ក្រុងអូតាវ៉ា៖ លោក​នាយក​រដ្ឋមន្ត្រី​​កាណាដា ​ចាស្ទីន ​ទ្រូដូ ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ថ្លែង​ថា ​ជន​រងគ្រោះ​នៃ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ដែល​អ៊ីរ៉ង់​បាញ់​ទម្លាក់​នឹង​នៅ​មាន​ជីវិត​ប្រសិន​បើ​មិន​មាន​ភាព​តានតឹង​ថ្មីៗ​ ដែល​មួយ​ផ្នែក​​បង្ក​ឡើង​ដោយ​អាមេរិក​នោះ​។​

យោង​តាម​របាយការណ៍​ដែល​ត្រូវ​បាន​គេ​ចែក​រំលែក​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃ​ទៀត​ បាន​ឲ្យ​ដឹង​ថា​ លោក​ ​ទ្រូដូ ​បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាស​ជាមួយ​ទូរទស្សន៍​ Global​ ថា​៖ «ខ្ញុំ​គិត​ថា​ប្រសិន​បើ​គ្មាន​ភាព​តានតឹង​កាន់​តែ​កើន​ឡើង​យ៉ាង​ខ្លាំង​​នៅ​ក្នុង​តំបន់​នា​ពេល​ថ្មីៗ​នេះ​ទេ​ ជនជាតិ​កាណាដា​ទាំង​អស់​នោះ​ ឥឡូវ​នេះ​នឹង​នៅ​ជាមួយ​គ្រួសារ​របស់​ពួក​គេ​ទៅ​ហើយ​»។

លោក​បន្ថែម​ថា​ សហគមន៍​អន្តរជាតិ​ ពិត​ជា​​​យល់​ច្បាស់​អំពី​ការ​ត្រូវ​ការ​មាន​ប្រទេស ​អ៊ីរ៉ង់ ​គ្មាន​នុយក្លេអ៊ែរ ​និង​ចាំបាច់​ត្រូវ​គ្រប់គ្រង​ភាព​តានតឹង​នៅ​ក្នុង​តំបន់ ​ដែល​ត្រូវ​មាន​វិធានការ​នានា​របស់​អាមេរិក​នោះ​។

យន្តហោះ​ Boeing ​737​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ អ៊ុយក្រែន​ ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​មីស៊ីល​ភ្លាមៗ​ ក្រោយ​ពី​ហោះ​ឡើង​ចេញ​ទី​ក្រុង​តេអេរ៉ង់ ​នៅ​មុន​ថ្ងៃ​រះ​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ ដោយ​បាន​​បណ្តាល​ឲ្យ​អ្នក​ជិះ ​១៧៦​ នាក់ ​នៅ​ក្នុង​យន្តហោះ​នោះ​ស្លាប់​ទាំង​អស់​។ ​

តាម​របាយការណ៍​របស់​ក្រុង​អូតាវ៉ា​មនុស្ស​ចំនួន ​៥៧ ​នាក់ ​នៃ​អ្នក​ដំណើរ​ទាំង​អស់​នៅ​ក្នុង​យន្តហោះ​នោះ គឺ​ជា​ពលរដ្ឋ​កាណាដា​ដែល​ភាគ​ច្រើន​​​ក្នុង​ចំណោម​ពួក​គេ​មាន​សញ្ជាតិ ​២​។ ​​

ភាព​តានតឹង​អាមេរិក-អ៊ីរ៉ង់​យូរ​ហើយ​ បាន​កើន​ឡើង​កម្តៅ​ខ្លាំង ​ចាប់​តាំង​ពី​ថ្ងៃទី ​៣ ​ខែ​មករា ​នៅ​ពេល​ដែល​មីស៊ីល​ជា​ច្រើន​គ្រាប់​ ត្រូវ​បាន​បាញ់​ចេញ​ពី​យន្តហោះ​ដ្រូន​​អាមេរិក​មួយ​គ្រឿង​ បាន​បណ្តាល​ឲ្យ​មេ​បញ្ជា​ការ​យោធា​ជាន់​ខ្ពស់​អ៊ីរ៉ង់​ លោក ​ហ្គាស៊ី សូឡេម៉ានី ស្លាប់​នៅ​ក្បែរ​ព្រលាន​យន្តហោះ​ក្រុង​បាកដាដ។​

អ៊ីរ៉ង់​បាន​ឆ្លើយ​ដោយ​បាញ់​មីស៊ីល​ជា​ច្រើន​គ្រាប់​ទៅ​លើ​​មូលដ្ឋាន​ទ័ព​អាមេរិក ​២ ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ ដោយ​មិន​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​ ឬ​របួស​ទេ ​ជា​អ្វី​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​​ជា​កិច្ច​ប្រឹងប្រឹង​មួយ​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ភាព​តានតឹង​កើត​ឡើង​​​។​

ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​កង​ការពារ​បដិវត្តន៍​អ៊ីរ៉ង់​បាន​បាញ់​ទម្លាក់​យន្តហោះ​ដឹក​​អ្នក​ដំណើរ​អ៊ុយក្រែន​​​​ដោយ​ការ​ភាន់​ច្រឡំ​ ជា​អ្វី​ដែល​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​លោក ​ហាស្សាន​ រូហានី ​ហៅ​ថា​ជា​កំហុស​របស់​មនុស្ស​។

លោក ទ្រូដូ ក៏​បាន​ថ្លែង​ថា ​លោក​បាន​ដឹង​សារ​នោះ​យ៉ាង​ច្បាស់​ពី​ក្រុង វ៉ាស៊ីនតោន​អំពី​ការ​វាយ​ប្រហារ​ដ្រូន​ទៅ​លើ​លោក ​សូឡេម៉ានី​។

កាល​ពី​ចុង​សប្តាហ៍ ​លោក ​ទ្រូដូ ​បាន​ទាមទារ​ថា ​ប្រទេស ​អ៊ីរ៉ង់ គួរ​​បាន​ផ្តល់​ឲ្យ​ប្រទេស ​កាណាដា ​នូវ​​ការ​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​បាញ់​ទម្លាក់​យន្តហោះ​នោះ។

លោក​ប្រធានាធិបតី ​ហាស្សាន​ រូហានី ​បាន​សារភាព​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ថា ​យន្តហោះ​នោះ​ត្រូវ​បាន​​បាញ់​ទម្លាក់​ដោយ​មីស៊ីល​អ៊ីរ៉ង់​ដោយ​ការ​ភាន់​ច្រឡំ​៕ AFP/PSA​