កាលពី​ថ្ងៃ​ចន្ទ ទី ១៩ មេសា នាយករដ្ឋមន្ត្រី​ថៃ​បានសម្រេច​ចិត្ត​ដកខ្លួន​ចេញពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​បញ្ជូន​រដ្ឋមន្ត្រី​ការបរទេស​ទៅ​ធ្វើ​ជា​តំណាង​ប្រទេស​ថៃ​នៅក្នុង​កិច្ចប្រជុំ​នេះ។ នេះ​បើ​យោងតាម​ការរាយការណ៍​របស់​សារព័ត៌មាន Bangkok Post ។

កិច្ចប្រជុំ​កំពូល​ពិសេស​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នឹង​ត្រូវ​កោះប្រជុំ​នៅ​រដ្ឋធានី​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃទី ២៤ មេសា ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​ដែល​កំពុង​កើតមានឡើង​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ការសម្រេចចិត្ត​នេះ​មិន​ត្រូវ​បាន​គេ​ដឹង​ពី​ហេតុផល​ជាក់លាក់​របស់​នាយករដ្ឋមន្ត្រី​ថៃ​ក្នុង​ការមិន​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​នេះឡើយ។ ចំពោះ​កិច្ចប្រជុំ​នាពេល​ខាងមុខ​នេះ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ​លោក Don Pramudwinai ព្រមទាំង​ជា​ឧបនាយករដ្ឋមន្ត្រី​ថៃ​ផង​នោះ នឹង​ចូលរួម​ជាមួយ​មេដឹកនាំ​អាស៊ីអាគ្នេយ៍​ដទៃទៀត​ ដើម្បី​ពិភាក្សា​ពី​ស្ថានភាព​នៅ​ប្រទេស​មីយ៉ាន់ម៉ា៕