ក្រុង​បាងកក៖​ គណបក្ស​ភឿ​ថៃ​ បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​លោក​នាយក​រដ្ឋមន្ត្រី ​ប្រាយុធ ​ចាន-អូចា​​ ត្រូវ​តែ​បញ្ជាក់​ឲ្យ​ច្បាស់​ថា ​រដ្ឋាភិបាល​មិន​នៅ​ពី​ក្រោយ​សុន្ទរកថា​ដ៏​ចម្រូង​ចម្រាស​របស់​ប្រមុខ​កងទ័ព​លោក​ឧត្តម​សេនីយ៍ Apirat Kongsompong ប្រឆាំង​នឹង​ការ​សិក្សា ​និង​កិច្ច​ការ​នយោបាយ​។ ​

អ្នក​នាំពាក្យ​គណបក្ស​ភឿ​ថៃ ​លោក ​បាន​ថ្លែង​ថា ​លោក​ឆ្ងល់​ថា ​តើ​លោក​ឧត្តមសេនីយ៍​ត្រូវ​បាន​ណែនាំ​ឲ្យ​​ថ្លែង​សុន្ទរកថា​របស់​លោក​ ដោយ​អ្នក​ណា​ម្នាក់​ ក្នុង​ជួរ​រដ្ឋាភិបាល​ ដើម្បី​បង្វែរ​ការ​ចាប់​អារម្មណ៍​របស់​សាធារណៈ​ចេញ​ពី​ប្រជាប្រិយភាព​ដែល​កំពុង​ធ្លាក់​ចុះ​របស់​រដ្ឋាភិបាល​ដែរ ​ឬ​យ៉ាង​ណា​?​ ​

លោក​ Anusorn ​បាន​ថ្លែង​ថា៖ ​«លោក​ឧត្តមសេនីយ៍ ​ប្រាយុធ ​ត្រូវ​តែ​បង្កើត​គណៈកម្មាធិការ​មួយ​ធ្វើ​ការ​​តាម​ដាន​បញ្ហា​នោះ ដើម្បី​ធានា​ចំពោះ​សាធារណជន​ថា ​រដ្ឋាភិបាល​នេះ​ មិន​បាន​ប្រើប្រាស់​កងទ័ព​ជា​ឧបករណ៍​នយោបាយ​ទេ ​ហើយ​ថា​កង​ទ័ព​នោះ​មិន​ព្យាយាម​គាំទ្រ​រដ្ឋាភិបាល​ ដើម្បី​ឲ្យ​បាត់បង់​អព្យាក្រឹតភាព​របស់​ខ្លួន​ទេ​»។

ជា​ការ​ឆ្លើយ​តប​នោះ​លោក​នាយក​រដ្ឋមន្ត្រី ​ប្រាយុធ​ ចាន-អូចា ​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​ជំរុញ​ឲ្យ​គណបក្ស​ទាំង​អស់​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ​ស្ថាបនា ​ខណៈ​សង្គ្រាម​ពាក្យ​សម្តី​រវាង​ប្រមុខ​កងទ័ព​ និង​គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ ​បន្ត​បង្ក​ឲ្យ​មាន​បញ្ហា​នោះ​។​

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ​បើ​គ្មាន​ការ​ចូលរួម​នយោបាយ​ស្ថាបនា​ទេ ​កំណែ​ទម្រង់​នយោបាយ​ក៏​មិន​អាច​បន្ត​ទៅ​មុខ​បាន​ដែរ​។ លោក​បាន​ថ្លែង​ទៀត​ថា៖ ​«​បច្ចុប្បន្ន​នេះ ​ប្រជាជន​អាច​បែង​ចែក​ ​[រវាង​ភាព​ត្រឹមត្រូវ​ និង​​កំហុស​ឆ្គង​បាន]​។ ​ប្រសិន​បើ​យើង​ធ្វើ​ការ​រួម​គ្នា​ទេ​ ​ប្រទេស​របស់​យើង​​នឹង​រីក​ចម្រើន​ខ្លាំង ​និង​ប្រកប​ដោយ​និរន្តរភាព​​ថែម​ទៀត​ផង​។ ទាំង​អ្នក​នយោបាយ​ជំនាន់​មុន​ និង​ជំនាន់​ក្រោយ​ ត្រូវ​តែ​ប្រឹងប្រែង​ធ្វើ​ការ​រួម​គ្នា​ទោះ​បី​មាន​នរណា​ម្នាក់​មាន​និន្នាការ​រិះគន់​ប្រទេស​របស់​ពួក​គេ​ផ្ទាល់​ដែល​នាំ​ឲ្យ​ពួក​គេ​រិះគន់​ខ្លួន​ពួក​គេ​ផ្ទាល់​ក្តី​»៕ BKP/PS