ក្រុងវ៉ាស៊ីនតោន៖ យោងតាមមន្ត្រី ២ រូប នៃក្រសួងសន្តិសុខមាតុភូមិបានឲ្យដឹងថា ការកើនឡើងការចាប់ខ្លួននៅតាមបណ្តោយព្រំដែនម៊ិកស៊ិកមួយផ្នែក ត្រូវបានជំរុញដោយជនចំណាកស្រុកដែលកំពុងកើនឡើងបានព្យាយាមចូលទឹកអាមេរិកម្តងហើយម្តងទៀត ខណៈវិធានការទប់ស្កាត់ជំងឺរាតត្បាតបានបណ្តេញអ្នកដែលគេឃុំខ្លួនភាគច្រើន មានផលពិបាកពីការអនុញ្ញាតឲ្យពួកគេព្យាយាមឆ្លងចូល ព្រំដែនដោយខុសច្បាប់។
អង្គភាពគយ និងការពារព្រំដែន (CBP) បាននិយាយកាលពីសប្តាហ៍មុនថា ទីភ្នាក់ងារនេះ បានកត់ត្រាអ្នកជាប់ឃុំចំនួន ៤០ ៧៤៦ នាក់ នៅក្នុងខែកក្កដា រហូតដល់ ២៤ ភាគរយ ពីខែមិថុនា និងតួលេខកើនឡើងទ្វេដងកាលពីខែមេសា នៅពេលដែលមនុស្ស ១៧ ០៨៦ នាក់ ត្រូវបានគេចាប់ឃុំឃាំង។ ចាប់តាំងពីអនុវត្តវិធានការគ្រាអាសន្នមកមន្ត្រី CBP មិនបានលាតត្រដាងអត្រានៃការប្រព្រឹត្តខុសនៅតាមព្រំដែនទេ» ជាភាគរយនៃការឃុំខ្លួនដែលពាក់ព័ន្ធនឹងអ្នកឆ្លងព្រំដែនម្តងហើយម្តងទៀត ប៉ុន្តែមន្ត្រីអង្កេតប្រជាជន និងសុខភាព (DHS) បាននិយាយថា តួលេខនាពេលបច្ចុប្បន្ននេះ លើសពី ៣០ ភាគរយ។
កាលពីចុងខែមីនា ខណៈវីរុសផ្លូវដង្ហើមកូរ៉ូណា បានឆ្លងរាលដាល រដ្ឋការរបស់លោក ដូណាល់ ត្រាំ បានចាប់ផ្តើមអនុញ្ញាតឲ្យភ្នាក់ងារជាច្រើនរៀបចំឲ្យជនចំណាកស្រុក និងដឹកពួកគេត្រឡប់ទៅម៊ិកស៊ិកវិញជំនួសឲ្យការចាប់ពួកគេឃុំខ្លួនឃុំឃាំង ជាទីដែលអាចឆ្លងវីរុសកាន់តែច្រើនឡើង។ ជាង ៩០ ភាគរយនៃអ្នកទាំងអស់ដែលត្រូវបានចាប់ខ្លួនដោយ CBP ត្រូវបណ្តេញចេញពីប្រទេសភ្លាមៗ នៅក្រោមវិធានការគ្រាអាសន្ន ក្នុងនោះ មានអនីតិជន និងអ្នកស្វែងរកសិទ្ធិជ្រកកោន។
កម្រិតនៃការធ្វើចំណាកស្រុកបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែមេសា ក្រោយពីវិធានការនានាត្រូវបានអនុវត្ត ប៉ុន្តែការឆ្លងព្រំដែនបានកើនឡើងតាំងពីពេលនោះមក។
មន្ត្រីអាមេរិករំពឹងថា និន្នាការនេះនឹងនៅតែបន្ត ខណៈស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំងនៅម៊ិកស៊ិក និងអាមេរិកកណ្តាលដោយសារជំងឺរាតត្បាត៕ W.Post/PSA