កាលពីថ្ងៃអង្គារ ទី ២៣ មីនា នាយករដ្ឋមន្ត្រីអូស្ត្រាលីបានធ្វើការសុំទោសចំពោះការលើកឡើងរបស់លោកទាក់ទងនឹងករណីបំពានផ្លូវភេទនៅស្ថាប័នព័ត៌មានមួយ។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison ត្រូវបានគេចោទថា បានព្យាយាមបង្វែរសំណួររបស់អ្នកសារព័ត៌មានដែលបានចោទសួរទាក់ទងនឹងវប្បធម៌ការងារនៅក្នុងសភា។ លោក Morrison បានឆ្លើយតបទៅអ្នកសារព័ត៌មាននោះថា៖ «អ្នកត្រូវដឹងថា នៅក្នុងស្ថាប័នរបស់អ្នកមានអ្នកដែលបានដាក់ពាក្យបណ្តឹងពីការយាយីស្ត្រីនៅក្នុងបន្ទប់ទឹក ហើយបញ្ហានោះកំពុងត្រូវបានស្រាវជ្រាវដោយនាយកដ្ឋានធនធានមនុស្សរបស់អ្នក»។
ក្រោយពីលោកបានឆ្លើយតបទៅអ្នកសារព័ត៌មានរូបនោះហើយ ប្រធានស្ថាប័នសារព័ត៌មាន News Corp លោក Michael Miller បានបដិសេធការលើកឡើងរបស់លោក Morrison ដែលថា មានបណ្តឹងពីការយាយីស្ត្រីនៅក្នុងបន្ទប់ទឹកនៅស្ថាប័នសារព័ត៌មាន។