ក្រុង​វ៉ាស៊ីនតោន៖ ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ គឺ​លោក​ រ៉ូបឺត​ អូប្រៀន ​កាល​ពី​ថ្ងៃ​អង្គារ​ បាន​អំពាវនាវ​ឲ្យ​​កូរ៉េ​ខាង​ជើង​ឈប់​បង្ក​ហេតុ​ ហើយ​ងាក​មក​រក​តុ​ចរចា​វិញ​ប្រសើរ​ជាង​។​

ការ​អត្ថាធិប្បាយ​របស់​លោក​ រ៉ូបឺត អូប្រៀន ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​ បាន​កម្ទេច​ការិយាល័យ​ទំនាក់​ទំនង​អន្តរ​កូរ៉េ​មួយ ​ដោយ​សារ​មិន​ពេញ​ចិត្ត​ ជុំវិញ​ខិត្តប័ណ្ណ​ឃោសនា​ប្រឆាំង​ក្រុង​ព្យុងយ៉ាង​ ដែល​បាន​បង្ហោះ​ចេញ​ពី​ទឹក​ដី​កូរ៉េ​ខាង​ត្បូង​ ដោយ​ក្រុម​អ្នក​រត់​ចោល​ប្រទេស​ ប៉ុន្តែ​បន្ទាប់​មក​កូ​រ៉េ​ខាង​ជើង ​បាន​ពន្យារ​ផែន​ការ​ចាត់​វិធានការ​យោធា​ ប្រឆាំង​កូរ៉េ​ខាង​ត្បូង​។

លោក ​រ៉ូបឺត​ អូប្រៀន ​បាន​ថ្លែង​ថា​ អាមេរិក​ចង់​ឃើញ​កូរ៉េ​ខាង​ជើង​ទទួល​បាន​អនាគត​សេដ្ឋកិច្ច​ដ៏​ភ្លឺ​ស្វាង​» ​មួយ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​មេ​ដឹកនាំ​លោក ​គីម​ ជុងអ៊ុន​ ហើយ​ថា​ ប្រធានាធិបតី​អាមេរិក លោក​ ​ដូណាល់ ត្រាំ​ នៅ​តែ​ប្តេជ្ញា​ធ្វើ​ឲ្យ ​«​សន្តិភាព​យូរ​អង្វែង​» ​នៅ​ឧបទ្វីប​កូរ៉េ​។​

លោក ​រ៉ូបឺត​ អូប្រៀន ​បាន​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ដ៏​សំខាន់​មួយ​ ដែល​បាន​រៀបចំ​ធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​ ដើម្បី​ផលប្រយោជន៍​ជាតិ​ថា៖ ​«​ការ​រីក​ចម្រើន​ពិត​ប្រាកដ​នៅ​កូរ៉េ​ខាង​ជើង​ មាន​ការ​យឺត​យ៉ាវ​» ​ដោយ​បាន​​និយាយ​សំដៅ​ទៅ​លើ​ការ​ចរចា​លុប​បំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ រវាង​ក្រុង​វ៉ាស៊ីនតោន​ និង​ក្រុង​ព្យុងយ៉ាង​។​

លោក​បាន​ថ្លែង​ថា​៖ «ប៉ុន្តែ​ទ្វារ​ចរចា​ និង​ការ​រីក​ចម្រើន​ នៅ​តែ​បើក​ចំហ​សម្រាប់​កូរ៉េ​ខាង​ជើង​ជានិច្ច​»​។​

លោក ​ដូណាល់​ ត្រាំ​ និង​លោក ​គីម ជុង​អ៊ុន​ បាន​ជួប​គ្នា ​៣ ​ដង​ ចាប់​តាំង​ពី​ខែ​មិថុនា​ ឆ្នាំ ​២០១៨​ ដើម្បី​ព្យាយាម​ឲ្យ​ឈាន​ទៅ​រក​កិច្ច​ព្រមព្រៀង​មួយ​ ស្តីពី​ការ​លុប​បំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ ជា​ថ្នូរ​ទៅ​នឹង​ការ​ធ្វើ​សម្បទាន​របស់​អាមេរិក​។​

នៅ​ក្នុង​ជំនួប​កំពូល​ដំបូង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ ក្រុម​មេដឹក​នាំ​ប្រទេស​ទាំង ​២​ បាន​យល់ព្រម​ធ្វើ​ការ​ឲ្យ​ឈាន​ទៅ​រក​ការ​លុប​បំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង ​នៅ​ឧបទ្វីប​កូរ៉េ​ ធ្វើ​ឲ្យ​ទំនាក់​ទំនង​ទ្វេ​ភាគី​បាន​ល្អ​ប្រសើរ​ និង​ធ្វើ​ឲ្យ​​របប​មួយ​នេះ​មាន​សន្តិភាព​យូរ​អង្វែង​។​

ការ​អនុ​វត្ត​កិច្ច​ព្រមព្រៀង​នោះ​ បាន​ជាប់​គាំង​ស្រប​ពេល​មាន​ការ​ខ្វែង​គំនិត​គ្នា​ ជុំវិញ​ទំហំ​នៃ​ការ​លុប​បំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ និង​ការ​ដក​ទណ្ឌកម្ម​របស់​​អាមេរិក។​

លោក ​រ៉ូបឺត​ អូប្រៀន​ បាន​ថ្លែង​ថា​៖ «យើង​បាន​ប្តេជ្ញា​ទំនាក់​ទំនង​ និង​ដើម្បី​ឲ្យ​ទទួល​បាន​គោលដៅ​ជា​ច្រើន​ ដែល​បាន​ចាប់​ផ្តើម​ធ្វើ​ឡើង​ នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​នៅ​ប្រទេស​សិង្ហបុរី​»​។​

លោក ​រ៉ូបឺត​ អូប្រៀន​ បាន​ថ្លែង​ថា​៖ «យើង​បាន​បន្ត​អំពាវនាវ​​កូរ៉េ​ខាង​ជើង​ ឲ្យ​បញ្ចៀស​ការ​បង្ក​ហេតុ​ផ្សេង​ៗ​ ហើយ​ត្រូវ​គោរព​កាតព្វកិច្ច​ឲ្យ​ស្ថិត​នៅ​ក្រោម​ដំណោះ​ស្រាយ​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហ​ប្រជាជាតិ​ និង​ត្រឡប់​មក​អនុវត្ត​កិច្ច​ចរចា​ប្រសើរ​ជាង​» ​ដោយ​លោក​បាន​និយាយ​សំដៅ​ទៅ​លើ​បម្រាម​របស់​អង្គការ​សហប្រជាជាតិ​ ជុំវិញ​ការ​ធ្វើ​តេស្ត​បច្ចេកវិទ្យា​មីស៊ីល​បាលីស្ទិក​ និង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​។​

ក្រុង​វ៉ាស៊ីនតោន​បាន​អំពាវនាវ​ជា​បន្ត​បន្ទាប់​ ឲ្យូ​កូរ៉េ​ខាង​ជើង​ងាក​មករក​តុចរចា​ ខណៈ​អាមេរិក​បាន​សង្កត់​ធ្ងន់​ថា​ ខ្លួន​នៅ​តែ​​ត្រៀម​លក្ខណៈ​ខាង​យោធា​រួច​ជា​ស្រេច​ ដើម្បី​ឆ្លើយ​តប​រាល់​ការ​បង្ក​ហេតុ​ណា​មួយ​ពី​សំណាក់​កូរ៉េ​ខាងជើង​ជា​និច្ច​។​

កាល​ពី​ថ្ងៃ​ចន្ទ​ អនុរដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក លោក ​ស្តេបហែន ប៊ឺហ្គាន់ ​បាន​ថ្លែង​ថា​ ​នៅ​មាន​ពេល​វេលា​សម្រាប់​ភាគី​ទាំង ​២​ ដើម្បី​ធ្វើ ​«​ឲ្យ​រីក​ចម្រើន​​ក្នុង​ទិសដៅ​ ដែល​ភាគី​ទាំង ២ ​ចង់​ធ្វើ​នោះ​»​៕​ Yonhap/SK