ្ឋធានា​សិទ្ធិ​ពលរដ្ឋ​តាម​រដ្ឋ​ធម្មនុញ្ញ​ ​និង​ពិនិត្យ​លើ​រឿង​ក្ដី​ដែល​អាច​មាន​ឥទ្ធិពល​នៅ​ទូទាំង​ប្រទេស​។​ ចៅក្រម​តុលាការ​កំពូល​មាន​អាណត្តិ​ពេញ​ ១ ជីវិត​ មាន​ន័យ​ថា​ ប្រធានាធិបតី ​១ ​រូប​ អាច​មាន​ឥទ្ធិពល​ដោយ​ប្រយោល​លើ​នយោបាយ​សហរដ្ឋ​​អាមេរិក​ជា​ច្រើន​ឆ្នាំ ​តាមរយៈ​ការ​តែងតាំង​ចៅក្រម​តុលាការ​កំពូល​អាមេរិក​នេះ​ឯង​៕​