ក្រុងហ្ស៊េរុយសាឡិមៈ ការិយាល័យរបស់លោក បានឲ្យ ដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីន នេតានីយ៉ាហ៊ូ កាលពីថ្ងៃអាទិត្យបានជួបជាមួយប្រេសិតពិសេសអាមេរិក ដើម្បីពិភាក្សាអំពីបញ្ហាអ៊ីរ៉ង់ និងស៊ីរី។
លោកនេតានីយ៉ាហ៊ូ បានពិភាក្សាអំពីស្ថានការណ៍នៅក្នុងប្រទេសស៊ីរី និងកិច្ចប្រឹងប្រែងរួមដើម្បីបញ្ឈប់អំពើភេរវកម្ម និងការឈ្លានពានរបស់អ៊ីរ៉ង់ជាមួយប្រេសិតពិសេស US លោក James Jeffrey។
នៅមុនទស្សនកិច្ចមួយនេះក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា លោក Jeffrey ដែលត្រូវបានអមដំណើរដោយប្រេសិតពិសេសរបស់អាមេរិកប្រចាំនៅស៊ីរីលោក Joel Rayburn នឹងពិភាក្សាអំពីការរក្សាសន្តិសុខអ៊ីស្រាអែល ខណៈប្រឈមជាមួយនឹងសកម្មភាពបង្កអស្ថិរភាពរបស់អ៊ីរ៉ង់នៅ ទូទាំងតំបន់នេះ។
ក្រសួងការបរទេសនោះ បានឲ្យដឹងថា លោក Jeffrey និងលោក Rayburn នឹងធ្វើដំណើរទៅប្រទេសហ្ស៊កដានីនិងតួកគី ជាទីដែលពួកគេនឹងលើកឡើងពីគោលជំហររបស់អាមេរិក ប្រឆាំងនឹងការវាយប្រហារដោយយោធានៅក្នុងខេត្តអ៊ីដលីប។
យោងតាមក្រសួងការបរទេសបានឲ្យដឹងថា លោកទាំង២នឹងដោះស្រាយការចោទប្រកាន់មិនត្រឹមត្រូវរបស់រុស្ស៊ី ចំពោះផែនការរបស់អន្តរជាតិដើម្បីធ្វើការវាយប្រហារអាវុធគីមីនៅក្នុងប្រទេសស៊ីរីនៅក្នុងជំនួបរបស់ពួកគេ នៅទូទាំងតំបន់។ អ៊ីរ៉ង់បាននិងកំពុងគាំទ្រប្រធានាធិបតីស៊ីរីបាសារអាល់អាសាដ នៅក្នុងសង្គ្រាមស៊ីវិលនោះ៕