ក្រុងពុត្រាចាយ៉ាៈ អតីត​មេដឹកនាំ​ម៉ាឡេស៊ី​ប្រឡូក​ប្រឡាក់​ដោយ​រឿង​អាស្រូវ​លោក​ណាជីប រ៉ាហ្សាក់ កាល​ពី​ថ្ងៃ​អង្គារ​ត្រូវ​បាន​ទីភ្នាក់ងារ​ប្រឆាំង​អំពើ​ពុក​រលួយ​កោះ​ហៅ​មក​ដើម្បី​សាក​សួរ​ជុំវិញ​រឿង​អាស្រូវ​ហិរញ្ញវត្ថុ ដែល​ចូលរួម​ចំណែក​ជួយ​របប​គ្រប់គ្រង​ដ៏​យូរ​របស់​លោក ដួល​រលំ​នោះ។

បក្ស​ចម្រុះ​របស់លោក បាន​ទទួលរង​ការបរាជ័យ​គួរ​ឲ្យ​ភ្ញាក់-ផ្អើល​ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី ៩ ខែ​ឧសភា ដែល​ធ្វើ​ឲ្យ​សម្ព័ន្ធ​កំណែ​ទម្រង់​និយម​ដឹកនាំ​ដោយ​លោក​ម៉ាហាធៀ ម៉ូហាម៉ាដ បំបែក​ការ​ក្តោប​ក្តាប់​អំណាច​យ៉ាង​រឹងមាំ​រយៈពេល ៦ ទសវត្សរ៍​របស់​ពួកគេ។

លោកម៉ាហាធៀ ដែល​លើកដំបូង​កាន់តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ពី​ឆ្នាំ ១៩៨១-២០០៣ និង​ចាក​ចេញ​ពី​ការ​ចូល​និវត្តន៍​នៅ​អាយុ ៩២ ឆ្នាំ ដើម្បី​ប្រជែង​តំណែង​ជាមួយ លោក ណាជីប​និង​សម្ព័ន្ធ​មិត្ត​របស់​លោក​ផ្តោត​ទៅ​លើ​ការ​ទាមទារ​ថា អតីត​មេដឹកនាំ​រូប​នោះ និង​មិត្ត​ជិត​ស្និទ្ធ​របស់​លោក បាន​លួច​លុយ​ពី​មូលនិធិ 1MDB។

ប្រាក់​រាប់ពាន់​លាន​ដុល្លារ​តាម​ការចោទប្រកាន់ ត្រូវបាន​លួច​ចេញពី​មូលនិធិ​នោះ ជា​ការ​លួច​បន្លំ​តាម​បច្ចេកទេស​ទំនើប និង​បាន​ប្រើប្រាស់ ដើម្បី​ទិញ​សម្ភារ​គ្រប់​បែប​យ៉ាង​មាន​ចាប់​ពី​រូប​ចម្លាក់ រហូត​ដល់​អចលទ្រព្យ​ដែល​មាន​តម្លៃ​ថ្លៃ​កប់​ពពក​នោះ។

លោក​ណា​ជីប និង​ប្រពន្ធ​របស់លោក​គឺ​លោកស្រី Rosmah Mansor បាន​បាត់បង់​កេរ្តិ៍​ឈ្មោះ និង​សេចក្តី​ថ្លៃថ្នូរ។ ពួកគេ​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចេញ​ពី​ប្រទេស និង​ប៉ូលិស បាន​រឹប​អូស​យក​កាបូបដៃ គ្រឿង​អលង្ការ និង​ប្រាក់​នៅ​ក្នុង​អំឡុង​វាយ​ឆ្មក់​ទៅ​លើ​ភូមិគ្រឹះ​ជា​ច្រើន​ទាក់​ទង​ជាមួយ​នឹង ប្តី​ប្រពន្ធ​នេះ។

មេដឹកនាំ ដែល​ត្រូវបាន​បណ្តេញ​ពី​អំណាច​រូបនេះ បានមក​ដល់ទី​ស្នាក់ការ​គណៈ​កម្មាការ​ប្រឆាំង​អំពើ​ពុក​រលួយ (MACC) នៅ​ក្នុង​រដ្ឋធានី ពុត្រាចាយ៉ា ដោយ​បាន​ឆ្លង​កាត់​អ្នក​កាសែត​ប្រហែល​មួយរយ​នាក់។

ប្រធាន ​MACC លោក Shukki Abdull ថ្លែ​ងក្នុង​សន្និសីទ​កាសែត​​​។ AFP

លោក ណា​ជីប ត្រូវបាន​កោះហៅ​ដោយ MACC ដើម្បី​ធ្វើ​សេចក្តី​ថ្លែងការណ៍​អំពី​ការ​អះអាង​ជុំវិញ SRC International ជា​ក្រុមហ៊ុន​ថាមពល​មួយ ដែល​កាល​ដើម​ឡើយ ជា​សាខា​របស់ 1MDB និង​បង្កើត​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​ទៅ​លើ​រឿង​អាស្រូវ​នោះ។

SRC ត្រូវ​បានដាក់​នៅក្រោម​ក្រ​សួង​ហិរញ្ញវត្ថុ​នៅក្នុង​ឆ្នាំ ២០១២ លោក ណាជីប គឺជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ជា​រដ្ឋមន្ត្រី​នៅ​ពេល​នោះ​ដែរ។

យោងតាម​ការស៊ើបអង្កេត​មួយ​របស់​ទស្សនា​វ​ដ្តី Wall Street Journal លុយ​ប្រមាណ ១០,៦ លាន​ដុល្លារ​ចេញ​ពី SRC ត្រូវ​បាន​ផ្ទេរ​ចូល​គណនី​ធនាគារ​របស់​លោក​ណាជីប ផ្ទាល់។ លុយរាប់​រយ​លាន​ដុល្លារ​ចេញ​ពី​1MDB តាម​ការ​ចោទ​ប្រកាន់ ត្រូវ​ចប់​នៅ​ទីនោះ។

លោក​ណា​ជីប និង 1MDB បាន​បដិសេធថា មិនមាន​កំហុស​អ្វី​ឡើយ។ ការ​ស៊ើបអង្កេត​មួយ​ដែល​ត្រូវ​បាន​ចាប់​ផ្តើម​នៅ​ក្នុង​អំឡុង​លោក​កាន់​តំណែង បាន​សន្និដ្ឋាន​ថា លុយ​ទាំង​អស់​នៅ​ក្នុង​គណនី​របស់​លោក គឺជា​អំណោយ​ពី​គ្រួសារ​រាជវង្ស​អារ៉ាប៊ី សាអ៊ូឌីត៕