កាល​ពី​ថ្ងៃ​អង្គារ ទី ១៧ មីនា នាយករដ្ឋមន្ត្រី​ថៃ លោក ​ប្រាយុធ ចាន់-អូចា ជាមួយ​នឹង​សមាជិក​គណៈរដ្ឋមន្ត្រី​របស់​លោក​បាន​ចាក់​វ៉ាក់សាំង​កូវីដ ១៩ របស់​ក្រុមហ៊ុន AstraZeneca ក្នុង​ប្រទេស​ថៃ ខណៈ​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ព្យួរ​ការ​ចាក់​វ៉ាក់សាំង​នេះ រង់ចាំ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ករណី​កក​ឈាម​បន្ទាប់​ពី​ការ​ចាក់។

«មាន​មនុស្ស​ដែល​មាន​ការ​ព្រួយបារម្ភ» លោក ​ប្រាយុធ និយាយ​បន្ទាប់​ពី​​ការ​ចាក់​វ៉ាក់សាំង ហើយ​បន្ត​ទៀត​ថា៖ «ប៉ុន្តែ​យើង​ត្រូវ​តែ​ជឿ​លើ​ក្រុម​គ្រូពេទ្យ ជឿ​លើ​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​របស់​យើង»។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា លោក និង​រដ្ឋមន្ត្រី ១៥ រូប​ទៀត​មិន​ទទួល​រង​ផល​ប៉ះពាល់​ពី​វ៉ាក់សាំង​នេះ ហើយ​មាន​សភាព​ធម្មតា​ទាំង​អស់។

កាល​ពី​សប្ដាហ៍​មុន​ប្រទេស​ថៃ ​គឺ​ជា​ប្រទេស​ដំបូង​គេ​នៅ​ក្រៅ​ទ្វីបអឺរ៉ុប​ដែល​បាន​ផ្អាក​ប្រើ​វ៉ាក់សាំង AstraZeneca ជា​បណ្ដោះ​អាសន្ន។ ប្រទេស​ឥណ្ឌូនេស៊ី បាន​សម្រេច​ផ្អាក​ដែរ កាល​ពី​ថ្ងៃ​ចន្ទ​នេះ ដោយ​និយាយ​ថា ពួក​គេ​កំពុង​រង់ចាំ​របាយការណ៍​ពេញ​លេញ​ពី​អង្គការ​សុខភាព​ពិភព​លោក​ទាក់ទង​នឹង​ផលប៉ះពាល់​ដែល​អាច​កើត​មាន។

ប៉ុន្តែ​អាជ្ញាធរ​សុខាភិបាល​ថៃ​បាន​សម្រេច​ធ្វើ​ការ​ចាក់​វ៉ាក់សាំង AstraZeneca វិញ​ដោយ​លោក ​ប្រាយុធ និង​សមាជិក​គណៈ​រដ្ឋមន្ត្រី​របស់​លោក​ជា​បុគ្គល​ដែល​ទទួល​វ៉ាក់សាំង​នេះ​ដំបូង​គេ​ក្នុង​ប្រទេស​ថៃ។

ប្រទេស​មួយ​ចំនួន​ធំ​នៅ​អឺរ៉ុប ដែល​រួម​មាន​អាល្លឺម៉ង់ បារាំង ​អ៊ីតាលី និង​អេស្ប៉ាញ បាន​ផ្អាក​ការ​ចាក់​វ៉ាក់សាំង AstraZeneca បន្ទាប់​ពី​មាន​ការ​រាយការណ៍​អំពី​ការ​កក​ឈាម​ដែល​មាន​គ្រោះថ្នាក់​នៅ​ក្នុង​អ្នក​បាន​ទទួល​មួយ​ចំនួន​តូច។

ការ​ផ្អាក​នេះ​ធ្វើ​ឡើង​បើ​ទោះបី​ជា​ក្រុមហ៊ុន Astra Zeneca និង​និយតករ​អន្តរជាតិ​ដូចជា អង្គការ​សុខភាព​ពិភព​លោក (WHO) និង​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប (EMA) នៃ​សហភាព​អឺរ៉ុប​និយាយ​ថា ទិន្នន័យ​មិន​បាន​បង្ហាញ​ថា​វ៉ាក់សាំង​នេះ​បាន​បណ្តាល​ឱ្យ​មាន​កំណក​ឈាម​ហើយ​ប្រជាជន​គួរ​តែ​បន្ត​ទទួល​វ៉ាក់សាំង។ EMA នឹង​រៀបចំ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ធ្វើ​ការ​ពិភាក្សា​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​របស់​ពួក​គេ។

ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ពួក​គេ​នឹង​បន្ត​ទៅ​មុខ​ទៀត​ជាមួយ​នឹង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ​AstraZeneca។

នៅ​ប្រទេស​ហ្វីលីពីន អ្នក​នាំពាក្យ​ប្រធានាធិបតី​លោក Harry Roque បាន​និយាយ​ថា ប្រទេស​របស់​លោក​មិន​បញ្ឈប់​ការ​ប្រើប្រាស់​វ៉ាក់សាំង​នេះ​ទេ ពី​ព្រោះ​អត្ថប្រយោជន៍​មាន​ច្រើន​ជាង​ហានិភ័យ។ រហូត​មក​ដល់​ពេល​នេះ ប្រទេស​ហ្វីលីពីន ​បាន​ទទួល​វ៉ាក់សាំង AstraZeneca ចំនួន ៥២ ៥០០ ដូស ​ក្រោម​កម្មវិធី COVAX របស់ ​WHO ហើយ​ចាក់​បាន​ចំនួន ១២ ៧៨៨ ដូស។

«នៅ​មិន​ទាន់​មាន​ទិន្នន័យ​ច្បាស់លាស់​ដែល​បង្ហាញ​ថា ការ​កក​ឈាម គឺ​បណ្ដាល​មក​ពី AstraZeneca។ ប្រសិន​បើ​ទិន្នន័យ​បែប​នេះ​នឹង​ចេញ​មក ប្រហែល​ជា​យើង​ក៏​នឹង​បញ្ឈប់​ការ​ប្រើប្រាស់ AstraZeneca ដែរ» លោក Roque បាន​និយាយ​បែបនេះ ហើយ​បន្ត​ទៀត​ថា៖ «រហូត​មក​ដល់​ពេល​នេះ​អ្នក​ជំនាញ​របស់​យើង​កំពុង​និយាយ​ម្ដង​ទៀត​ថា ​អត្ថប្រយោជន៍​ដែល​យើង​ទទួល​បាន​ពី​ការ​ប្រើប្រាស់ AstraZeneca គឺ​ធំ​ជាង​ផល​ប៉ះពាល់​នៃ​វ៉ាក់សាំង​នេះ»។

រដ្ឋមន្ត្រី​សុខាភិបាល​អូស្ត្រាលី​លោក Greg Hunt បាន​និយាយ​ថា ប្រទេស​របស់​លោក​នឹង​មិន​បញ្ឈប់​ការ​ចាក់​វ៉ាក់សាំង​ទេ។ រហូត​មក​ដល់​ពេល​នេះ​ប្រទេស​អូស្ត្រាលី ​បាន​ចាក់​វ៉ាក់សាំង​នេះ​ដល់​ប្រជាជន ប្រមាណ ២០០ ០០០ នាក់ ​ហើយ​គ្រោង​នឹង​នាំចូល និង​ផលិត​វ៉ាក់សាំង​នេះ​ចំនួន ៧០ លាន​ដូស។

លោក Hunt បាន​ប្រាប់​រដ្ឋសភា​អូស្ត្រាលី​ថា៖ «រដ្ឋាភិបាល​ដាច់​ខាត​គាំទ្រ​ការ​ចែកចាយ​វ៉ាក់សាំង AstraZeneca ហើយ​មូលហេតុ ​គឺ​សាមញ្ញ​ណាស់ គឺ​ដោយសារ​វា (វ៉ាក់សាំង) ជួយ​សង្គ្រោះ​ជីវិត និង​ការពារ​អាយុ​ជីវិត ហើយ​ការ​សម្រេច​ចិត្ត​បែប​នេះ​ គឺ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​យោបល់​វេជ្ជសាស្ត្រ។

អ្នក​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca ធំជាង​គេ ​គឺ​ប្រទេស​ឥណ្ឌា។ ក្នុង​ចំណោម​ប្រជាជន​ជាង ២៥,៦ លាន​នាក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ដែល​បាន​ទទួល​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់ ១ ដង នោះ​មាន​មនុស្ស​ជាង ២៣,៤ លាន​នាក់​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង AstraZeneca នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល។

មន្ត្រី​សុខាភិបាល​ឥណ្ឌា​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា មាន​ព្រឹត្តិការណ៍​ប្រតិកម្ម​មិន​ល្អ​សរុប​ចំនួន ២៣២ ករណី បន្ទាប់​ពី​ការ​ទទួល​វ៉ាក់សាំង ​ក្នុង​នោះ​មាន​ករណី​ស្លាប់ ៧១ ករណី ប៉ុន្តែ​មិនមាន​ភ័ស្តុតាង​ថា វ៉ាក់សាំង​បាន​បង្ក​ឱ្យ​មាន​ហេតុការណ៍​ទាំង​នេះ​ទេ។

ក្រុមហ៊ុន AstraZeneca បាន​បង្កើត​មូលដ្ឋាន​សម្រាប់​ផលិត​វ៉ាក់សាំង​យ៉ាង​ធំ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក។

ក្រុមហ៊ុន AstraZeneca បាន​ធ្វើ​កិច្ច​សន្យា​ជាមួយ​នឹង​វិទ្យាស្ថាន​សេរ៉ូម​ឥណ្ឌា ដែល​ជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ធំ​ជាង​គេ​បើ​គិត​តាម​បរិមាណ​ផលិត ដើម្បី​ផលិត​វ៉ាក់សាំង​ពួកគេ​ចំនួន ១ ពាន់​លាន​ដូស ​សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍។ គិត​ត្រឹម​ថ្ងៃទី ៤ ខែមីនា វិទ្យាស្ថាន​សេរ៉ូម​ឥណ្ឌា​បាន​នាំចេញ​វ៉ាក់សាំង AstraZenecaជាង ៤៨,១ លាន​ដូស ដែល​ក្នុង​នោះ​មាន ១១,៩ លាន​ដូស​ផ្គត់ផ្គង់​ទៅ​កាន់ COVAX និង ២៨,៨ លាន​ដូស​ផ្សេង​ទៀត ​ជា​ការ​នាំចេញ​ពាណិជ្ជកម្ម។ វ៉ាក់សាំង​រាប់រយ​លាន​ដូស​ទៀត ​គឺ​នឹង​ផលិត​នៅ​អូស្ត្រាលី ជប៉ុន ថៃ និង​កូរ៉េខាងត្បូង។

យ៉ាងណា​មិញ រដ្ឋាភិបាល​ថៃ​បាន​បញ្ជា​ទិញ​វ៉ាក់សាំង AstraZeneca ចំនួន ៦១ លាន​ដូស ដែល​ភាគ​ច្រើន​នឹង​ផលិត​ក្នុង​ស្រុក​ដោយ​ក្រុមហ៊ុន Siam Bioscience របស់​ព្រះមហាក្សត្រ​ថៃ។ តែ​វ៉ាក់សាំង​ផលិត​ក្នុង​ស្រុក​នេះ​មិន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​សម្រាប់​ការ​ចាក់​រហូត​ដល់​ខែ​មិថុនា នៅ​ពេល​ដែល​ប្រទេស​ថៃ​ គ្រោង​នឹង​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​ខ្នាត​ធំ​របស់​ខ្លួន។ វ៉ាក់សាំង​ចាក់​ជូន​លោក ​ប្រាយុធ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​នាំចូល​វ៉ាក់សាំង AstraZeneca ចំនួន ១១៧ ៣០០ ដូស ​កាល​ពី​ដើម​ខែ​នេះ សម្រាប់​ការ​ប្រើប្រាស់​ក្នុង​គ្រាអាសន្ន។

ក្រៅពី​ AstraZeneca ប្រទេស​ថៃ​ ក៏​បាន​បញ្ជា​ទិញ​វ៉ាក់សាំង Coronavac របស់​ក្រុមហ៊ុន​ចិន​ចំនួន ២ លាន​ដូស​ផង​ដែរ។ មក​ដល់​ពេល​នេះ​ប្រទេស​ថៃ​ បាន​ទទួល​វ៉ាក់សាំង​ចិន​នេះ​ចំនួន ២០០ ០០០ ដូស ដោយ​វ៉ាក់សាំង​ចំនួន ៨០០ ០០០ ដូស​ទៀត​នឹង​មក​ដល់​ចុង​ខែ​នេះ ហើយ ១ លាន​ដូស​ទៀត​នឹង​មក​ដល់​នៅ​ខែមេសា។ កាល​ពី​ចុង​ខែ​កុម្ភៈ រដ្ឋបាល​ម្ហូប​អាហារ និង​ឱសថ​ថៃ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង Coronavac ក្នុង​គ្រាអាសន្ន៕